រដ្ឋាភិបាលបង្កើតអង្គភាពសវនកម្មពន្ធដារពិសេស ដើម្បីពន្លឿនការដោះស្រាយបញ្ហាអ្នកជាប់ពន្ធ
- ថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង ៦:៥៩ នាទី ល្ងាច

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ប្រមុខរដ្ឋាភិបាលសម្តេច ហ៊ុន ម៉ាណែត សម្រេចបង្កើតអង្គភាពសវនកម្មពន្ធដារពិសេស ដើម្បីជំរុញ និងពន្លឿនការដោះស្រាយបញ្ហានានារបស់អ្នកជាប់ពន្ធពាក់ព័ន្ធ នឹងការងារសវនកម្មពន្ធដារឱ្យបានឆាប់រហ័ស។ ការសម្រេចរបស់សម្តេចនាយករដ្ឋមន្ត្រីនេះ គឺធ្វើឡើងស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារ សំដៅដល់ការកែលម្អបរិយាកាសធុរកិច្ច និងការវិនិយោគ។

តាមអនុក្រឹត្យចុះកាលពីថ្ងៃទី១៦ ខែកក្កដា អង្គភាពសវនកម្មពន្ធដារពិសេស ដែលមានថ្នាក់ស្មើនាយកដ្ឋាន ជាអង្គភាពចំណុះឱ្យអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ អង្គភាពនេះ មានតួនាទីគ្រប់គ្រងនិងធ្វើការងារសវនកម្មពន្ធដារស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន និងសៀវភៅណែនាំស្តីពីបែបបទនិងនីតិវិធីនៃការធ្វើវសនកម្មពន្ធដារសម្រាប់មន្ត្រីជាប់ពន្ធ និងអ្នកជាប់ពន្ធលើសហគ្រាសដែលស្ថិតនៅក្រោមសមត្ថកិច្ច។
អង្គភាពនេះក៏ទទួលបន្ទុកលើការពិនិត្យផ្ទៀងផ្ទាត់ឯកសារ និងវិភាគហានិភ័យនៅនឹងអង្គភាពសវនកម្មពន្ធដារ។ ពិសេសអង្គភាពត្រូវធ្វើសវនកម្មពេញលេញតែមួយលើក ដោយពុំចាំបាច់ធ្វើសវនកម្មលើលិខិត ស្នាមនិងសវនកម្មមានកម្រិត លើសហគ្រាសដែលស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន។ អនុក្រឹត្យរបស់សម្តេច ហ៊ុន ម៉ាណែត បានបញ្ជាក់ថា អង្គភាពត្រូវរៀបចំផែនការសវនកម្មពន្ធដារពិសេសប្រចាំឆ្នាំដោយផ្អែកលើសៀវភៅណែនាំស្តីពីការកំណត់ ហានិភ័យលើសហគ្រាសដែលស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន ហើយអាចធ្វើសវនកម្មតាមការស្នើសុំពីសហគ្រាសដែលស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន។
«ពិសេសអង្គភាពត្រូវអនុវត្តការងារតាមបែបបទនិងនីតិវិធីការងារស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារជាធរមាន»។ នេះជាភារកិច្ចរបស់អង្គភាពសវនកម្មពន្ធដារពិសេសដែលត្រូវជូនព័ត៌មានទៅសាម៉ីសហគ្រាសអំពីមូលហេតុនៃការជ្រើសរើសយកសហគ្រាសដើម្បីធ្វើសវនកម្មពន្ធដារ និងត្រូវធ្វើរបាយការណ៍ស្តីពីលទ្ធផលការងារប្រចាំខែ ត្រីមាស ឆមាស និងឆ្នាំ។
អនុក្រឹត្យស្តីពី «ការបង្កើតអង្គភាពសវនកម្មពន្ធដារពិសេស» បានបញ្ជាក់ថា ចំពោះសហគ្រាសដែលត្រូវផ្ទេរឱ្យស្ថិតនៅក្រោមសមត្ថកិច្ចអង្គភាពនេះ អាចជាសហគ្រាសក្នុងចំណោមសហគ្រាសដែលទទួលបានវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទមាស និងសហគ្រាសផ្សេងទៀតតាមរយៈគណៈកម្មការដែលត្រូវបានបង្កើតដោយអគ្គនាយកពន្ធដារ។ អង្គភាពសវនកម្មពន្ធដារពិសេស ក៏អាចស្នើសុំទៅអគ្គនាយកដ្ឋានពន្ធដារ និងពិនិត្យ និងដោះស្រាយបញ្ហានៅសេសសល់ដែលពុំទាន់ត្រូវបានបញ្ចប់ពាក់ព័ន្ធនឹងការធ្វើវសនកម្មកន្លងមករបស់សហគ្រាសក្រោមកិច្ចសហការជាមួយអង្គភាពពាក់ព័ន្ធចំណុះអគ្គនាយកដ្ឋានពន្ធដារ។
ប្រធាន និងអនុប្រធាននៃអង្គភាពសវនកម្មពន្ធដារពិសេស គឺជាមន្ត្រីក្របខណ្ឌមុខងារសាធារណៈដែលកំពុងបម្រើការងារនៅអគ្គនាយកដ្ឋាននៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលត្រូវតែងតាំងឱ្យទទួលតួនាទីបន្ថែមពីការងារបច្ចុប្បន្ន។ ដោយឡែក មន្ត្រីនៃអង្គភាពនេះ ត្រូវជ្រើសរើសក្នុងចំណោមមន្ត្រីពន្ធដារដែលទទួលបាននីតិសម្បទាជាមន្ត្រីនគរបាលយុត្តិធម៌ និងភ្នាក់ងារនគរបាលយុតិធម៌ ស្របតាមមាត្រា ២២៩នៃច្បាប់សារពើពន្ធ៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: