
អាកាសធាតុនៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែកក្កដានេះ ចុះត្រជាក់ និងមានទាំងអព្ភផងដែរ។ មកទល់ម៉ោងប្រមាណ១០ព្រឹកនេះ គឺផ្ទៃមេឃស្រអាប់ដែលហ៊ុព័ទ្ធទៅដោយពពកពណ៌ស។

បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី១០ ដល់១២ ខែកក្កដា តំបន់វាលទំនាបរបស់កម្ពុជាដូចជា រាជធានីភ្នំពេញ ខេត្តកណ្តាល បន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង មានសីតុណ្ហាភាពមធ្យមអប្បបរមា ២៣អង្សា ទៅ៣៣អង្សា។ រាជធានី-ខេត្តទាំងនេះ អាចមានភ្លៀងធ្លាក់ ជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់គ្របដណ្តប់លើផ្ទៃដី២២ភាគរយ។
ជាមួយគ្នានៅតំបន់ខ្ពង់រាប ដូចជាខេត្តឧត្តរមានជ័យ ប៉ៃលិន កំពង់ស្ពឺ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់ ជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់គ្របដណ្តប់លើផ្ទៃដី១០ភាគរយ។ ក្រសួងធនធានទឹក បានបញ្ជាក់ថា តំបន់មាត់សមុទ្រ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ នេះ អាចមានភ្លៀងធ្លាក់ ជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់គ្របដណ្តប់លើផ្ទៃដី១៥ភាគរយ៕







© រក្សាសិទ្ធិដោយ thmeythmey.com