ដាយ អុិឈិ ឡាយហ្វ៍ ទទួលបានពានរង្វាន់
- ថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង ៨:៥៩ នាទី ព្រឹក

ដាយ អ៊ិឈិ ឡាយហ្វ៍ ទទួលបានពានរង្វាន់ "ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអន្តរជាតិល្អបំផុតប្រចាំឆ្នាំនៅក្នុងប្រទេសកម្ពុជា" រយៈពេល២ឆ្នាំជាប់ៗគ្នាពីកម្មវិធី Insurance Asia Awards ដែលធ្វើឡើងកាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាត Marina Bay Sand ប្រទេសសិង្ហបុរី។
Insurance Asia Awards ត្រូវបានគេទទួលស្គាល់ថា ជាកម្មវិធីពានរង្វាន់ដ៏ធំបំផុតមួយនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ កម្មវិធីនេះ ទទួលស្គាល់ពីការខិតខំប្រឹងប្រែង ការប្តេជ្ញាចិត្ត និងការច្នៃប្រឌិតរបស់ក្រុមហ៊ុន ដែលអាចបង្កើតការផ្លាស់ប្តូរសម្រាប់ជីវិតរស់នៅរបស់អតិថិជន តាមរយៈការច្នៃប្រឌិតថ្មីៗ។
លោក Mah Kin Yoong អគ្គនាយកប្រតិបត្តិស្តីទីនៃក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ បានចែករំលែកថា៖ «យើងមានមោទកភាព ដែលបានឈ្នះពានរង្វាន់នេះជាថ្មីម្តងទៀត។ ក្នុងការសម្រេចបានសមិទ្ធផលនេះ គឺមិនអាចទៅរួចទេ ប្រសិនបើមិនមានការប្រឹងប្រែងពីក្រុមការងារទាំងអស់របស់យើង ដែលជាកម្លាំងដ៏សំខាន់ នៅពីក្រោយភាពជោគជ័យរបស់ក្រុមហ៊ុន។»។

លោកបានបន្ថែមថា៖ «យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទំនុកចិត្ត និងការបន្តគាំទ្ររបស់និយ័តករធានារ៉ាប់រងកម្ពុជា អតិថិជន និងដៃគូអាជីវកម្ម។ កិច្ចប្រឹងប្រែងរួមគ្នានេះ ស្របតាមគោលបំណងរបស់ក្រុមហ៊ុន «សហការជាមួយលោកអ្នក ដើម្បីកសាងអនាគតកាន់តែប្រសើរ និងមានសុវត្ថិភាព»។ នេះក៏ជាសមិទ្ធផលដ៏គួរឱ្យចងចាំមួយផងដែរ ព្រោះវាស្របជាមួយនឹងខួប៥ឆ្នាំរបស់យើងនៅកម្ពុជា»។
ការរីកចម្រើន និងការពង្រីកខ្លួនយ៉ាងឆាប់រហ័ស
ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ ដាយ អ៊ិឈិ ឡាយហ្វ៍ បានផ្តល់សំណង និងអត្ថប្រយោជន៍បន្ថែមសរុបជាង ៤៥ ម៉ឺនដុល្លារអាមរិក និងបានការពារអតិថិជនជាង២ម៉ឺននាក់នៅកម្ពុជា។ ក្រុមហ៊ុនមានទីស្នាក់ការកណ្តាល ការិយាល័យសាខាចំនួន២ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលចំនួន៣ ហើយឥឡូវនេះ ជាមួយនឹងការប្តេជ្ញាចិត្តរយៈពេលវែងនៅកម្ពុជា ពួកគាកំពុងពង្រីកមជ្ឈមណ្ឌលបណ្តុះបណ្តាលទៅកាន់ខេត្តចំនួន២បន្ថែមទៀត។ ចាប់ពីខែកញ្ញាឆ្នាំ២០២៣ ក្រុមហ៊ុនបានបន្តរីកចម្រើន ដោយបានជ្រើសរើសភ្នាក់ងារអាជីពទាំងពេញម៉ោង និងក្រៅម៉ោងសរុបជាង២០០នាក់ តាមរយៈកម្មវិធីបណ្តុះបណ្តាលតាមបែបស្តង់ដាជប៉ុនរបស់ខ្លួន។ ក្រុមហ៊ុនមិនត្រឹមតែជួយបង្កើតឱកាសការងារប៉ុណ្ណោះទេ ថែមទាំងបានពង្រីកការទទួលបានសុវត្ថិភាពផ្នែកហិរញ្ញវត្ថុទៅកាន់គ្រួសារនៅកម្ពុជាកាន់តែច្រើនផងដែរ។
ការច្នៃប្រឌិតផលិតផល និងសេវាកម្ម ដើម្បីបំពេញតម្រូវការក្នុងស្រុក
ដោយទទួលស្គាល់ពីតម្រូវការកើនឡើងរបស់អតិថិជន ដាយ អ៊ិឈិ ឡាយហ្វ៍ បានដាក់សម្ពោធផលិតផលថ្មីមួយឈ្មោះថា 'EASYCare' កាលពីខែមេសា ឆ្នាំ២០២៤នេះ ដើម្បីដោះស្រាយគម្លាតនៃលទ្ធភាពទទួលបានធានារ៉ាប់រងអាយុជីវិត។ ផលិតផលនេះត្រូវបានបង្កើតឡើង ដើម្បីបំពេញតម្រូវការអតិថិជនសម្រាប់កញ្ចប់ធានារ៉ាប់រងដែលមានតម្លៃសមរម្យ រហ័ស និងងាយស្រួលក្នុងការទិញ ដែលជួយសម្រួលដល់ការទទួលបានធានារ៉ាប់រងអាយុជីវិត។
ការបង្កើនភាពជាដៃគូយុទ្ធសាស្ត្រ
ក្នុងរយៈពេលត្រឹមតែ៥ឆ្នាំ ដាយ អ៊ិឈិ ឡាយហ្វ៍ បានបង្កើតភាពជាដៃគូចំនួន៤ ជាមួយធនាគារវឌ្ឍនៈ ធនាគារសាខម ធនាគារ អ អេច ប៊ី និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ដើម្បីជួយជម្រុញបង្កើនបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា។ ក្រៅពីភាពជាដៃគូជាមួយធនាគារដៃគូ ក្រុមហ៊ុនក៏បន្តពង្រីកដៃគូថ្មីផងដែរ ដោយថ្មីៗនេះ បានចុះអនុស្សារណៈយោគយល់គ្នា (MOU) ជាមួយ Think Think Cambodia និងសាលាមត្តេយ្យអន្តរជាតិជប៉ុន Japanese International School of Phnom Penh (JISPP)។
ការគាំទ្រសុខុមាលភាពរបស់សហគមន៍
ដាយ អ៊ិឈិ ឡាយហ្វ៍ តែងតែគាំទ្រដល់កិច្ចការងារផ្សេងៗក្នុងសហគមន៍ ដែលឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការយកចិត្តទុកដាក់របស់ក្រុមហ៊ុនចំពោះសហគមន៍។ គំនិតផ្តួចផ្តើមថ្មីៗនេះ រួមមានការបរិច្ចាគថវិកាទៅកាន់មជ្ឈមណ្ឌលកុមារ បេះដូងជប៉ុន ដើម្បីជួយទ្រទ្រង់ដល់ការថែទាំ និងព្យាបាលអ្នកជំងឺ និងសាងសង់អគារមន្ទីរពេទ្យថ្មីនៅខេត្តកណ្តាល។


អំពី ដាយ អ៊ិឈិ ឡាយហ្វ៍
ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ អ៊ីនសួរ៉ិនស៍ (ខេមបូឌា) ម.ក គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានការរីកលូតលាស់លឿនមួយនៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេលត្រឹមតែជាង ៥ឆ្នាំប៉ុណ្ណោះ។ ដាយ អ៊ិឈិ ឡាយហ្វ៍ ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Dai-ichi Life Holdings, Inc. (“DLHD”) ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេក្នុងប្រទេសជប៉ុនអស់រយៈពេលជាង ១២១ ឆ្នាំ ជាប្រវត្តិសាស្ត្រ និងបានចុះបញ្ជីនៅលើទីផ្សារភាគហ៊ុនតូក្យូស្តុកអ៊ិចឆេង (Tokyo Stock Exchange)។
ចាប់តាំងពីបង្កើតក្រុមហ៊ុន DLHD ក្នុងឆ្នាំ ១៩០២មក យើងបានប្តេជ្ញាចិត្តសហការជាមួយដៃគូពាក់ព័ន្ធទាំងអស់ ដើម្បីកសាងអនាគតកាន់តែប្រសើរ និងមានសុវត្ថិភាពសម្រាប់គ្រប់គ្នា។ ក្រុមហ៊ុនបាននាំយកការប្តេជ្ញាចិត្តដូចគ្នាមកកម្ពុជា ដោយនាំមកនូវដំណោះស្រាយហិរញ្ញវត្ថុដ៏ច្នៃប្រឌិតដែលសមស្របតាមតម្រូវការលោកអ្នក។ តម្លៃស្នូល «យើងគិតគូរ យើងធ្វើអ្វីដែលត្រូវ និងយើងច្នៃប្រឌិតថ្មី» បានណែនាំគ្រប់ការសម្រេចចិត្តទាំងអស់របស់ក្រុមហ៊ុន។ ក្នុងនាមជាដៃគូរបស់លោកអ្នក ដាយ អ៊ិឈិ ឡាយហ្វ៍ នឹងនៅគាំទ្រដល់សុខមាលភាពរបស់លោកអ្នក និងក្រុមគ្រួសារជានិច្ច។
*ដាយ អ៊ិឈិ ឡាយហ្វ៍ ហូលឌីង អ៊ីង មានគ្រឹះមូលធនដ៏រឹងមាំ ជាមួយនឹងទ្រព្យសម្បត្តិសរុបចំនួន ៤៤៥.០៨ ពាន់លានដុល្លារ និងបុព្វលាភធានារ៉ាប់រងជាង ៤៩.៧១ពាន់លានដុល្លារ។ (គិតត្រឹមថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២៤)៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com