Ronaldo ត្រឡប់ទៅសម្រាកលំហែនៅផ្ទះឯព័រទុយហ្កាល់ ក្រោយខកចិត្តនៅ Euro 2024
  • ថ្ងៃចន្ទ ទី៨ ខែកក្កដា ឆ្នាំ២០២៤ ​​ ម៉ោង ៨:២៩ នាទី យប់
Ronaldo ត្រឡប់ទៅសម្រាកលំហែនៅផ្ទះឯព័រទុយហ្កាល់ ក្រោយខកចិត្តនៅ Euro 2024

តារាបាល់ទាត់ Cristiano Ronaldo បានវិលត្រឡប់ទៅសម្រាកលំហែកាយនៅផ្ទះរបស់គេស្ថិតក្នុងប្រទេសព័រទុយហ្កាល់ ក្រោយខកចិត្តធ្លាក់ចេញពី UEFA Euro 2024ត្រឹមវគ្គ ៨ក្រុមចុងក្រោយ ក្រោមថ្វីជើងបារាំង។ ធ្លាក់ទាំងមិនអស់ចិត្ត ប្រធានក្រុមវ័យ ៣៩ឆ្នាំ យល់ថាព័រទុយហ្កាល់គួរទទួលបានសមិទ្ធផលច្រើនជាងនេះ។
TTN-Free-Banner-In-Article-PC


នៅលើការបង្ហោះវីដេអូក្នុងបណ្តាញសង្គម Instagram មិត្តស្រីរបស់ Ronaldo បានសរសេរ សារភ្ជាប់ទៅនឹងវីដេអូនោះ ដូច្នេះថា៖«ស្វាគមន៍មកកាន់ផ្ទះវិញ មនុស្សជាទីស្រលាញ់របស់ខ្ញុំ។»។
 
ដោយឡែក ក្រោយពេលក្រុមព័រទុយហ្កាល់ធ្លាក់ចេញពីការប្រកួត Euro 2024 មិនបានរយៈពេល ២៤ម៉ោងផងនោះ តារាបាល់ទាត់វ័យ ៣៩ឆ្នាំ បានបង្ហោះសារនៅលើបណ្តាញសង្គមរបស់ខ្លួន បង្ហាញពីការមិនអស់ចិត្តដែលក្រុមបរាជ័យត្រឹមវគ្គ ៨ក្រុមចុងក្រោយ។ ព័រទុយហ្កាល់ចាញ់ការទាត់បាល់កាត់សេចក្តី ១១ម៉ែត្រ លទ្ធផល ៥-៣ ក្រោមថ្វីជើងបារាំង។
  


«យើងចង់បានអ្វីលើសនេះ យើងស័ក្តិសមទទួលបានលទ្ធផលល្អជាងនេះ សម្រាប់យើង សម្រាប់អ្នកគាំទ្រទាំងអស់ សម្រាប់ព័រទុយហ្កាល់។ យើងពិតជាសាទរចំពោះអ្វីគ្រប់យ៉ាងដែលអ្នកទាំងអស់គ្នាបានផ្តល់មកកាន់យើង ហើយនិងសម្រាប់អ្វីដែលយើងត្រូវតែទទួលបាន។ ខ្ញុំសង្ឃឹមថាទាំងក្នុងនិងក្រៅទីលាន ខ្ញុំប្រាកដចិត្តណាស់ថាកេរ្តិ៍ដំណែលមួយនេះនឹងបន្តស្ថិតនៅ ហើយក៏នឹងបន្តកសាងកាន់តែខ្លាំងឡើងថែមទៀងទាំងអស់គ្នា។»។ នេះបើតាមការបង្ហោះរបស់ Ronaldo នៅលើបណ្តាញសង្គម។
 
លេងឱ្យព័រទុយហ្កាល់ក្នុង Euro 2024 ចំនួន ៥ប្រកួត ដែលជាការបង្ហាញខ្លួនលើកទី៦ របស់អតីតកីឡាករក្រុម Real Madrid និង Manchester United កីឡាករវ័យចំណាស់រូបនេះមិនអាចស្វែងរកគ្រាប់បាល់ស៊ុតបញ្ចូលទីបានសូម្បីតែ ១គ្រាប់ ខណៈបានត្រឹមបញ្ជូនបាល់ ២គ្រាប់ប៉ុណ្ណោះ។ Ronaldo មិនអាចបំបែកកំណត់ត្រាបានជាកីឡាករដែលស៊ុតបាល់នៅរាល់ការបង្ហាញខ្លួនក្នុងពានអឺរ៉ុបទាំង ៦លើក របស់គេ។
 
យ៉ាងណាមកដល់ពេលនេះ បញ្ហាអនាគតក្រុមជម្រើសជាតិ របស់តារាបាល់ទាត់វ័យចំណាស់នៅមិនទាន់មានភាពច្បាស់លាស់នៅឡើយ ខណៈមនុស្សជាច្រើនបានគិតថាកីឡាករវ័យ ៣៩ឆ្នាំ នឹងគ្មានវត្តមានទៀតឡើយក្នុងព្រឹត្តិការណ៍ Euro នៅ ៤ឆ្នាំ បន្ទាប់។ អំឡុងការប្រកួត Euro 2024 Ronaldo ក៏ត្រូវបានគេរាយការណ៍ រូបគេចង់បន្តលេងឱ្យព័រទុយហ្កាល់រហូតដល់ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០២៦៕

អ្នកសរសេរអត្ថបទ

អ្នក​យកព័ត៌មាន​កីឡា

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ជា យូគៀង