អត្តពលិកថៃ ៥១នាក់ទៅអូឡាំពិកប៉ារីស ច្រើនជាងគេប្រចាំអាស៊ីអាគ្នេយ៍ កម្ពុជា ឡាវ ព្រុយណេ មាន៣រូប
- ថ្ងៃអង្គារ ទី១៦ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង ៥:៥៩ នាទី ល្ងាច

ថៃ មានអត្តពលិកទៅចូលរួមប្រជែងមេដាយកីឡាអូឡាំពិកក្នុងប៉ារីសរដូវក្តៅ ឆ្នាំ ២០២៤ ចំនួន៥១នាក់ ច្រើនជាងគេប្រចាំតំបន់អាស៊ីអាគ្នេយ៍ ខណៈមីយ៉ាន់ម៉ា តិចជាងគេត្រឹម២នាក់ប៉ុណ្ណោះ។ កម្ពុជា ឡាវ និងព្រុយណេ មាន៣រូបដូចគ្នា ខណៈមីយ៉ាន់មានតែ២រូបប៉ុណ្ណោះ។

អត្តពលិក ចំនួន១១ប្រទេស ពីតំបន់អាស៊ីអាគ្នេយ៍សរុប ១៨២រូប នឹងទៅចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងប៉ារីស ដែលនឹងចាប់ផ្តើមផ្លូវការពីថ្ងៃទី២៦ ខែកក្កដា រហូតដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ ២០២៤។
ក្នុងចំណោមអត្តពលិកទាំង១១ប្រទេសនៅអាស៊ីអាគ្នេយ៍ ថៃ មានអត្តពលិកច្រើនជាងគេឆ្លងផុតវគ្គជម្រុះទៅកាន់ប្រទេសបារាំងក្នុងចំនួន ៥១នាក់ តាមពីក្រោយដោយឥណ្ឌូណេស៊ី ២៩នាក់ និងម៉ាឡេស៊ី ស្ថិតនៅលេខរៀងទី៣ មាន២៦នាក់។
ចំនួនអត្តពលិកបន្តបន្ទាប់ទៀតមាន សិង្ហបុរី ២៣នាក់ ហ្វីលីពីន ២២នាក់ វៀតណាម ១៦នាក់ ទីម័រខាងកើត ៤នាក់ ព្រុយណេ ៣នាក់ កម្ពុជា ៣នាក់ ឡាវ ៣នាក់ និងមីយ៉ាន់ម៉ា ២នាក់។
កម្ពុជា មិនមានអត្តពលិកជាប់វគ្គជម្រុះឡើយ ដោយអត្តពលិកទាំង៣នាក់ ក្នុងនោះហែលទឹក២រូប និងអត្តពលកម្ម១រួប ស្ថិតក្រោមការអញ្ញើញរបស់អូឡាំពិកប៉ុណ្ណោះ។ ព្រុយណេ ក៏ដូចកម្ពុជា ផងដែរ។
ដោយឡែក អត្តពលិក៣រូបរបស់ឡាវ មានកីឡាការិនី១រូប ជាប់វគ្គជម្រុះប្រភេទកីឡាកាយសម្ព័ន្ធ និងពីររូបទៀតជាកីឡាហែលទឹក ក្រោមការអញ្ជើញរបស់អូឡាំពិក។
អត្តពលិកពីររូបរបស់មីយ៉ាន់ម៉ា មានកីឡាការិនី១រូប ជាប់វគ្គជម្រុះប្រភេទកីឡាវាយសី និងកីឡាករហែលទឹក១រូប ក្រោមការអញ្ជើញរបស់អូឡាំពិក។ ទីម័រខាងកើត ក៏មានអត្តពលិកម្នាក់ឈ្នះវគ្គជម្រុះផងដែរ លើប្រភេទកីឡាតេក្វាន់ដូ WT ផ្នែកនារី និង៣រូបទៀត មានអត្តពលកម្ម១រូប និងហែលទឹកពីររូប តាមរយៈការអញ្ជើញ។
កីឡាអូឡាំពិករដូវក្តៅ ក្រុងប៉ារីស ដែលជាព្រឹត្តិការណ៍កីឡាលំដាប់ពិភពលោកលើកទី៣៣ នឹងមានកីឡាករ កីឡាការិនី សរុបចំនួន១០៥០០នាក់ ចូលរួមប្រជែងមេដាយ ក្នុង៣២ប្រភេទកីឡា លើ៣២៩វិញ្ញាសា៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: