តើអង្គការ​ណាតូ​​សន្យា​អ្វីខ្លះ​ចំពោះ​អ៊ុយក្រែន ​ក្នុង​កិច្ចប្រជុំ​កំពូល​នៅ​អាម៉េរិក?
  • ថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៤ ​​ ម៉ោង ១:៥៩ នាទី រសៀល
តើអង្គការ​ណាតូ​​សន្យា​អ្វីខ្លះ​ចំពោះ​អ៊ុយក្រែន ​ក្នុង​កិច្ចប្រជុំ​កំពូល​នៅ​អាម៉េរិក?
លោក វ៉្លាឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន។ រូបភាព ៖ AFP

កញ្ចប់ថវិកាយ៉ាងហោចណាស់ ៤០ពាន់លានអឺរ៉ូ ការផ្តល់ប្រព័ន្ធការពារដែនអាកាសនិងខែល ការផ្ទេរយន្តហោះចម្បាំង F-16  សុទ្ធតែស្ថិតក្នុងចំណោមការប្តេជ្ញាចិត្តរបស់ណាតូ ចំពោះអ៊ុយក្រែននៅក្នុងកិច្ចប្រជុំកំពូលនៅអាម៉េរិក។
TTN-Free-Banner-In-Article-PC
 
នៅឯកិច្ចប្រជុំកំពូលរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) នាទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃទី១០ ខែកក្កដា ប្រទេសសមាជិកនៃសម្ព័ន្ធភាពនេះបានសន្យាជួយគាំទ្រអ៊ុយក្រែនដូចដែលអគ្គលេខាធិការណាតូ លោក Jens Stoltenberg បានហៅថាកញ្ចប់ជំនួយដ៏សំខាន់។ តើ​អង្គការ​ណាតូ​បាន​ប្តេជ្ញាអ្វីខ្លះ​ចំពោះ​អ៊ុយក្រែន​ក្នុង​កិច្ចប្រជុំ​កំពូល​នេះ? 
 
ការផ្គត់ផ្គង់សព្វាវុធ
 
ណាតូនឹងទទួលភារៈធំជាងអាម៉េរិកក្នុងការសម្របសម្រួលការបណ្តុះបណ្តាល និងការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន ដោយបង្កើតទីបញ្ជាការកណ្តាល។​ ចំណាត់ការនេះមានគោលបំណងការពារការផ្គត់ផ្គង់សព្វាវុធដល់ទីក្រុងកៀវ មុនពេលលទ្ធភាពដែលលោក ដូ ណាល់ ត្រាំ អាចវិលត្រឡប់មកកាន់សេតវិមានវិញ បន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីអាម៉េរិកនៅខែវិច្ឆិកា។
 
សេណារីយ៉ូនេះ នឹងមានទាហានរាប់រយនាក់មកពីបណ្តាប្រទេសសមាជិកណាតូ ឈរជើងនៅមូលដ្ឋានទ័ពមួយនៅអាល្លឺម៉ង់ និងមជ្ឈមណ្ឌលសំខាន់ៗនៅតាមបណ្តោយភាគខាងកើតនៃសម្ព័ន្ធមិត្តយោធាណាតូ។
 
កញ្ចប់ជំនួយ ៤០ពាន់លានអឺរ៉ូ 
 
ប្រទេសសមាជិកណាតូបានប្តេជ្ញារក្សាការគាំទ្រដល់អ៊ុយក្រែនរយៈពេលមួយឆ្នាំទៀត ជាមួយការរផ្ដល់ទឹកប្រាក់អប្បបរមាចំនួន ៤០ពាន់លានអឺរ៉ូ (៤៣ពាន់លានដុល្លារ) ។
 
«តាមរយៈអត្រានៃការរួមចំណែក សម្ព័ន្ធមិត្តមានបំណងផ្តល់ហិរញ្ញប្បទានមូលដ្ឋានអប្បបរមាចំនួន ៤០ពាន់លានអឺរ៉ូនៅឆ្នាំក្រោយ និងផ្តល់ជំនួយផ្នែកសន្តិសុខប្រកបដោយនិរន្តរភាព ដូច្នេះអ៊ុយក្រែនអាចយកឈ្នះបាន»។ នេះបើតាមសេចក្តីប្រការបស់កិច្ចប្រជុំកំពូលនៅវ៉ាស៊ីតោនថ្ងៃទី១០ ខែកក្កដា។ 
ការចូលជាសមាជិករបស់ណាតូ  
 
ណាតូមិនបានផ្តល់ឱ្យអ៊ុយក្រែននូវលក្ខខណ្ឌច្បាស់លាស់ក្នុងការចូលរួមសម្ព័ន្ធភាពនាពេលខាងមុខទេ។ យ៉ាងណាមិញ មេដឹកនាំណាតូបានអះអាងជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ពួកគេថានៅថ្ងៃណាមួយអ៊ុយក្រែននឹងក្លាយជាសមាជិក នៅពេលសម្ព័ន្ធមិត្តយល់ព្រម ហើយលក្ខខណ្ឌត្រូវបានគាំទ្រ។
 
ដើម្បីលើកទឹកចិត្តអ៊ុយក្រែន មេដឹកនាំប្រទេសសមាជិកណាតូបានយល់ស្របថា មាគ៌ារបស់អ៊ុយក្រែនទៅកាន់សមាជិកភាពអង្គការ NATO គឺមិនអាចត្រឡប់ក្រោយបានទេ។
 
ប្រព័ន្ធការពារដែនអាកាស 
 
ការ​ផ្តល់​ប្រព័ន្ធ​ការពារ​ដែនអាកាសដល់​អ៊ុយ​ក្រែ​ន ដើម្បី​ទប់ទល់​ការវាយប្រហារ​របស់​រុស្ស៊ី​។ ប្រធានាធិបតីអាម៉េរិកលោក ចូ បៃឌិន និងមេដឹកនាំអាល្លឺម៉ង់ អ៊ីតាលី ហូឡង់ និងរ៉ូម៉ានី បានចេញសេចក្តីថ្លែងការណ៍រួមជាមួយប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃទី៩ ខែកក្កដា ដោយបានប្រកាសពីការផ្ទេរខែល Patriot បន្ថែម និងប្រព័ន្ធការពារដែនអាកាសមួយទៀតទៅកាន់ទីក្រុងកៀវ។
 
យន្តហោះចម្បាំង 
 
អាម៉េរិក ហូឡង់ និងដាណឺម៉ាកបានប្រកាសពីការបញ្ជូនយន្តហោះចម្បាំង F-16 ទៅកាន់អ៊ុយក្រែន ដែលសន្យាជាយូរណាស់មកហើយ។ ពេលនេះវាបានកើតឡើងហើយថាពួកគេនឹងប្រតិបត្តិការនៅលើអាកាសនៅអ៊ុយក្រែននារដូវក្តៅនេះ។
 
នៅក្នុងសេចក្តីថ្លែងការណ៍រួម សម្ព័ន្ធយោធាណាតូ បានចាត់ទុកជាអ្នកគាំទ្រនៅពីក្រោយខ្នងរុស្ស៊ី ក្នុងការធ្វើសង្រ្គាមនៅអ៊ុយក្រែន។ ពាក់ព័ន្ធនឹងបញ្ហានេ អង្គការណាតូ បានជំរុញឱ្យចិន ឈប់គាំទ្ររុស្ស៊ីទាំងផ្នែកនយោបាយ និងសម្ភារទាំងអស់ ពាក់ព័ន្ធសង្រ្គាម៕ 
 

អ្នកសរសេរអត្ថបទ

ធន់ សេងហុង (THUN Senghong) បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០២២។ បច្ចុប្បន្ននេះ សេងហុងកំពុងសិក្សាផ្នែកសេដ្ឋកិច្ចនយោបាយ នៅសកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ ប្រទេសវៀតណាម។ សេងហុង ជាអ្នកតាមដានព័ត៌មានជាតិ និងអន្តរជាតិ ផ្តោតសំខាន់លើផ្នែកសេដ្ឋកិច្ច ។   Thun Senghong is a freelancer national and international news reporter at Thmey Thmey. He is currently studying at UEH University in Vietnam. He aims to cover current issues in economy. 

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ធន់ សេងហុង