បង់ក្លាដែស៖ តុលាការកំពូលព្យួរច្បាប់ជ្រើសរើសមន្ត្រីរដ្ឋការ ក្រោយផ្ទុះការតវ៉ា
- ថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង ៧:២៩ នាទី ល្ងាច

និស្សិតបាតុករ នៅបង់ក្លាដែស នៅដើមខែនេះ។ REUTERS - Mohammad Ponir Hossain
ដោយ៖ហេង ឧត្តម (FRI ខេមរភាសា)
ច្បាប់កំណត់ចំនួនកូតាជ្រើសរើសមន្ត្រីរដ្ឋការ ដែលត្រូវគេរិះគន់ថាពោរពេញដោយភាពរើសអើង, ទីបំផុតទៅ តុលាការកំពូលបង់ក្លាដែស បានសម្រេចព្យួរមិនអនុវត្ត មួយរយៈពេលខ្លីសិន។ ការចេញសេចក្តីសម្រេចដូច្នេះ បានធ្វើឡើងក្រោយពីមានបាតុកម្មទាមទាររបស់ក្រុមនិស្សិត។ និស្សិតបង់ក្លាដែស ជាច្រើនថ្ងៃមកហើយ បានចុះផ្លូវធ្វើបាតុកម្ម និងបិទផ្លូវសំខាន់ៗចេញចូលរដ្ឋធានី ដើម្បីទាមទារឲ្យលុបចោលច្បាប់ ជ្រើសរើសមន្ត្រីសាធារណៈ ដ៏ចម្រូងចម្រាស់។ ច្បាប់នេះ ត្រូវពួកបាតុកររិះគន់ថា រើសអើងមនុស្សដែលមានសមត្ថភាព មានគុណសម្បត្តិល្អ ហើយផ្តល់ឱកាសដល់កូនចៅមន្ត្រីកាន់អំណាច។

ក្នុងប្រទេសបង់ក្លាដែស ការងាររដ្ឋ មានស្ថិរភាព និងទទួលបានប្រាក់បៀវត្សរ៍ច្រើនសមរម្យសម្រាប់កម្រិតជីវភាពរស់នៅ ។ ដូច្នេះហើយ ទើបប្រជាជន ពិសេសពួកនិស្សិតដែលរៀនសូត្រចេះដឹង ចង់បានមុខតំណែងអ្នករដ្ឋការ។ ក៏ប៉ុន្តែ ច្បាប់ដ៏ចាស់គំរិលក្នុងប្រទេស១នេះ បានកំណត់ចំនួនកូតាពិសេស ដល់ទៅ ៣០% សម្រាប់កូនចៅ របស់ពួកមន្ត្រីចាស់ៗដែលមានស្នាដៃកសាងជាតិ និងកូនចៅរបស់អ្នកនយោបាយដែលបានតស៊ូដើម្បីឯករាជ្យបង់ក្លាដែស នៅឆ្នាំ ១៩៧១។ ចំនួនកូតា ១០% សម្រាប់នារីភេទ ហើយ ១០% ទៀត សម្រាប់ដែនដីស្រុកណាដែលលក្ខណៈពិសេសដោយឡែក។
ការបែងចែងកូតាបែបនេះ ត្រូវពួកនិស្សិតបាតុករ ទាមទារឲ្យលុបចោល ព្រោះពួកគេយល់ថា លម្អៀង និងអើសរើង។ ប្រសិនបើរំពឹងលើប្រព័ន្ធច្បាប់ចាស់នេះ និស្សិតឆ្នើមៗពូកែៗពេញសមត្ថភាព គ្មានឱកាសបានទទួលការងាររដ្ឋ ល្អសមរម្យនោះឡើយ។ ដូច្នេះហើយ ទើបហ្វូងបាតុករទាមទារឲ្យផ្តើមជ្រើសរើសមន្ត្រីរដ្ឋការ ដោយពឹងផ្អែកលើគុណសម្បត្តិសមត្ថភាព របស់បេក្ខជននីមួយៗវិញ។
និស្សិតបាតុករ បានពន្យល់ដែរថា ព្រោះតែប្រព្រ័ន្ធជ្រើសរើសមន្ត្រីរដ្ឋការសាធារណៈ បែបចាស់គំរិលនេះហើយ ទើបលោកស្រី ឆេក ហាស៊ីណា នាយករដ្ឋមន្ត្រីបង់ក្លាដែស ដែលរឹតត្បិតសំឡេងប្រឆាំងយ៉ាងខ្លាំងក្លា អាចបន្តកាន់អំណាចប្រទេស រហូត ៥ អាណត្តិ មកទល់សព្វថ្ងៃ។ ដ្បិតថា លោកស្រី នាយករដ្ឋមន្ត្រី វ័យ ៧៦ ឆ្នាំរូបនេះ ក៏ជាបុត្រីនៃវង្សត្រកូលអ្នកដឹកនាំចាស់ លោក ឆេក មុជិបួរ រ៉ាហ៍មាន់ ជាបិតាស្ថាបនិកបង់ក្លាដែស។
ចាប់ពីដើមខែកក្កដាមក ក្រុមនិស្សិតបាតុករបានធ្វើបាតុកម្មជាហូរហែ ។ ទីបំផុតទៅ នៅថ្ងៃពុធ ទី១០កក្កដា តុលាការកំពូលបង់ក្លាដែស បានសម្រេចព្យួរមិនអនុវត្តច្បាប់ជ្រើសរើសមន្ត្រីរដ្ឋការនេះ រយៈពេលខ្លី ១ខែសិន។ ផ្អាកត្រឹម១ខែ មិនបានធ្វើឲ្យបាតុករសប្បាយចិត្តឡើយ។ ពួកនិស្សិតបាតុករបានថ្លែងប្រាប់ទីភ្នាក់ព័ត៌មានបារាំងអាអែហ្វប៉េ ថា អាជ្ញាធរបង់ក្លាដែស ត្រូវតែលុបចោលច្បាប់នេះតែម្តង បើមិនដូច្នេះទេ ពួកគេនឹងនៅតែបន្តបាតុកម្ម ស្រែកទាមទារតទៅទៀត ហើយពួកគេក៏នឹងមិនត្រឡប់ចូលថ្នាក់រៀន មហាវិទ្យាល័យវិញដែរ។
គួរបញ្ជាក់ដែរថា ការទាមទារឲ្យលុបចោលច្បាប់ជ្រើសរើសមន្ត្រី ពុំមែននិស្សិតបាតុករចង់ឲ្យលុបចោលកូតាពិសេសទាំងស្រុងនោះ ក៏ទេដែរ។ ពួកគេអះអាងចង់ឲ្យរក្សាទុកចំនួនកូតាសម្រាប់ជនជាតិភាគតិច និងសម្រាប់ជនពិការ៕
© រក្សាសិទ្ធិដោយ thmeythmey.com