អេស្ប៉ាញទម្រង់លេងល្អខ្លាំងវាយបក ឈ្នះបារាំង ២-១ ឡើងទៅដណ្តើមពាន Euro 2024
- ថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង ៣:៥៥ នាទី យប់

ក្រុមជម្រើសជាតិអេស្ប៉ាញឡើងវគ្គផ្តាច់ព្រ័ត្រលើកទី៥ ប្រចាំប្រវត្តិសាស្រ្ត ក្រោយពេលបានប្រកួតវាយបកយកឈ្នះលើបារាំងដោយលទ្ធផល ២-១ នៅក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Euro 2024 រាត្រីឈានចូលថ្ងៃទី១០ ខែកក្កដា។ អេស្ប៉ាញបន្តរក្សាកំណត់ត្រាឈ្នះការប្រកួត ១០០ភាគ ក្នុងការប្រកួត Euro 2024 ក្នុងប្រទេសអាល្លឺម៉ង់ ស្របពេលក៏ខិតជិតធ្វើបានកំណត់ត្រាឈ្នះរហូតនេះ ដូចកាលពួកគេធ្លាប់ធ្វើបានកាលឆ្នាំ ២០០៨។

ការប៉ះគ្នារវាងគីឡូធ្ងន់ប្រចាំទ្វីបអឺរ៉ុប អេស្ប៉ាញ និងបារាំង ស្ថិតក្នុងកីឡដ្ឋាន Allianz Arena បានធ្វើឱ្យមានភាពភ្ញាក់ផ្អើលជាច្រើនកើតឡើងនៅត្រឹមការប្រកួតវគ្គទីមួយ។ នៅដើមវគ្គក្រុមអេស្ប៉ាញបង្ហាញទម្រង់លេងល្អដូចកាលពីវគ្គមុនៗ ទោះអវត្តមានកីឡាករខ្សែការពារសំខាន់មួយចំនួន ចំណែកបារាំងក៏មិនបន្ធូរបន្ថយដៃសម្រាប់គូប្រកួតដូចគ្នាដែរ។
អេស្ប៉ាញនៅដើមវគ្គវាយសម្រុកខ្លាំង ប៉ុន្តែភ្លាត់ស្នៀតពីការវាយបកដ៏លឿនរបស់បារាំង ហើយរបូត ១គ្រាប់ នៅនាទី៩ ពីការតែតបាល់ដ៏ពូកែរបស់កីឡាករខ្សែប្រយុទ្ធ Kolo Muani ពីការបញ្ចូលយ៉ាងល្អពីសំណាក់ប្រធានក្រុម Kylian Mbappe។ នាំអេស្ប៉ាញ ១គ្រាប់មុន ហាក់បីដូចជាបង្កើតឱ្យកម្តៅនៃការប្រកួតកាន់តែកើនឡើង អេស្ប៉ាញមិនអស់ចិត្តបើកការសម្រុកកាន់តែខ្លាំងឡើងលើបារាំងវិញ និងពង្រឹងនៅត្រង់ចំណុចខ្វះខាតដែលធ្វើឱ្យរបូតគ្រាប់។
ការតាំងចិត្តរបស់អេស្ប៉ាញពិតជាធ្វើបានជោគជ័យ ដោយនៅនាទី២០ កីឡាករវ័យក្មេងត្រឹមតែ ១៦ឆ្នាំ Lamine Yamal បានស៊ុតបាល់បញ្ចូលទៅយ៉ាងស្អាតពីលើតំបន់ប្រអប់គ្រោះថ្នាក់ តាមស្មើ ១-១ មកវិញ។ Yamal បានក្លាយជាកីឡាករវ័យក្មេងបំផុតប្រចាំព្រឹត្តិការណ៍ Euro ដែលស៊ុតបញ្ចូលទី ត្រឹមវ័យ ១៦ឆ្នាំ និង ៣៦២ថ្ងៃ ថែមទាំងជាកីឡាករក្មេងជាងប្រចាំព្រឹត្តិការណ៍បាល់ទាត់ដែលបានស៊ុតបញ្ចូលទីក្នុងការប្រកួតពានរង្វាន់អន្តរជាតិ។
តាមស្មើបានត្រឹមតែ ៥នាទី ប៉ុណ្ណោះ អេស្ប៉ាញដែលបន្តសម្រុកកាន់តែខ្លាំង ក៏មានឱកាសរកបានគ្រាប់បាល់វាយបកនាំមុខវិញ នៅនាទី២៥ ពីការគ្រប់គ្រងបាល់យ៉ាងល្អរបស់កីឡាករ Dani Olmo ឆ្លងកាត់ខ្សែការពារ ហើយស៊ុតបញ្ចូលទីទៅចំជើងកីឡាករ Jules Kounde។ គ្រាប់បាល់ទី២ របស់អេស្ប៉ាញបានផ្តល់ទៅឱ្យកីឡាករ Olmo ទោះចំជើងខ្សែការពារបារាំងចូលទីខ្លួនឯងក៏ដោយ។ លទ្ធផល ២-១ បានរក្សារហូតដល់ចប់ការប្រកួតក្នុងវគ្គទីមួយ ពីការសម្រុកគ្នាចុះឡើង មិនថមថយកម្លាំងនៃក្រុមទាំងពីរ។
ឈានចូលការប្រកួតវគ្គទីពីរ បារាំងបង្កើនការបុកសម្រុកសន្ធាប់លើអេស្ប៉ាញ ដើម្បីស្វែងរកគ្រាប់បាល់តាមស្មើការប្រកួតមកវិញ ប៉ុន្តែអេស្ប៉ាញ ក៏កាន់តែទប់ទល់ខ្លាំងមិនឱ្យរបូតឱកាសនាំមុខដោយងាយៗនោះឡើយ។ អេស្ប៉ាញចូលវគ្គទីពីរ ទោះមិនសូវមានឱកាសច្រើនទៅកាន់តំបន់មុខប្រអប់ទីរបស់បារាំង ប៉ុន្តែពួកគេក៏កាន់តែព្យាយាមរត់ប្រដេញតាមដណ្តើមបាល់នៅពេលដែលបារាំងគ្រប់គ្រងបាល់ ដែលជាការសម្ពាធដ៏ល្អនិងការពន្យាពេលការប្រកួតឱ្យកាន់តែយូ។
បារាំងមានឱកាស ១លើក ជា ២លើក នៅដើមវគ្គទីពីរ ប៉ុន្តែហាក់បីមិនសូវជាមានសំណាងនោះទេ ដើម្បីបញ្ចប់ទី ហើយការផ្លាស់ប្តូរកីឡាករមួយចំនួន ធ្វើឱ្យបារាំងមិនសូវជាយល់ចិត្តគ្នា។ ការប្រកួតវគ្គទីពីរ កាន់តែអូសបន្លាយពេលវេលា ខណៈការប្រកួតខ្សត់គ្រាប់បាល់ស៊ុតបញ្ចូលទីគ្នា បន្ទាប់ពីការកើតឡើង ៣គ្រាប់ កាលវគ្គទីមួយមក។ ទាំងបារាំង និងអេស្ប៉ាញពាក់កណ្តាលវគ្គទីពីរ មានការផ្លាស់ប្តូរកីឡាករតំបន់ប្រយុទ្ធ និងបម្រើចូលកាន់តែច្រើន ដើម្បីបន្ថែមកម្លាំងក្នុងសម្រុកគ្នា ប៉ុន្តែលទ្ធផល ២-១ អេស្ប៉ាញនៅតែរក្សាជាប់ជានិច្ច។
អេស្ប៉ាញ បញ្ចប់ការប្រកួតឈ្នះបារាំង ដើម្បីកក់កៅអីវគ្គផ្តាច់ព្រ័ត្រ ជាលើកទី៥ ប្រចាំប្រវត្តិសាស្ត្រ Euro ដោយត្រូវអង្គុយរង់ចាំក្រុមដែលឈ្នះការប្រកួតរវាងអង់គ្លេស ទល់ហូឡង់៕
អ្នកសរសេរអត្ថបទ
អ្នកយកព័ត៌មានកីឡា

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:
ព័ត៌មានពេញនិយម
-
៤ ថ្ងៃ