កីឡាករគុនខ្មែរត្រៀមទស្សនា​ចម្លាក់​គុនខ្មែរលើជញ្ជាំង​ប្រាសាទនានា
  • ថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ២០២៤ ​​ ម៉ោង ១២:៥៩ នាទី រសៀល
កីឡាករគុនខ្មែរត្រៀមទស្សនា​ចម្លាក់​គុនខ្មែរលើជញ្ជាំង​ប្រាសាទនានា

សៀមរាប៖ កីឡាករគុនខ្មែរល្បីៗជាង​១០នាក់នឹងត្រៀមធ្វើដំណើរមកកាន់​ខេត្ត​សៀមរាបនាពេលខាងមុខនេះដើម្បីចូលរួមសកម្មភាពកីឡាមួយចំនួន ក្នុងនោះ ក៏មានកម្មវិធីទស្សនា​ក្បាច់ចម្លាក់គុនខ្មែរ​នៅលើជញ្ជាំងប្រាសាទ​នានាផង​ដែរ។ គ្រូក្បាច់​គុនខ្មែរ និងបុរាណវិទូ នឹងបង្ហាញប្រាប់ប្រវត្តិនានាទាក់ទងទៅ​​នឹងក្បាច់គុន​ខ្មែរ​នៅ​លើជញ្ជាំងប្រាសាទនានា​​នៅ​កាន់ក្រុមកីឡាករគុនខ្មែរ ។
TTN-Free-Banner-In-Article-PC
 
ក្នុងគោលបំណងបំផុសស្មារតីកីឡាករគុនខ្មែរបន្ថែមទៀត អគ្គនាយកដ្ឋានកីឡា​​នៃក្រសួងអប់រំ យុវជន និងកីឡា, អាជ្ញាធរជាតិអប្សរា និងក្លិបទេសចរណ៍​ខេត្តសៀម​រាប​ត្រៀមបង្កើតដំណើរទស្សកិច្ចសិក្សាស្វែងយល់ប្រវត្តិក្បាច់​គុនខ្មែរដែលមាន​ឆ្លាក់នៅលើជញ្ជាំងប្រាង្គ​ប្រាសាទនានានៅក្នុងខេត្តសៀមរាប។ 
 
កីឡាករគុនខ្មែរថ្នាល អាជីព ស្រី ប្រុស ប្រមាណជាជាង​១០នាក់នឹងធ្វើដំណើរ​មក​កាន់​ខេត្តសៀមរាបនា​ខាងមុខនេះដើម្បី​ស្វែងយល់ពីសាវ​តានៃ​ក្បាច់គុនខ្មែរដែលមាន​ឆ្លាក់នៅ​លើ​ជញ្ជាំងប្រាសាទជាច្រើននៅក្នុងខេត្តសៀម​រាប។ បុរាណវិទូ គ្រូក្បាច់​គុនខ្មែរ​ និងអ្នក​ជំនាញ​កីឡាជាច្រើននាក់បាន​បញ្ជាក់ថា ក្បាច់គុនខ្មែរ​មាន​កំណើត​ច្រើនពាន់ឆ្នាំមក​ហើយ ហើយរូប​ចម្លាក់នៅលើជញ្ជាំង​ប្រាសាទ​ជាភស្តុតាង​ស្រាប់។ 
 
កីឡាករគុនខ្មែរដែលត្រៀមមកទស្សនារូបចម្លាក់គុនខ្មែរនៅលើជញ្ជាំងប្រាង្គប្រាសាទ​នឹងត្រូវធ្វើសកម្មភាពកីឡាមួយចំនួន ដូចជា ដើរនៅក្នុងសួនរុក្ខជាតិអង្គរ, ជិះកង់ នៅក្នុងព្រៃអង្គរ, រត់ឡើងភ្នំបាក់ខែង។ល។ បន្ទាប់មក កីឡាករទាំងអស់នឹង​ទស្សនា​រូបចម្លាក់គុនខ្មែរនៅតាមជញ្ជាំងប្រាសាទបាយ័ន អង្គរវត្ត និងប្រាសាទដទៃទៀត។ 
 


ទស្សនកិច្ចសិក្សានេះ អនុញ្ញាតឲ្យកីឡាករគុនខ្មែរយល់ដឹងកាន់តែច្បាស់​ពីតម្លៃ​នៃ​វប្បធម៌ដូនតារបស់ខ្មែរ។ គុនខ្មែរចេញពីអាណាចក្រខ្មែរ ឆ្ពោះទៅកាន់ពិភពលោក។ 
 
នៅក្នុងដំណើរទស្សនកិច្ចមកកាន់ខេត្តសៀមរាបនៅថ្ងៃទី១៧ខែកក្កដាឆ្នាំ​២០២៤​ លោក ប៉ុន សុខ អគ្គនាយក​នៃអគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំ ដែល​បានជួបពិភាក្សាជាមួយ​តំណាងអាជ្ញា​ធរជាតិ​អប្សរា និង​ក្លិបទេសចរណ៍ខេត្តសៀមរាប បានបញ្ជាក់ថា វិស័យ​កីឡា និងទេសចរណ៍នេះ គឺជាវិស័យប្រទាក់ក្រឡាគ្នា​ និងលើកស្ទួយគ្នាទៅវិញទៅមក។ 
 
លោកបានបន្តបញ្ចាក់ទៀតថា៖«ការងាររបស់យើង គឺ​ទស្សនាចម្លាក់គុនខ្មែរនៅលើ​ជញ្ជាំង​ប្រាសាទនានាផង ហើយវាក៏ជាពេលវេលា ស្រាវជ្រាវ និងចងក្រង​ប្រវត្តិប្រវត្តិគុនខ្មែរបន្ថែមទៀតសម្រាប់ក្មេងជំនាន់ក្រោយ»។ 
 
នៅក្នុងដំណើរទស្សន​កិច្ច​ដដែលនេះ លោក​ ប៉ុន សុខ អគ្គនាយក​នៃអគ្គនាយកដ្ឋាន​កីឡា​នៃ​ក្រសួងអប់រំ ក៏ត្រៀមបង្កើតសកម្មភាពកីឡា-ទេសចរណ៍មួយចំនួនផ្សេង​ទៀតជា​មួយ​ក្លិបទេសចរណ៍ខេត្តសៀមរាបនាពេលខាងមុខ៕ 

អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

សារព័ត៌មានថ្មីៗ