កូឡុំប៊ី ទម្លាក់អ៊ុយរូហ្កាយ ឡើងជួបអាហ្សង់ទីន វគ្គផ្តាច់ព្រ័ត្រជើងឯកទ្វីបអាម៉េរិក
- ថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង ៩:៥៩ នាទី ព្រឹក

កូឡុំប៊ី ឡើងទៅជួបក្រុមការពារតំណែងជើងឯក អាហ្សង់ទីន វគ្គផ្តាច់ព្រ័ត្រ Copa America ឆ្នាំ២០២៤ ក្រោយទម្លាក់អ៊ុយរូហ្កាយ ដោយលទ្ធផល ១-០ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

នៅជំនួបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងឯកទ្វីបអាម៉េរិក នៅព្រឹកថ្ងៃទី១១ ខែកក្កដា Jefferson Lerma បានសម្រេចគ្រាប់បាល់ ឱ្យកូឡុំប៊ីនៅនាទី៣៩ តាមរយៈការបញ្ជូនរបស់ប្រធានក្រុម James Rodríguez។ បើទោះជាវគ្គទី២ កូឡុំប៊ីសល់គ្នា១០នាក់ ប៉ុន្តែអ៊ុយរូហ្កាយ នៅតែមិនអាចទម្លុះសំណាញ់ទីរបស់អ្នកចាំទី Camilo Vargas ដោយលទ្ធផល ១-០ រក្សារហូតដល់ចប់ការប្រកួត។
ជ័យជម្នះនេះ បានជួយកូឡុំប៊ី ឡើងទៅដណ្តើមជើងឯក Copa America ជាមួយអាហ្សង់ទីន នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ៧ព្រឹក [ម៉ោងនៅកម្ពុជា]។ នេះក៏ជាលើកដំបូងដែរ ដែលក្រុមទាំងពីរជួបគ្នា នៅវគ្គផ្តាច់ព្រ័ត្រជើងឯកអាម៉េរិក។
នេះជាការឈានដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ប្រចាំទ្វីបអាម៉េរិកជាលើកទី៣របស់កូឡុំប៊ី ដោយលើកដំបូងនៅឆ្នាំ ១៩៧៥ តែទទួលបានត្រឹមរងជើងឯកក្រោយចាញ់ប៉េរូ ២-០។ កូឡុំប៊ី គ្រងជើងឯក នៅឆ្នាំ២០០១ ដោយយកឈ្នះម៉ិកស៊ិក ១-០។
ដោយឡែកអាហ្សង់ទីន ត្រូវការពារតំណែងជើងឯករបស់ខ្លួន និងស្វែងរកបានការឈ្នះលើកទី៣ ក្រោយលើកពានលើកដំបូងនៅឆ្នាំ១៩៩៣ និងលើកទី២ នៅឆ្នាំ២០២១។ អាហ្សង់ទីន ធ្លាប់រងជើងឯក Copa America ដល់ទៅ៤លើកឯណោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com