បេឡារុសនិង​ចិន​ ធ្វើសមយុទ្ធប្រឆាំងភេរវកម្មនៅក្បែរព្រំដែនប៉ូឡូញ
  • ថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ២០២៤ ​​ ម៉ោង ៩:២៩ នាទី យប់
បេឡារុសនិង​ចិន​ ធ្វើសមយុទ្ធប្រឆាំងភេរវកម្មនៅក្បែរព្រំដែនប៉ូឡូញ
បេឡារុសនិង​ចិន​ ធ្វើសមយុទ្ធប្រឆាំងភេរវកម្មនៅក្បែរព្រំដែនប៉ូឡូញ © Міністерство оборони Республіки Білорусь / Telegram

ដោយ៖អៀង សុខម៉ិញ (RFI ខេមរភាសា)
 
បេឡារុស​-ចិន បាន​បើក​សមយុទ្ធរួម​គ្នា ​នៅ​​ថ្ងៃ​ចន្ទទី​៨​ កក្កដា២០២៤ នៅក្នុងមូលដ្ឋាន​ហ្វឹកហាត់មួយ​របស់​​បេឡារុស ដែល​ស្ថិត​នៅ​ចម្ងាយ​តែ​ប៉ុន្មាន​គីឡូម៉ែត្រ​ពី​​ប៉ូឡូញប្រទេស​តែ​ប៉ុណ្ណោះ។ ​​សមយុទ្ធ​ទ្វេភាគី​នៅ​ជាប់​របងខាង​កើត​បំផុត​របស់​​អូតង់​នេះ ​ប្រព្រឹត្ត​ទៅជួន​​ចំពេល​អង្គការ​សម្ព័ន្ធ​អាត្លង់ទិក​បើក​ជំនួប​កំពូល​នៅ​ថ្ងៃ​អង្គារ​នេះ នៅទីក្រុង​វ៉ាស៊ីនតោន​តែ​ម្តង។
TTN-Free-Banner-In-Article-PC
 
ប្រឈម​នឹង​ស្ថានការណ៍​ពិភពលោក​គួរ​ឱ្យ​ព្រួយ​បារម្ភ ចិន​និង​បេឡារុស​បាន​បើក​ធ្វើ​សមយុទ្ធ​ទ្វេភាគី ដើម្បី​​ហ្វឹក​ហាត់​ អំពី​វិធីសាស្ត្រនិង​តាកទិក​យោធា​ថ្មីៗ។​ ជា​លំហាត់សឹក​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម ដឹកនាំ​ដោយ​ក្រុម​យោធា​បេឡារុស​និង​ចិន ដោយ​មាន​បញ្ចូលប្រតិបត្តិការ​​ចុះ​ថត​នៅពេល​យប់ និងចេញ​ធ្វើ​ប្រតិបត្តិការ​នៅក្នុង​តំបន់​មាន​មនុស្ស​រស់​នៅ​ផ្តុំ​គ្នា​ច្រើន​ផង។ នេះ​បើ​តាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការពារ​ជាតិ​បេឡារុស ដែល​មាន​ផ្សព្វផ្សាយ​តាម​បណ្តាញ​តេឡេក្រាម ដោយ​ពុំ​បញ្ជាក់​ទេ​ថា​តើ​មាន​ទាហាន​ប៉ុន្មាន​នាក់​ចូល​រួម​ធ្វើ​សមយុទ្ធ​នេះ។
 
​ចំណែក​ខាង​ចិន​វិញ នៅក្នុង​សេចក្តី​ថ្លែងការណ៍​ក្រសួងការពារ​ជាតិបានត្រឹម​​លើក​សរសើរ​ ពិធី​​ទទួល​ស្វាគមន៍​ទាហាន​​ចិនដែល​បាន​ទៅ​ដល់​ប្រទេស​បេឡារុស​ តាំង​ពី​ថ្ងៃទី ៦កក្កដា ដើម្បី​ធ្វើ​សមយុទ្ធបង្កើន​សមត្ថភាព​និង​​ពង្រីក​កិច្ចសហប្រតិបត្តិការ​​​យោធា​រវាង​គ្នា។
 
អ្វី​ដែល​គួរ​ឱ្យ​កត់​សម្គាល់​បំផុត​នោះ គឺ​ជម្រើស​ទី​តាំង និង​ពេល​វេលា​នៃ​​សមយុទ្ធ។ ចាប់​ផ្តើម​ពី​​​ថ្ងៃ​ទី ៨ ​រហូត​ដល់​ថ្ងៃ​ទី​១៩កក្កដា សមយុទ្ធ​ចិន-បេឡារុស​ប្រព្រឹត្ត​ទៅ​នៅ​​ក្នុង​ជំរំ​ហ្វឹកហ្វឺន​ នា​ភាគ​ខាង​និរតី​នៃ​ប្រទេសបេឡារុស និង​ក្នុង​ចម្ងាយ​ប្រមាណ​តែ​ប៉ុន្មាន​គីឡូម៉ែត្រ​​ប៉ុណ្ណោះ​ពី​ព្រំដែន​ប៉ូឡូញ​ ដែលជា​តំណាង​​​របង​ខាង​កើត​បំផុតរបស់​អង្គការ​សម្ព័ន្ធ​អាត្លង់ទិក(អូតង់)។ ហើយ​នៅ​ថ្ងៃនេះ ​សមាជិក​អូតង់​ទាំងអស់ ត្រូវ​ជួប​ជុំ​គ្នា​ក្នុង​ជំនួប​កំពូល​នៅទីក្រុង​វ៉ាស៊ីនតោន ដើម្បី​ពិភាក្សា​អំពី​ការ​ផ្តល់​ជំនួយ​យោធា​និង​ហិរញ្ញវត្ថុ​បន្ថែម​ដល់​អ៊ុយក្រែន ដែល​កំពុង​មាន​សង្គ្រាម​ជាមួយ​រុស្ស៊ី។
 
បេឡារុស​ធ្លាប់​បាន​អនុញ្ញាត​ឱ្យ​រុស្ស៊ី​ប្រើប្រាស់​ទឹក​ដី​របស់​ខ្លួន​ជាមូលដ្ឋានទ័ព​​មួយ​សម្រាប់​បើក​ប្រតិបត្តិការ​យោធា​ពិសេស​វាយលុក​​លើ​ក្រុង​កៀវ កាលពីខែ​កុម្ភៈ​២០២២ ដែល​ក្រុម​បស្ចិម​លោក​ចាត់​ទុក​ជា​ទង្វើ​ឈ្លានពានរបស់​រុស្ស៊ី​លើ​អ៊ុយក្រែន។ ថ្ងៃ​នេះ ​នៅក្នុង​សារ​ដាច់​ដោយ​ឡែកទៀត​ ក្រសួង​ការពារ​ជាតិ​បេឡារុស បាន​បន្ទោស​​ថាអូតង់បង្កើន​​វត្តមាន​យោធា​កាន់​តែ​ច្រើន​ឡើង​នៅតាម​ព្រំ​ដែន​ជាមួយ​បេឡារុស ទើបបេឡារុស​ត្រូវ​​ប្រើ​គ្រប់​លទ្ធភាព​​រារាំង​។ បើ​នរណា​ហ៊ាន​ឆ្លង​ព្រំដែន​នឹង​រង​ការ​ព្រមាន​ធ្ងន់​ហើយ៕
 

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

Other