Euro 2024៖ អាជ្ញាកណ្តាលបារាំងលោក Letexier នឹងកាត់ក្តីជំនួបផ្តាច់ព្រ័ត្រអេស្ប៉ាញ-អង់គ្លេស
  • ថ្ងៃសុក្រ ទី១២ ខែកក្កដា ឆ្នាំ២០២៤ ​​ ម៉ោង ៤:៥៩ នាទី រសៀល
Euro 2024៖ អាជ្ញាកណ្តាលបារាំងលោក Letexier នឹងកាត់ក្តីជំនួបផ្តាច់ព្រ័ត្រអេស្ប៉ាញ-អង់គ្លេស

លោក Francois Letexier អាជ្ញាកណ្តាលសញ្ជាតិបារាំង នឹងត្រូវចូលខ្លួនកាត់ក្តីក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រព្រឹត្តិការណ៍ Euro 2024 រវាងអេស្ប៉ាញ និងអង់គ្លេស នៅកីឡដ្ឋាន Olympia ស្ថិតក្នុងទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ នៅរាត្រីថ្ងៃទី១៤ ខែកក្កដា វេលាម៉ោង ២អាធ្រាត្រ [ម៉ោងនៅកម្ពុជា]។
TTN-Free-Banner-In-Article-PC


លោក Letexier មានវ័យទើបតែ ៣៥ឆ្នាំ ប៉ុណ្ណ៉ោះ ដោយលោកបានកាត់សេចក្តីការប្រកួតចំនួន ៦៥លើករួចមកហើយ ដែលសុទ្ធសឹងជាការប្រកួតរបស់ស្ថាប័ន UEFA ចាប់តាំងពីឆ្នាំ ២០១៧ មក។ 
 
ក្នុងព្រឹត្តិការណ៍ជើងឯកអឺរ៉ុបនៅអាល្លឺម៉ង់នេះ អាជ្ញាកណ្តាលសញ្ជាតិបារាំងរូបនេះ ក៏បានកាត់សេចក្តីការប្រកួតវគ្គចែកពូល ចំនួន២ដង ក្នុងជំនួប ដាណឺម៉ាក ស្មើស៊ែប៊ី, ក្រូអាស៊ី ស្មើអាល់បានី និងជំនួបរវាង អេស្ប៉ាញ យកឈ្នះហ្ស៊កហ្ស៊ី ក្នុងវគ្គ ១៦ក្រុម។
 
មិនត្រឹមតែប៉ុណ្ណោះ អាជ្ញាកណ្តាលដដែលរូបនេះក៏បានធ្វើជាមន្ត្រីការប្រកួតទី៤ នៅក្នុងការប្រកួតពានរង្វាន់ UEFA Champions League ផ្តាច់ព្រ័ត្រ​ ដែល Real Madrid បានយកឈ្នះលើ Borussia Dortmund។
 
បើតាមការប្រកាសរបស់សហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA)លោក Letexier នឹងត្រូវចូលរួមការប្រកួតផ្តាច់ព្រ័ត្រនៅថ្ងៃទី១៤ ខែកក្កដា ដោយរួមមានជំនួយការលោក Cyril Mugnier និងលោក Mehdi Rahmouni សញ្ជាតិបារាំង ខណៈលោក Szymon Marciniak សញ្ជាតិប៉ូឡូញ និងក្លាយជាមន្ត្រីការប្រកួតទី៤។
 
អាជ្ញាកណ្តាលប្រព័ន្ធ VAR ត្រូវលោក Jerome Brisard សញ្ជាតិបារាំងជាអ្នករ៉ាប់រង អមដោយជំនួយការសញ្ជាតិបារាំងដូចគ្នា លោក Willy Delajod និងលោក Massimiliano Irrati សញ្ជាតិអ៊ិតាលី ខណៈលោក Thmasz Listkiewicz សញ្ជាតិប៉ូឡូញ ស្ថិតក្នុងនាមជាជំនួយការអាជ្ញាកណ្តាលក្នុងការជំនួស នៅពេលមានបញ្ហាចាំបាច់។
 
គួររំលឹកថា អេស្ប៉ាញ មុនពេលឡើងមកដល់វគ្គផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍ Euro 2024 ពួកគេបានឆ្លងកាត់ការប្រកួតដ៏តានតឹងជាច្រើនពីវគ្គ ៨ក្រុម ដោយទម្លាក់អាល្លឺម៉ង់ ហើយទម្លាក់បារាំង នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ចំណែកអង់គ្លេសវិញ កាលវគ្គ ៨ក្រុម ពួកគេបានយកឈ្នះការប្រកួតលើក្រុមស្វ៊ីសទាំងលំបាក មុនពេលមកទម្លាក់ហូឡង់នៅវគ្គ ១/២ វិញ ដើម្បីដណ្តើមកៅអីវគ្គផ្តាច់ព្រ័ត្រ ជាលើកទី២ ជាប់គ្នា៕

អ្នកសរសេរអត្ថបទ

អ្នក​យកព័ត៌មាន​កីឡា

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ជា យូគៀង