អង់គ្លេស ឬហូឡង់ ឡើងទៅជួបអេស្ប៉ាញ វគ្គផ្តាច់ព្រ័ត្រ
  • ថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ២០២៤ ​​ ម៉ោង ៥:៥៩ នាទី ល្ងាច
អង់គ្លេស ឬហូឡង់ ឡើងទៅជួបអេស្ប៉ាញ វគ្គផ្តាច់ព្រ័ត្រ

ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអង់គ្លេស នឹងត្រូវតតាំងហូឡង់នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដើម្បីប្រជែងកៅអីទៅកាន់វគ្គផ្តាច់ព្រ័ត្រ UEFA Euro 2024 ដែលអេស្ប៉ាញ រង់ចាំរួចស្រេច។
TTN-Free-Banner-In-Article-PC


មុនជួបគ្នាវគ្គ១/២ផ្តាច់ព្រ័ត្រនៅកីឡដ្ឋាន ក្រុង Dortmund នៅរាត្រីថ្ងៃទី១០ ខែកក្កដា វេលោម៉ោង ២អាធ្រាត្រ តោកំណាចអង់គ្លេសបានទម្លាក់ស្វ៊ីសនៅវគ្គ៨ក្រុមចុងក្រោយ ដោយបាល់កាត់ក្តី១១ម៉ែត្រ ស្របពេលហូឡង់ឈ្នះតួកគី ២-១។
 
ជំនួបទល់ស្វីស អាចថាជាការប្រកួតដ៏លំបានសម្រាប់អង់គ្លេស ដោយសារកីឡាករត្រូវធ្វើការងារធ្ងន់រហូត១២០នាទី មុនទាត់បាល់១១ម៉ែត្រ។ យ៉ាងណាក៏ដោយ ​ក្រុម​ដែលដឹកនាំដោយគ្រូបង្វឹកលោក Gareth Southgate បាន​បង្ហាញ​ពី​ភាព​អត់​ធ្មត់ ជាមួយការប្តូរប្រព័ន្ធលេងនៅតំបន់ការពារតែ៣រូប។ លោក Southgate យល់ថា ប្រព័ន្ធនេះហាក់ដូចជាមានប្រសិទ្ធភាពជាង ការប្រកួតមុនៗនៅវគ្គចែកពូល និង១៦ក្រុមចុងក្រោយ ដែលប្រើខ្សែការពារ៤។
 
ប៉ុន្តែ នៅពេលកីឡាករមួយចំនួនត្រឡប់ពីរបួស និងបញ្ចប់ការជាប់ពិន័យដែលរួមមានខ្សែការពារស្លាបឆ្វេង Luke Show និងខ្សែការពារកណ្តាល Marc Guéhi ផង តើ Southgate នឹងប្រើតំបន់ការពារ៤នាក់ឡើងវិញឬយ៉ាងណា ពេលជួបហូឡង់?
 
ដោយឡែក ក្រុមរហស្សនាមទឹកក្រូចឯណោះវិញ មុនឈានទៅជួបអង់គ្លេសនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ ពួកគេសុទ្ធតែឈ្នះលើគូប្រជែងដោយគ្រាប់បាល់ជ័យជម្នះនៅម៉ោង៩០នាទីទាំងអស់ គិតចាប់ពីវគ្គ១៦ក្រុមចុងក្រោយមក។ 
 
ហូឡង់ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Ronald Koeman មិនមានកីឡាករជាប់ពិន័យ និងរបួសនោះឡើយ ខណៈអង់គ្លេសក៏ដូចគ្នា។ តើហូឡង់ ឬអង់គ្លេស បានកៅអីទៅជួបក្រុមឈ្នះ១០០ភាគរយអេស្ប៉ាញនៅវគ្គផ្តាច់ព្រ័ត្រជើងឯកអឺរ៉ុប ឆ្នាំ២០២៤ ដែលរៀបចំនៅអាល្លឺម៉ង់?

អ្នកសរសេរអត្ថបទ

មុំ ពិទូរ្យ ការីនិពន្ធព័ត៌មាន​កីឡា​។​ ​ ​​​

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

មុំ ពិទូរ្យ