ឥណ្ឌូណេស៊ី៖ ព្រៃឈើ ជាង៧០ម៉ឺនហិកតា ត្រូវបំផ្លិចបំផ្លាញព្រោះជីកគាស់យករ៉ែ
- ថ្ងៃចន្ទ ទី៨ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង ៨:២៩ នាទី ព្រឹក

ទិដ្ឋភាពផ្ទៃព្រៃឈើ ត្រូវវាតទីយកដីចម្រាញ់រ៉ែធ្យូងថ្ម។ រូបថតឆ្នាំ២០២១ AFP - GALIH
ដោយ៖ហេង ឧត្តម/ RFI ខេមរភាសា
ឧស្សាហកម្មនីស្សារណកម្ម ចម្រាញ់យកធនធានរ៉ែធម្មជាតិ បានបង្កវិនាសកម្មព្រៃឈើយ៉ាងច្រើនសម្បើម នៅប្រទេសឥណ្ឌូណេស៊ី។ ឥណ្ឌូណេស៊ី ត្រូវរងការរិះគន់ជាថ្មីទៀត ពីសំណាក់អង្គការអាមេរិក ថាបានបំផ្លិចបំផ្លាញព្រៃឈើ រាប់សែនហិកតា ព្រោះសកម្មភាពជីកគាស់យករ៉ែ សំខាន់ៗ ដូចជា រ៉ែមាស ធ្យូងថ្ម និងនីកែល។ ក្រៅពីសកម្មភាពចម្រាញ់រ៉ែ ក៏នៅមានការកាប់ព្រៃដើម្បីដាំដូងប្រេង និងឈើដំណាំផ្សេងទៀត។

នៅឥណ្ឌូណេស៊ី យ៉ាងហោច ផ្ទៃព្រៃឈើ ប្រមាណ ៧២១ ០០០ ហិកតា ត្រូវកម្ទេចបំផ្លិចបំផ្លាញ ព្រោះតែសកម្មភាពចម្រាញ់ជីកគាស់កកាយយករ៉ែមានតម្លៃ ចន្លោះពេល ២ទសវត្សរ៍ចុងក្រោយនេះ ។ នេះបើយោងទៅតាមរបាយការណ៍របស់ The TreeMap ដែលជាអង្គការសហរដ្ឋអាមេរិក ធ្វើការជំនាញខាងការពារបរិស្ថានធម្មជាតិ។ អង្គការអាមេរិក១នេះ បានប្រើបច្ចេកវិទ្យាទំនើប ថតរូបពីផ្កាយរណប និងប្រៀបធៀបរូបភាពជាច្រើន ក្នុងរយៈ២០ឆ្នាំចុងក្រោយ នៅឥណ្ឌូណេស៊ី។
លទ្ធផលរបាយការណ៍សិក្សាអាមេរិក បានផ្សាយចេញនៅក្នុងសប្តាហ៍នេះ និងត្រូវបណ្តាញឃោសនាព័ត៌មានផ្សព្វផ្សាយយ៉ាងព្រោតព្រាត ហើយ ដោយបានលម្អិតថា ប្រភេទរ៉ែសំខាន់ៗ ដែលត្រូវចម្រាញ់យកនោះ មានរ៉ែធ្យូងថ្ម រ៉ែមាស សំណប៉ាហាំង និង នីកែល ជាដើម។ ការចម្រាញ់យកធនធានធម្មជាតិទាំងនោះ មកប្រើប្រាស់ច្រើន កាន់តែជំរុញក្តីបារម្ភខ្លាំងសម្រាប់ក្រុមអ្នកស្រឡាញ់បរិស្ថាន។ បង្កក្តីបារម្ភ ដ្បិតថា ឥណ្ឌូណេស៊ី នៅពឹងផ្អែកខ្លាំងនៅឡើយ ទៅលើថាមពលធ្យូងថ្ម ដើម្បីទ្រទ្រង់ដង្ហើមសេដ្ឋកិច្ច។ ទន្ទឹមនឹងគ្នានោះ សកម្មភាពរុករករ៉ែនីកែលនៅទីលានដែលបម្រុកស្តុកទុក ក៏កាន់តែលាតសន្ធឹងធំឡើងៗដែរ។ ក្នុងវិស័យរ៉ែនីកែល ក្រុមហ៊ុនចិនមានសកម្មភាពច្រើននិងធំជាងគេ គួរឲ្យកត់សម្គាល់ដែរ នៅឥណ្ឌូណេស៊ី។
ចំពោះសំណុំរឿងដ៏រស៊ើបនេះ ក្រសួងបរិស្ថានឥណ្ឌូណេស៊ី គ្មានការពន្យល់បកស្រាយអ្វីទាំងអស់ និងមិនឆ្លើយតបទៅនឹងសំណួររបស់អ្នកកាសែតអាអេហ្វប៉េ ដែលចង់សុំការបំភ្លឺ។
ចំណែក ទិន្នន័យបំផ្លាញខូចខាតព្រៃឈើ ថ្មីចុងក្រោយ ដែល អាជ្ញាធរឥណ្ឌូណេស៊ី បានបង្ហាញឲ្យដឹងជាសាធារណៈ បានត្រឹមតែបង្ហើបថា ព្រៃឈើឥណ្ឌូណេស៊ី ចំនួន ៧៣ ០០០ ហិកតា បានបាត់បង់ ចន្លោះពេល ឆ្នាំ២០២១-២០២២។ ប៉ុន្តែ រដ្ឋអំណាចឥណ្ឌូណេស៊ី ពុំបញ្ជាក់លម្អិតទេ ថាបាត់បង់ព្រៃឈើនោះ ព្រោះហេតុភេទអ្វី ឬព្រោះសកម្មភាពអ្វីឡើយ។ ហើយឯតួលេខនោះទៀតសោត គឺ ១០ដប់ តិចជាងរបាយការណ៍របស់ក្រុមអង្គការសង្គមស៊ីវិលខាងគាំពារបរិស្ថាន។
ក្នុងសប្តាហ៍នេះ អង្គការអាមេរិក The TreeMap បញ្ជាក់ថា នៅឥណ្ឌូណេស៊ី ការបំផ្លាញព្រៃឈើ ក្នុងសកម្មភាពចម្រាញ់ទាញយករ៉ែនេះ រាប់តាំងពីការកាប់ព្រៃ វាតទីដើម្បីដាក់សម្ភារៈគ្រឿងចក្រចម្រាញ់ ការជីកដីសម្រាប់ស្តុកទឹកប្រើក្នុងដំណើរការចម្រាញ់រ៉ែ ព្រមទាំងការកាប់បំផ្លាញព្រៃដើម្បីសាងផ្លូវនិងធ្វើលំនៅដ្ឋានសម្រាប់ក្រុមកម្មករនិងអ្នកជំនាញរ៉ែ។ សរុបទាំងអស់ ខូចខាតព្រៃប្រមាណ ៧២១ ០០០ ហិកតា ក្នុងនោះ ១៥០ ០០០ ហិកតា ជាគម្រប់ព្រៃឈើបរិសុទ្ធ (ជាព្រៃចាស់ពីដើម ដែលពុំធ្លាប់មានសកម្មភាពមនុស្សទៅរុករាន ពីមុនមក)។
ការសិក្សាពីសកម្មភាពបំផ្លាញព្រៃឈើរបស់ The TreeMap ស្រដៀងនឹងរបាយការណ៍សិក្សារបស់អង្គការការពារធនធានធម្មជាតិ WWF កាលពីឆ្នាំទៅមិញ។ WWF ក៏បានចេញរាយការណ៍ថ្កោលទោសប្រទេសឥណ្ឌូណេស៊ី ថាជាប្រទេសមួយដែលរងការបំផ្លិចបំផ្លាញព្រៃឈើដ៏ខ្លាំងសម្បើម ចន្លោះពីឆ្នាំ២០០១ និង២០២០ ព្រោះតែសកម្មភាពចម្រាញ់យករ៉ែ៕
© រក្សាសិទ្ធិដោយ thmeythmey.com