ស្ថាប័ន CONMEBOL បើកការស៊ើបអង្កេតករណីជម្លោះរវាងអ្នកគាំទ្រកូឡុំប៊ី និងកីឡាករ Nunez
  • ថ្ងៃសុក្រ ទី១២ ខែកក្កដា ឆ្នាំ២០២៤ ​​ ម៉ោង ៨:២៩ នាទី យប់
ស្ថាប័ន CONMEBOL បើកការស៊ើបអង្កេតករណីជម្លោះរវាងអ្នកគាំទ្រកូឡុំប៊ី និងកីឡាករ Nunez

សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាមេរិកខាងត្បូង (CONMEBOL) បានបើកការស៊ើបអង្កេតលើករណីជម្លោះរវាងក្រុមអ្នកគាំទ្រកូឡុំប៊ី និងក្រុមអ្នកគាំទ្រ និងកីឡាករអ៊ុយរូហ្កាយ ហើយក្នុងនោះក៏មានខ្សែប្រយុទ្ធ Darwin Nunez។ ជម្លោះបានកើតឡើង ក្រោយពេលអ៊ុយរូហ្កាយ ត្រូវបាន កូឡុំប៊ីទម្លាក់ចេញពីការប្រកួតពានរង្វាន់ Copa America ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
TTN-Free-Banner-In-Article-PC


វីដេអូឃ្លីបមួយបានបង្ហោះពេញនៅលើបណ្តាញសង្គម ដោយបង្ហាញថាក្រុមកីឡាករអ៊ុយរូហ្កាយ បានឡើងទៅកាន់ទីតាំងឈរក្នុងកីឡដ្ឋាន ប្រតាយប្រតប់គ្នាជាមួយនឹងក្រុមអ្នកគាំទ្រកូឡុំប៊ី ស្របពេលអ្នកគាំទ្រអ៊ុយរូហ្កាយ ក៏បានប្រើហិង្សាដូចគ្នាក្នុងជម្លោះនោះ។ ស្ថិតក្នុងហេតុការណ៍នោះ កីឡាករខ្សែប្រយុទ្ធ Darwin Nunez និងកីឡាករ Ronald Araujo ស្ថិតចំណោមការប៉ះទង្គិចគ្នានោះ។
 
ហេតុការណ៍កើតឡើង បន្ទាប់ពីក្រុមជម្រើសជាតិកូឡុំប៊ី បានយកឈ្នះលើក្រុមអ៊ុយរូហ្កាយ ដោយលទ្ធផល ១-០ នៅក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ Copa America ឆ្នាំ ២០២៤។
 
បើតាមសម្តីអះអាងរបស់កីឡាករ Jose Maria Gimenez ក្រុមកីឡាករគឺព្យាយាមចូលទៅការពារក្រុមគ្រួសាររបស់ពួកគេពីការប៉ះទង្គិច។ ហេតុការណ៍បានកើតឡើងភ្លាមៗក្រោយពេលដែលអាជ្ញាកណ្តាលបានភ្លុំកញ្ចែរបញ្ចប់ការប្រកួត ដោយកីឡាករ និងក្រុមការងារក្លិបទាំងកូឡុំប៊ី និងអ៊ុយរូហ្កាយ​ ក៏បាននាំគ្នាទៅទីកន្លែងមានជម្លោះដើម្បីជួយសម្រួលស្ថានការណ៍ឱ្យវិលត្រឡប់មកជាធម្មតាវិញ។
 
ស្ថាប័នបាល់ទាត់ CONMEBOL ក្រោយការប្រកួតពួកគេក៏បានចេញសេចក្តីថ្លែងការណ៍ទាក់ទងករណីខាងលើដូច្នេះថា៖«CONMEBOL បានបើកការស៊ើបអង្កេតដើម្បីស្វែងរកឬសគល់ប្រភពដែលនាំឱ្យកើតឡើងរឿងទាំងនេះ និងឱ្យទទួលខុសត្រូវចំពោះអ្នកដែលពាក់ព័ន្ធករណីនេះ រហូតមានអំពើហិង្សា ដែលបង្កផលប៉ះពាល់នៅចុងបញ្ចប់នៃការប្រកួត។ យើងចង់បញ្ជាក់សារជាថ្មី និងព្រមានថា គ្មានសកម្មភាពណាមួយនឹងត្រូវបានអត់ឱនឡើយ ពេលធ្វើឱ្យការប្រារព្ធពិធីបាល់ទាត់សកលនេះមានការរអាក់រអួល។»៕

អ្នកសរសេរអត្ថបទ

អ្នក​យកព័ត៌មាន​កីឡា

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ជា យូគៀង