នេប៉ាល់ ៖ នាយករដ្ឋមន្ត្រីម៉ៅនិយម ត្រូវរដ្ឋសភាបោះឆ្នោតដកសេចក្តីទុកចិត្ត
  • ថ្ងៃសៅរ៍ ទី១៣ ខែកក្កដា ឆ្នាំ២០២៤ ​​ ម៉ោង ៥:២០ នាទី ល្ងាច
នេប៉ាល់ ៖ នាយករដ្ឋមន្ត្រីម៉ៅនិយម ត្រូវរដ្ឋសភាបោះឆ្នោតដកសេចក្តីទុកចិត្ត
នាយករដ្ឋមន្ត្រីម៉ៅនិយម លោក ផុស្សផា កាម៉ាល ដាហាល ត្រូវរដ្ឋសភាជាតិ សម្រេចចិត្តបោះឆ្នោតដកសេចក្តីទុកចិត្ត ក្រោយពីបានដឹកនាំប្រទេស ត្រឹមតែជាង ១ ឆ្នាំកន្លះ។ AP - Bikash Dware

ដោយ៖ហេង ឧត្តម (RFI ខេមរភាសា) 
 
នៅប្រទេសនេប៉ាល់ នាយករដ្ឋមន្ត្រីម៉ៅនិយម លោក ផុស្សផា កាម៉ាល ដាហាល ត្រូវរដ្ឋសភាជាតិ សម្រេចចិត្តបោះឆ្នោតដកសេចក្តីទុកចិត្ត ក្រោយពីបានដឹកនាំប្រទេស ត្រឹមតែជាង ១ ឆ្នាំកន្លះ។ ជាក់ស្តែងទៅ លោកនាយករដ្ឋមន្ត្រីដែលអតីតមេទាហានម៉ៅនិយមរូបនេះ ធ្លាប់បានកាន់តំណែងប្រមុខរដ្ឋាភិបាលដឹកនាំនេប៉ាល់ ជាសរុបគម្រប់ ៣ លើក។ រាល់លើក សុទ្ធតែមានរយៈពេលខ្លីៗ ត្រឹមតែ១ឆ្នាំ ២ឆ្នាំប៉ុណ្ណោះ។ នៅក្នុងប្រទេស ប្រជាជននិងអ្នកនយោបាយប្រឆាំង យល់ឃើញថា ការដឹកនាំរបស់រូបលោកតាមរបៀបចាស់គំរឹល ហួសសម័យ ពេកហើយ។
TTN-Free-Banner-In-Article-PC
ក្នុងអង្គប្រជុំសភា នៅក្រុងកដ្ឋមណ្ឌូ លោក ផុស្សផា កាម៉ាល ដាហាល មានសំឡេងគាំទ្រផ្តល់ទំនុកចិត្ត ត្រឹមតែ ៦៣ ក្នុងចំណោមសមាជិកសភា ២៥៨ អាសនៈ ដែលមានវត្តមាន កាលពីថ្ងៃសុក្រ ទី១២កក្កដា។ បានសេចក្តីថា នាយករដ្ឋមន្ត្រីរូបនេះ គ្មានសិទ្ធដឹកនាំរដ្ឋាភិបាល តទៅទៀតឡើយ។ ជោគវាសនានយោបាយរបស់គាត់ ត្រូវដឹងតាំងពីពេលត្រូវតែងតាំងពីឆ្នាំ២០២២ម្ល៉េះ ថាមិនអាចដឹកនាំប្រទេសយូរទេ។ ដ្បិតថា នយោបាយនេប៉ាល់ផុយស្រួយណាស់។ 
 
រយៈពេល ជាង១០ឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលនេប៉ាល់ ប្រទះការផ្លាស់ប្តូរថ្នាក់ដឹកនាំ ជាង១០ លើកដែរ។ ហេតុដូច្នេះហើយ  នេប៉ាល់នៅក្រោមការដឹកនាំរបស់លោក ផុស្សផា កាម៉ាល ដាហាល មិនអាចរក្សាស្ថិរភាពបានយូរឡើយ។ ស្ថិរភាពមិនយូរ ពីព្រោះតែ បក្សកុម្មុយនិស្តម៉ៅនិយមរបស់លោក មានសំឡេងមិនច្រើនខ្លាំង និងត្រូវបន្តនៅជ្រកកោនក្រោមរដ្ឋាភិបាលចម្រុះ។  ចំណែក ផ្ទៃក្នុងប្រទេសទៀតសោត ពោរពេញដោយចលនានយោបាយផ្សេងៗគ្នា ប្រទាញប្រទង់គ្នាខ្លាំង រាប់តាំងពី បក្សសម្ព័ន្ធរួបរួមម៉ាក្ស-លេនីន និងបក្សតូចៗជាច្រើន ដែលសុទ្ធតែមានសំឡេងនៅក្នុងសភា ព្រមទាំងបណ្តាអ្នកតំណាងរាស្ត្រឯករាជ ក៏មានច្រើនដែរ។
 
ចាប់ពីថ្ងៃសៅរ៍ទៅ លោក ស្ហារមា អូលី ជាប្រធានដឹកនាំគណបក្សទំនោរកុម្មុយនិស្តម៉ៅនិយម-លេនីន  CPN-UML ដ៏មានឥទ្ធិពល នឹងត្រូវអាចចាត់តាំងឲ្យរៀបចំរដ្ឋាភិបាលថ្មី ដោយមានកិច្ចសហការជាមួយបក្ស Congrès ដែលមានទំនោរនយោបាយ កណ្តាល-ឆ្វេងនិយម។
 
ទោះជាម្តេចក្តី ប្រមាណជា ២ ទសវត្សរ៍ចុងក្រោយនេះ លោក ផុស្សផា កាម៉ាល ដាហាល ជាអ្នកដឹកនាំបន្ទាត់នយោបាយជាតិ ១រូប ដែលមិនអាចមើលរំលង។ លោកបានផ្លាស់ប្តូរចលនាបដិវត្តន៍ មកជាបក្សនយោបាយ ហើយ ធ្លាប់កាន់តំណែងនាយករដ្ឋមន្ត្រី រយៈពេលខ្លីៗ ចំនួនពីរដងរួចមកហើយ គឺចន្លោះឆ្នាំ២០០៦-២០០៧ និង ឆ្នាំ២០១៦-២០១៧។  
 
អាស្រ័យហេតុនេះ ទើបនៅក្នុងអង្គប្រជុំសភា កាលពីថ្ងៃសុក្រ អ្នកនយោបាយវ័យ ៧០ ឆ្នាំ រូបនេះ បានថ្លែងសម្តីប្រយោល ក្នុងន័យឌឺដងផង គំរាមផង ថា មនុស្សដូចរូបលោក ដែលធ្លាប់កសាងសមិទ្ធផលសម្រាប់ជាតិ និងមានស្នាដៃកសាងសន្តិភាព តាមរយៈបដិវត្តន៍, មនុស្សបែបនេះតែបាត់បង់ហើយ គ្មានថ្ងៃកើតជាថ្មីមកវិញទេ។
 
ជាក់ស្តែងទៅ លោក ផុស្សផា កាម៉ាល ដាហាល ជាអតីតជនកុម្មុយនិស្តម៉ៅនិយម និងធ្លាប់ជ្រកខ្លួន ១ទសវត្សរ៍ នៅក្នុងព្រៃ ដើម្បីធ្វើសង្គ្រាមស៊ីវិល ចន្លោះឆ្នាំ១៩៩៦ ដល់២០០៦។ សង្គ្រាមស៊ីវិលរវាងប្រជាជាតិខ្លួនឯងនេះ បានសម្លាប់អាយុជីវិតពលរដ្ឋនេប៉ាល់ ប្រមាណជា ១៦ ០០០នាក់ ហើយ រាជានិយមនេប៉ាល់ ដែលមានអាយុជិត២៤០ឆ្នាំ ត្រូវរំលាយចោល នៅឆ្នាំ២០០៨។ សង្គ្រាមស៊ីវិលចប់ដោយកិច្ចចរចានយោបាយ។
 
ដោយឡែក ឆ្អឹងខ្នងសេដ្ឋកិច្ច នេប៉ាល់ ពឹងផ្អែកនឹងធនធានក្នុងស្រុកជាមូលដ្ឋានសម្រាប់នាំចេញ និងពឹងផ្អែកមួយផ្នែកសំខាន់ទៀត ទៅលើវិស័យទេសចរណ៍។ ប៉ុន្តែ វិស័យទេសចរណ៍ ត្រូវជួបវិបត្តិធ្ងន់ព្រោះតែជំងឺរាតត្បាលកូវីដ១៩។  មានប្រជាជនប្រមាណ៣០លាននាក់ នេប៉ាល់ ជារដ្ឋតូច ឋិតនៅចន្លោះ មហាយក្សចិន និង មហាយក្សឥណ្ឌា និងដែលត្រូវមហាអំណាចគាបទាំងសង្ខាង ចំពោះការនាំចេញទំនិញវត្ថុធាតុដើម៕

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

Other