មេបាល់ទាត់កូឡុំប៊ី និងកូនប្រុសត្រូវចាប់ខ្លួន ជុំវិញបញ្ហាអ្នកគាំទ្រកាលជំនួបផ្តាច់ព្រ័ត្រ Copa America
- ថ្ងៃអង្គារ ទី១៦ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង ២:៣៣ នាទី រសៀល

ប្រធានសហព័ន្ធបាល់ទាត់កូឡុំប៊ី លោក Ramon Jesurun និងកូនប្រុសរបស់លោកឈ្មោះ Roman Jamil ត្រូវបានចាប់ខ្លួន ក្រោយពេលដែលមានហេតុការណ៍ប៉ះទង្គិចគ្នារវាងអ្នកគាំទ្រ ហើយបានវាយទៅលើមន្ត្រីការពារសន្តិសុខក្នុងកីឡដ្ឋាន ក្នុងទីក្រុង Miami អំឡុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Copa America 2024 កាលថ្ងៃទី១៥ ខែកក្កដា។

បើតាមសេចក្តីថ្លែងការណ៍របស់នាយកដ្ឋានប៉ូលិសទីក្រុង Miami លោក Jesurun វ័យ ៧១ឆ្នាំ និងកូនប្រុស វ័យ ៤៣ឆ្នាំ ត្រូវបានឃុំខ្លួន ដោយរងការចោទប្រកាន់ពីពាក់ព័ន្ធនឹងមន្ត្រី ឬបុគ្គលិកម្នាក់របស់ក្រុមជម្រើសជាតិ។ ការចោទប្រកាន់នោះ គឺទៅលើបញ្ហាដែលជាប់ពាក់ព័ន្ធទៅនឹងហេតុការណ៍ប៉ះទង្គិចគ្នារវាងអ្នកគាំទ្រ និងមន្ត្រីប៉ូលិសការពារក្បែកីឡដ្ឋាន ព្រោះតែអ្នកគាំទ្រកូឡុំប៊ី ដែលគ្មានសំបុត្រព្យាយាមផ្លោះរបងដើម្បីចូលទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រ។
អាហ្សង់ទីនបានប្រកួតយកឈ្នះលើក្រុមកូឡុំប៊ី លទ្ធផល ១-០ ក្នុងរយៈពេល ១២០នាទី នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Copa America ឆ្នាំ ២០២៤។
ទៅលើបញ្ហាដែលបានកើតឡើង ទាំងឪពុក និងកូន ដែលមានតួនាទីធំនៅក្នុងសហព័ន្ធបាល់ទាត់កូឡុំប៊ី មិនពានបកស្រាយបញ្ជាក់ពីបញ្ហាដែលបានកើតឡើងនោះឡើយ។
បើតាមសេចក្តីថ្លែងការណ៍របស់នាយកដ្ឋានប៉ូលិសទីក្រុង Miami ដែលផ្ញើទៅកាន់កាសែត BBC ការចាប់ខ្លួនលើបុរសមានតំណែងកំពូលក្នុងសហព័ន្ធបាល់ទាត់កូឡុំប៊ី ធ្វើឡើងក្រោយការប្រកួតក្នុងកីឡដ្ឋាន Hard Rock បានបញ្ចប់។ ទាំងលោក Jesurun និងកូនប្រុសលោក បានយើងដើរសំដៅទៅកាន់ច្រកផ្លូវចូលទីលាន និងបានស្រែកគំហគ ដោយការខឹងសម្បារ ទៅកាន់មន្ត្រីការពារសន្តិសុខម្នាក់ស្ថិតនៅទីនោះ ដែលជាអ្នកបានណែនាំឱ្យពន្យាពេលការប្រកួតដល់ទៅ ១ម៉ោង ព្រោះតែជួបបញ្ហាប៉ះទង្គិចរវាងអ្នកគាំទ្រ និងមន្រ្តីប៉ូលិស កើតឡើងមុនពេលប្រកួតនៅក្រៅកីឡដ្ឋាន។
តាមរយៈសេចក្តីថ្លែងការណ៍បន្ថែម លោក Ramon Jesurun បានរុញច្រានលើមេមន្ត្រីការពារសន្តិសុខក្នុងកីឡដ្ឋាន ចំណែកកូនប្រុសរបស់លោក បានយកដៃទៅចាប់ក មន្ត្រីម្នាក់នោះ និងបានរុញឱ្យក្រាបទៅផ្ទៃរាប ថែមទាំងបានវាយ និងបានទាត់ទៅលើមន្ត្រីរូបនោះត្រង់ក្បាល។ ប៉ូលិសទីក្រុង Miami អះអាងបន្ថែមថា កូនប្រុសលោក Jesurun ក៏បានរុញមន្ត្រីសន្តិសុខជាស្រ្តី ដែលព្យាយាមបញ្ឈប់អំពើហិង្សានោះថែមទៀត។
លើបញ្ហាទាំងនេះសហព័ន្ធបាល់ទាត់កូឡុំប៊ី នៅមិនទាន់មានការឆ្លើយតបអ្វីឡើយគិតមកដល់ពេលនេះ។ ចំណែកហេតុការណ៍ដែលកើតឡើង នៅក្រៅកីឡដ្ឋាន Hard Rock ដែលអ្នកគាំទ្រកូឡុំប៊ីគ្មានសំបុត្រព្យាយាមសម្រុកចូលកីឡដ្ឋាន អ្នកគាំទ្រមួយចំនួន ក៏ត្រូវបានចាប់ខ្លួន ពេលបង្កការប៉ះទង្គិចជាមួយនឹងមន្រ្តីប៉ូលិស និងកងការពារសន្តិសុខ៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: