ផ្លូវក្រវាត់ក្រុងទី៣ នឹងមានឈ្មោះជាមហាវិថី« ស៊ី ជីនពីង»​ ជាផ្លូវការ​ ពីថ្ងៃទី១៩កក្កដា តទៅ!
  • ថ្ងៃសុក្រ ទី១២ ខែកក្កដា ឆ្នាំ២០២៤ ​​ ម៉ោង ១១:២៥ នាទី ព្រឹក
ផ្លូវក្រវាត់ក្រុងទី៣ នឹងមានឈ្មោះជាមហាវិថី« ស៊ី ជីនពីង»​ ជាផ្លូវការ​ ពីថ្ងៃទី១៩កក្កដា តទៅ!
ផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលចំណាយថវិកាជាង២៧៣លានដុល្លារ ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី៣ សីហា ២០២៣។ រូបពីក្រសួងសាធារណការ និងដឹកជញ្ជូន

ផ្លូវក្រវត់ក្រុងទី៣ នឹងមានឈ្មោះជាមហាវិថី« ស៊ី ជីនពីង» ចាប់ពីថ្ងៃទី១៩កក្កដា ឆ្នាំ២០២៤ ទៅត។  រដ្ឋាភិបាលសម្រេចប្រសិទ្ធនាមឈ្មោះមហាវិថីនេះឡើង គឺដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៦ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន។
TTN-Free-Banner-In-Article-PC
 
បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ​ និងដឹកជញ្ជូន ពិធីប្រសិទ្ធនាមឈ្មោះមហាវិថី « ស៊ី ជីនពីង» ជាផ្លូវការ នឹងធ្វើឡើងក្រោមវត្តមាន ក្រោមអធិបតីភាពលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ​និងលោក Wang Wenbin ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។  ពិធីនេះ នឹងប្រារព្ធឡើងនៅភូមិជម្ពូវ័ន២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ស្ថិតនៅចំណុចរង្វង់មូលក្បែរផ្លូវជាតិលេខ៤ នាថ្ងៃទី១៩កក្កដា។ 
 
មហាវិថីនេះ ​ត្រូវបានសាងសង់ឡើងក្នុងទំហំទឹកប្រាក់ជាង២៧៣​លានដុល្លារ​ក្រោម​កម្ចី​សម្បទាន​ពីរដ្ឋាភិបាលចិន ​លាតសន្ធឹងចម្ងាយ៤៨គីឡូម៉ែត្រភ្ជាប់​ពី​ផ្លូវជាតិ​លេខ​១ ទៅកាន់​ផ្លូវជាតិលេខ ៤ ។
 
កាលពីថ្ងៃទី២៨ឧសភា លោក វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតចិន​​បញ្ចប់​អាណត្តិនៅកម្ពុជាបានឡើងថា ការដាក់ឈ្មោះ​មហាវិថីនេះនេះ​ឆ្លុះបញ្ចាំង​ពីទំនាក់ទំនងរវាងកម្ពុជា-ចិនដែលមានប្រវត្តិសាស្ត្រយូរអង្វែងនិងភាពរឹងមាំ។​ ជាពិសេសការបន្តដំណើរពីអតីតកាលឆ្ពោះទៅកាន់អនាគតថ្មី នៃទំនាក់ទំនងប្រទេសទាំងពីរ។
 
លោក វ៉ាង វិនធាន បានអះអាងនៅចំពោះមុខសម្តេច​ហ៊ុន ម៉ាណែត យ៉ាងដូច្នេះ៖ «ភាគីចិនរីករាយសហការជាមួយកម្ពុជាបន្តដំណើរលើវិថីដ៏ត្រចះត្រចង់ក្នុងការរក្សាកេរ្តិ៍មរតកនៃចំណងមិត្តភាពដែកថែបមួយនេះ បង្កើតអនាគតកាន់តែអស្ចារ្យកាន់តែភ្លឺស្វាង សម្រាប់សហគមន៍វាសនារួមរវាងចិន-កម្ពុជានៅក្នុងយុគសម័យថ្មី»។
 
ឈ្មោះមហាវិថី«ស៊ី ជីនពីង»ដែលដាក់​​ដោយ​រដ្ឋាភិបាល​កម្ពុជា​នេះ គឺបានបំពេញបន្ថែម​ទៀតទៅលើ​មហាវិថី​ ម៉ៅសេទុងដែលមានស្រាប់។ ការណ៍នេះ​ការបង្ហាញពីភាពល្អឥតខ្ចោះ​នៃ​ទំនាក់ទំនង​មិត្តភាព​ជាប្រពៃណី​រវាង​ប្រទេស​ទាំងពីរ៕

អ្នកសរសេរអត្ថបទ

កញ្ញា អ៊ូ សុខមាន (OU Sokmean) បានចូលធ្វើការងារនៅស្ថាប័នសារព័ត៌មានឌីជីថលថ្មីៗ នៅឆ្នាំ២០១៨។ កញ្ញាមានជំនាញ​ផ្នែក​ព័ត៌មាន​សេដ្ឋកិច្ច កសិកម្ម និង​ផលិត​វីដេអូតាមទូរសព្ទដៃ (MOJO)។ បច្ចុប្បន្ន សុខមាន មានតួនាទីជានិពន្ធនាយិការង៕

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

អ៊ូ សុខមាន