ត្រឹម៤ឆ្នាំ Messi ឈ្នះពានលំដាប់កំពូលចំនួន៤ ជាមួយអាហ្សង់ទីន
- ថ្ងៃអង្គារ ទី១៦ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង ៩:២៩ នាទី យប់

ខ្សែប្រយុទ្ធ Lionel Messi បានអបអរជ័យជម្នះពានរង្វាន់ Copa America ឆ្នាំ ២០២៤ ជាមួយនឹងក្រុមជម្រើសជាតិអាហ្ស់ទីន និងជាពានរង្វាន់កំណត់ត្រាទី៤៥ ក្នុងអាជីពរបស់កីឡាករវ័យ ៣៧ឆ្នាំ។ Messi ឈ្នះពានអន្តរជាតិធំៗចំនួន ៤ ក្នុងរយៈពេល ៤ឆ្នាំ ចុងក្រោយជាមួយជម្រើសជាតិអាហ្សង់ទីន។

គិតត្រឹមឆ្នាំ ២០២០ អាហ្សង់ទីនមិនទទួលបានពាន១ណាឡើយ។ ចូលដល់ឆ្នាំ២០២១ ប្រធានក្រុម Messi បានជួយក្រុមឈ្នះជើងឯក Copa America 2021 មុនក្រុមជើងខ្លាំងមកពីទ្វីបអាមេរិកខាងត្បូងមួយនេះ បន្តឈ្នះពាន Finalissima ទល់នឹងក្រុមជើងឯកទ្វីបអឺរ៉ុប Euro 2021 អ៊ីតាលី។ ចូលដល់ឆ្នាំ ២០២២ រកបានពានកំពូលទី៣ ក្រោយគ្រងជើងឯក FIFA World Cup 2022 នៅប្រទេសកាតា។
នៅ ឆ្នាំ ២០២៤ អាហ្សង់ទីន បានប្រកួតយកឈ្នះលើក្រុមកូឡុំប៊ី លទ្ធផល ១-០ ក្នុងវគ្គផ្តាច់ព្រ័ត្រ Copa America ដោយការពារតំណែងខ្លួនបានសម្រេច និងឈ្នះពានលើកទី ១៦ ក្នុងប្រវត្តិសាស្ត្រ។ ត្រឹមរយៈពេល៤ឆ្នាំ អាហ្សង់ទីនអាចគ្រងជើងឯកពានរង្វាន់កម្រិតកំពូលអន្តរជាតិ និងទ្វីបសរុបចំនួន៤។
កីឡាករវ័យ ៣៧ឆ្នាំ ម្ចាស់ពាន Ballon d’Or ៨សម័យ ក៏បានក្លាយជាកីឡាករមួយដែលជោគជ័យខ្លាំងបំផុតប្រចាំប្រវត្តិសាស្ត្របាល់ទាត់ ក្រោយពេលរូបគេបន្តឈ្នះពាន Copa America 2024។ Messi ពេលនេះក៏បានបូកបន្ថែមពានរង្វាន់ទ្វីបអាមេរិកខាងត្បូងបន្ថែមមួយទៀត ទៅកាន់កំណត់ត្រាពានរង្វាន់ក្នុងអាជីព និងជាពានទី ៤៥ឆ្នាំ របស់រូបគេ។
អតីតកីឡាករ Barcelona និង PSG ក្រោយបញ្ចប់ការប្រកួតក៏បានបង្ហោះសារនៅលើបណ្តាញសង្គម Instagram អបអរជាមួយនឹងអ្នកគាំទ្រ ចំពោះការឈ្នះពានរង្វាន់ដ៏សំខាន់ជាមួយជម្រើសជាតិ។ Messi បានសរសេរខ្លីដូច្នេះ«បន្ថែម (ពាន)១ទៀត» ទៅកាន់អ្នកគាំទ្រដែលតាមដានលើ Instagram ជាង ៥០០លាននាក់របស់គេ។
ចំណែកប្រពន្ធរបស់តារាបាល់ទាត់វ័យ ៣៧ឆ្នាំ នាង Antonela Roccuzzo ក៏បានបង្ហោះរូបភាពអបអរដល់ប្តីរបស់ខ្លួន ក៏ដូចជាសរសេរសារអបអរដល់ក្រុមជម្រើសជាតិអាហ្សង់ទីន ដែលឈ្នះពានប្រចាំទ្វីបអាមេរិកជាថ្មីម្តងទៀត។
ដោយឡែកសម្រាប់ Messi វិញ អំឡុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ រូបគេបង្ហាញខ្លួនលេងបានត្រឹមតែពាក់កណ្តាលវគ្គតែប៉ុណ្ណោះ ដោយរូបគេត្រូវប្តូរចេញព្រោះតែរបួសក៏ជើងធ្ងន់ធ្ងរ ក្រោយការប៉ះទង្គិចពីកីឡាករកូឡុំប៊ី។ បច្ចុប្បន្ន Messi កំពុងស្ថិតក្នុងជំរំហ្វឹកហាត់របស់ក្រុម Inter Miami ដែលរូបគេកំពុងប្រកបអាជីព៕
អ្នកសរសេរអត្ថបទ
អ្នកយកព័ត៌មានកីឡា

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:
ព័ត៌មានពេញនិយម
-
៣ ថ្ងៃ