គុនចម្រុះអាស៊ី៖ កម្ពុជា ឈរចំណាត់ថ្នាក់លេខ៥ នឹងមានអត្តពលិក៧រូប ទៅប្រកួតនៅថៃ
- ថ្ងៃចន្ទ ទី១៥ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង ៨:៥៩ នាទី យប់

ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជា ឈរនៅចំណាត់ថ្នាក់លេខ៥ នៃប្រទេសដែលចូលរួមប្រកួតព្រឹត្តិការណ៍យុទ្ធគុនចម្រុះជើងឯកអាស៊ី លើកទី២ (2nd AMMA Championship) ដោយដណ្ដើមបានមេដាយមាស១ ប្រាក់៥ និងសំរឹទ្ធ៩។ កីឡាករ-ការិនី ៧រូប នឹងត្រូវទៅចូលរួមការប្រកួតព្រឹត្តិការណ៍កីឡាក្នុងសាល និងយុទ្ធគុនអាស៊ី លើកទី៦ (6th Asian Indoor and Martial Arts Games) នៅប្រទេសថៃ។

ការប្រកួតយុទ្ធគុនចម្រុះជើងឯកអាស៊ី លើកទី២ ដែលធ្វើឡើងចាប់ពីថ្ងៃទី១១-១៣ ខែកក្កដា នៅវិមាននៃពហុកីឡដ្ឋានជាតិអូឡាំពិក មាន១៨ប្រទេសចូលរួម ដោយមានកីឡាករ-កីឡាការិនី១០១នាក់។ ១៨ប្រទេសនោះមាន៖ ហុងកុង ឥណ្ឌា ឥណ្ឌូណេស៊ី កាហ្សាក់ស្ថាន កូរ៉េខាងត្បូង កៀហ្ស៊ីស៊ីស្ថាន ចិន ម៉ាកាវ ម៉ាឡេស៊ី ម៉ុងហ្គោលី នេប៉ាល់ ហ្វីលីពីន សិង្ហបុរី ឆាយនីសតៃប៉ិ តាហ្ស៊ីគីស្ថាន ថៃ អារ៉ាប៊ីសាអូឌីត និងកម្ពុជា ជាម្ចាស់ផ្ទះ។
ឆ្លងកាត់ការប្រកួត៣ថ្ងៃនេះ កាហ្សាក់ស្ថាន ឈរនៅចំណាត់ ថ្នាក់លេខ១ ដោយដណ្ដើមបានមេដាយមាស៨ ប្រាក់២ និងសំរឹទ្ធ៣ តាមពីក្រោយដោយឥណ្ឌូណេស៊ី មេដាយមាស២ ប្រាក់២ និងសំរឹទ្ធ១។ ចំណែកចំណាត់ថ្នាក់លេខ៣ កៀហ្ស៊ីស៊ីស្ថាន ឈ្នះមេដាយមាស២ និងសំរឹទ្ធ៨ និងចំណាត់ថ្នាក់លេខ៤ ប្រទេសតាហ្ស៊ីគីស្ថាន ដណ្ដើមបានមេដាយមាស២។


ខៀវ ចិន្ដារ័ត្ន ប្រកួតយុទ្ធគុនចម្រុះ ជើងឯកអាស៊ី
កម្ពុជា ឈរនៅចំណាត់ថ្នាក់លេខ៥ ដណ្ដើមបានមេដាយមាស១ ប្រាក់៥ និងសំរឹទ្ធ៩។ រីឯចំណាត់ថ្នាក់លេខ៦ ឆាយនីសតៃប៉ិ ដណ្ដើមបានមេដាយមាស១ ប្រាក់៣ តាមពីក្រោយដោយហ្វីលីពីន ចំណាត់ថ្នាក់លេខ៧ មេដាយមាស១ ប្រាក់១ និងសំរឹទ្ធ២។ ចំណាត់ថ្នាក់លេខ៨ ប្រទេសម៉ុងហ្គោលី ដណ្ដើមបានមេដាយមាស១ និងសំរឹទ្ធ១។
តាមការបញ្ជាក់ លោក ជឹម ធារ៉ា អគ្គលេខាធិការសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា កីឡករ-កីឡាការិនីគុនចម្រុះកម្ពុជា ដែលបានមេដាយមាស និងមេដាយប្រាក់ ៧នាក់នឹងត្រូវចូលរួមប្រកួតព្រឹត្តិការណ៍កីឡាក្នុងសាល និងយុទ្ធគុនអាស៊ី លើកទី៦ (6th Asian Indoor and Martial Arts Games) នៅប្រទេសថៃ។ ដោយឡែក ក្នុងព្រឹត្តិការណ៍ 2nd AMMA Championship កម្ពុជា មានកីឡាការិនី១ម្នាក់បានមេដាយមាស១ និងកីឡាករ៥នាក់បានមេដាយប្រាក់ ចំពោះកីឡាករ-កីឡាការិនី បានមេដាយសំរិទ្ធ៩នាក់ នឹងត្រូវចម្រាញ់យកអ្នកល្អជាងគេ១រូប ដើម្បីចូលរួមប្រកួតព្រឹត្តិការណ៍នៅប្រទេសថៃ។ ព្រឹត្តិការណ៍នោះ នឹងចាប់ផ្ដើមនៅថ្ងៃទី២០-៣០ ខែវិច្ឆិកា ឆ្នាំ២០២៤៕

ខៀវ ចិន្ដារ័ត្ន ឈ្នះមេដាយមាស យុទ្ធគុនចម្រុះជើងឯកអាស៊ីលើកទី២
អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:
ព័ត៌មានពេញនិយម
-
៣ ថ្ងៃ