លោក​ បៃឌិន អំពាវនាវរកការរួបរួម ក្រោយករណីបាញ់ប្រហារលើលោក ត្រាំ
  • ថ្ងៃចន្ទ ទី១៥ ខែកក្កដា ឆ្នាំ២០២៤ ​​ ម៉ោង ១១:៣៩ នាទី ព្រឹក
លោក​ បៃឌិន អំពាវនាវរកការរួបរួម ក្រោយករណីបាញ់ប្រហារលើលោក ត្រាំ
លោក ចូ​ បៃឌិន ថ្លែងពីសេតមាននៅថ្ងៃទី១៤ ខែកក្កដា ។ រូបភាព ៖ AFP

ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន​ នៅថ្ងៃទី១៤ ខែកក្កដា បានថ្កោលទោសការប៉ុនប៉ងធ្វើឃាតលើគូប្រជែងបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ ដោយអំពាវនាវឲ្យមានការួបរួមគ្នា។ លោក​បៃឌិន បង្ហាញភាពរីករាយពេលគូប្រជែងរបស់ខ្លួនបានជាសះស្បើយវិញ ក្រោយពីរងរបួសនៅក្នុងការព្រឹត្តិការណ៍បាញ់ប្រហារនេះ។
TTN-Free-Banner-In-Article-PC
 
ពីសេតវិមាន លោក ចូ បៃឌិន ប្រធានាធិបតីអាម៉េរិក បានថ្លែងទៅកាន់ប្រជាជនអាម៉េរិកនៅល្ងាចថ្ងៃទី ១៤ ខែកក្កដា អំពីភាពចាំបាច់នៃការួបរួមគ្នា។ លោក​បាន​ស្នើ​ឲ្យ​មាន​ការ​ពិនិត្យ​មើល​នូវ​អ្វី​ដែល​បាន​កើត​ឡើង​អំឡុងការ​ប្រមូល​ផ្តុំ​យុទ្ធនាការ​របស់​លោក ដូណាល់ ត្រាំ បេក្ខជនប្រធានាធិបតីរបស់បក្សសាធារណរដ្ឋ នៅ​រដ្ឋ Pennsylvania។
 
« គ្មាន​កន្លែង​ណាមួយនៅ​អាម៉េរិក​ សម្រាប់​អំពើ​ហិង្សា​បែប​នេះ ទោះ​ជាអំពើ​ហិង្សា​ណាក៏ដោយ»។ ​លោក​ បៃឌិន បានសង្គត់ធ្ងន់បែបនេះ ដោយបន្តថា ការ​ប៉ុនប៉ង​ធ្វើ​ឃាត​គឺ​ផ្ទុយ​ពី​តម្លៃ​របស់​អាម៉េរិក។
 
កន្លងមក មានសេចក្តីរាយការណ៍ថា ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ​អាម៉េរិក (FBI) បានកំណត់អត្តសញ្ញាណមុខសញ្ញាដែលពាក់ព័ន្ធក្នុងការបាញ់ប្រហារនៅឯការប្រមូលផ្តុំយុទ្ធនាការរបស់លោក ត្រាំ ។
 
លោក ត្រាំ ត្រូវ​បាន​គេ​បាញ់​ចំ​ត្រចៀក​អំឡុង​ពេលប្រមូលផ្តុំជួបអ្នកគាំទ្រ​បោះឆ្នោត​នៅ​ថ្ងៃ​ទី ១៣ ខែ​កក្កដា ហើយ​បច្ចុប្បន្ន​ FBI កំពុង​ស៊ើបអង្កេត​ការ​ប៉ុនប៉ង​ធ្វើ​ឃាត​នេះ។ FBI បានកំណត់អត្តសញ្ញាណបុរសអាយុ ២០ ឆ្នាំម្នាក់ឈ្មោះ Thomas Matthew Crooks ដែលសង្ស័យក្នុងការបាញ់ប្រហារនេះ។
 
កំណត់ត្រា​អ្នក​បោះឆ្នោត​របស់​រដ្ឋនេះ​បង្ហាញ​ថា ​យុវជន​រូប​នេះ​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​ជា​អ្នក​គ្រាំបក្សសាធារណរដ្ឋ។ 
 
ភ្នាក់ងារសម្ងាត់អាម៉េរិកបានអះអាងថា ខ្មាន់កាំភ្លើង ត្រូវបានសម្លាប់ ហើយយ៉ាងហោចណាស់មនុស្សម្នាក់ដែលចូលរួមក្នុងព្រឹត្តិការណ៍នៅទីក្រុង Butler រដ្ឋ Pennsylvania ក៏បានស្លាប់ដែរ។
 
មកទល់ពេលនេះ អាជ្ញាធរអាម៉េរិក​មិន​ទាន់​ប្រកាស​ពី​មូលហេតុ​នៃ​ការ​វាយប្រហារ​នេះ​នៅឡើយទេ។ មេដឹកនាំបក្សសាធារណរដ្ឋ និងប្រជាធិបតេយ្យបានថ្កោលទោសភ្លាមៗចំពោះការបាញ់ប្រហារនេះ។
 
លោកប្រធានាធិបតី ចូ បៃឌិន បានប្រាប់អ្នកសារព័ត៌មានក្រោយឧបទ្ទវហេតុថា៖ « វាឈឺ វាឈឺ ! នេះជាហេតុផលមួយដែលយើងត្រូវបង្រួបបង្រួមប្រទេសនេះ។ យើងមិនអនុញ្ញាតឱ្យរឿងនេះកើតឡើងបានទេ។ យើងមិនអាចទ្រាំទ្រនឹងរឿងនេះបានទេ»។
 
ព្រឹត្តិការណ៍បាញ់ប្រហារថ្ងៃទី១៣ ខែកក្កដា ជាការបាញ់ប្រហារលើកដំបូង សំដៅទៅលើប្រធានាធិបតីអាម៉េរិក ឬបេក្ខជនមកពីបក្សធំមួយ ចាប់តាំងពីមានការប៉ុនប៉ងធ្វើឃាតលើប្រធានាធិបតីសាធារណរដ្ឋ Ronald Reagan ក្នុងឆ្នាំ ១៩៨១។
 
ឧបទ្ទវហេតុនេះ បានកើតឡើងតិចជាងបួនខែមុនការបោះឆ្នោតប្រធានាធិបតីអាម៉េរិកនៅថ្ងៃទី៥ ខែវិច្ឆិកា ដែលលោក បៃឌិន និងលោក​ ត្រាំ នឹងត្រូវប្រជែងដណ្តើមកៅអីសេតវិមាន៕

អ្នកសរសេរអត្ថបទ

ធន់ សេងហុង បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០២២។ បច្ចុប្បន្ននេះ សេងហុងកំពុងសិក្សាផ្នែកសេដ្ឋកិច្ចនយោបាយ នៅសកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ ប្រទេសវៀតណាម។ សេងហុង ជាអ្នកតាមដានព័ត៌មានជាតិ និងអន្តរជាតិ ផ្តោតសំខាន់លើផ្នែកសេដ្ឋកិច្ច ។ Thun Senghong is a freelancer national and international news reporter at Thmey Thmey. He is currently studying at UEH University in Vietnam. He aims to cover current issues in economy.

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ធន់ សេងហុង (THUN Senghong)