សាលាក្រុងសេអ៊ូល ដាក់វិធានការ​បំរាមគោចរ​ក្នុង​សង្កាត់បុរាណ​ ដើម្បីគ្រប់គ្រងទេសចរដែលច្រើនជ្រុល
  • ថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ២០២៤ ​​ ម៉ោង ៧:២៩ នាទី ល្ងាច
សាលាក្រុងសេអ៊ូល ដាក់វិធានការ​បំរាមគោចរ​ក្នុង​សង្កាត់បុរាណ​ ដើម្បីគ្រប់គ្រងទេសចរដែលច្រើនជ្រុល
ទេសចរដើរក្នុងសង្កាត់បុរាណ Buckchon ទីក្រុងសេអ៊ូល AP - Amir Bibawy

ដោយ៖ម៉ម ពិសី (RFI ខេមរភាសា) 
 
ដើម្បីគ្រប់គ្រងទៅលើ​ចំនួនទេសចរច្រើនជ្រុលហួសប្រមាណ ដែលទៅទស្សនា​សង្កាត់បុរាណ Bukchon ​ក្នុងទីក្រុងសេអ៊ូល សាលាក្រុងសេអ៊ូល បានប្រកាសកាលពីថ្ងៃចន្ទ ទី​១៥ ខែកក្កដា ថាគេនឹង​អនុវត្ត​វិធានការដាក់​បំរាមគោចរ ក្នុងសង្កាត់បុរាណ​នេះ​។ វិធានការ​ថ្មី ត្រូវបានសម្រេចឡើង បន្ទាប់ពីមានការទាមទារ​ ពីសំណាក់​ប្រជាពលរដ្ឋ ដែលរស់នៅក្នុងសង្កាត់នេះ ដែលពួកគេត្អូញត្អែរពីសំឡេងរំខាន និង​កាកសំណល់បន្សល់ទុកដោយ​ទេសចរ ដ៏ច្រើនសន្ធឹកសន្ធាប់​ជារៀងរាល់ថ្ងៃ។
TTN-Free-Banner-In-Article-PC
 
ចាប់ពីខែតុលាទៅ សាលាក្រុងសេអ៊ូល នឹងចាប់​ផ្តើមអនុវត្តវិធានការថ្មី ដើម្បីដាក់បំរាម​គោចរ ទៅលើភ្ញៀវទេសចរទាំងអស់ ដែលចង់ចូលទៅ​ទស្សនា​សង្កាត់បុរាណ Bukchon។ តាមរយៈវិធានការថ្មី​នេះ ចាប់ពីម៉ោង​៥ល្ងាចដល់ម៉ោង១០ព្រឹក គឺគ្មាននរណាម្នាក់ អាចចូលទៅក្នុងសង្កាត់បុរាណនេះបានទៀតទេ លើកលែងតែអ្នកដែលមាន​ផ្ទះរស់នៅក្នុងសង្កាត់នេះ​។ ធ្វើបែបនេះ គឺដើម្បី​ឲ្យ​ប្រជាពលរដ្ឋដែលរស់នៅទីនេះ បានទទួល​នូវភាពស្ងប់ស្ងាត់។ បន្ថែមពីនេះ អាជ្ញាធរក្រុងសេអ៊ូល នឹងចាប់ផ្តើម​កាត់​បន្ថយ​បន្តិចម្តងៗ នូវ​ការបើកបរ​រថយន្ត​ដឹកភ្ញៀវទេសចរ ដែល​​ធ្វើដំណើរចូលទៅក្នុងសង្កាត់នេះ។
 
សូមបញ្ជាក់ថា សង្កាត់ Bukchon គឺជាសង្កាត់បុរាណមួយ នៅខាងជើងទីក្រុងសេអ៊ូល។ មានចំណាស់ប្រមាណ​ជា​៦០០ឆ្នាំ តាំងតែពីរាជវង្ស Josoen។ សង្កាត់នេះសំបូរទៅដោយផ្ទះបុរាណទាបៗ ដំបូលប្រក់​ក្បឿង និង​ផ្លូវតូចៗកាច់កុងខ្វាត់ខ្វែង ចុះទួលឡើងទួល ក្រាលដោយថ្ម​បុរាណ​។ 
 
ផ្អែកតាមតួលេខផ្លូវការ​របស់កូរ៉េខាងត្បូង សង្កាត់បុរាណ​តូចមួយនេះ មាន​ទេសចរមកទស្សនា​ ប្រមាណជា​៦លាននាក់ ជារៀងរាល់ឆ្នាំ​។
 
យោងតាម​ អ្នករស់នៅ​ក្នុងសង្កាត់នេះម្នាក់ ដែលបាន​ប្រាប់​អ្នកយកព័ត៌មាន​ របស់វិទ្យុបារាំងRFI ប្រចាំនៅសេអ៊ូល គឺដើមឡើយ សង្កាត់ Bukchon ជាភូមិមួយដែល​ប្រជាជន​រស់នៅដោយស្ងប់ស្ងាត់។ ប៉ុន្តែ​ គឺសាលាក្រុងសេអ៊ូល ដែល​បាន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ទាក់ទាញភ្ញៀវទេសចរ ឲ្យ​សំរុក​បាក់​មកសង្កាត់បុរាណ​នេះ​។ ហាងទំនិញ និង​ភោជនីយដ្ឋាន បាន​រីកដុះដាលបន្តបន្ទាប់គ្នា ​ចាំទទួលភ្ញៀវទេសចរច្រើនកកកុញ ​ជារៀងរាល់ថ្ងៃ។ កាកសំណល់​សំរាម​ ព្រមទាំង​សំឡេងថ្លង់រំខានរបស់ភ្ញៀវទេសចរ ខ្លះដើរ ខ្លះឈប់ថតរូប​នៅមុខរបបផ្ទះ​​ បានធ្វើឲ្យ​ប្រជាពលរដ្ឋរស់​នៅ​​​ក្នុងសង្កាត់នេះ អត់ទ្រាំលែងបាន ទើប​ពួកគេបានរួមគ្នា​ធ្វើញត្តិ​ទាមទារទៅសាលាក្រុង ឲ្យចាត់វិធានការដោះស្រាយ​។
 
ស្ត្រី​ម្នាក់ ដែលអ្នកទទួលខុសត្រូវ​ការគោរព​វិធានការថ្មីរបស់សាលាក្រុង បានបញ្ជាក់ថា ចាប់ពីខែតុលាទៅ គេនឹង​អញ្ជើញឲ្យភ្ញៀវទេសចរចេញឲ្យអស់ពីសង្កាត់នេះ នៅវេលាម៉ោង៥ល្ងាច​។ ប្រសិន​បើផុតម៉ោង​៥ល្ងាចហើយ ​នៅតែមិនចេញ គឺសមត្ថកិច្ចនឹង​ពិន័យជាប្រាក់ ចំនួន ១១ម៉ឺនវុន ដែលស្មើនឹងប្រមាណ​៨០ដុល្លារ​អាមេរិក​។ 
 
យ៉ាងណាក៏ដោយ វិធានការ​នេះ គឺជាវិធានការសាកល្បង ដែលសាលាក្រុងសេអ៊ូល នឹងតាម​ដាន​វិភាគពេញមួយឆ្នាំ​ខាងមុខ ដើម្បីសន្និដ្ឋានវាយតម្លៃ ថាវាបានផលវិជ្ជមានកម្រិតណា ឬត្រូវកែប្រែបែបណាទៀត។​ ប្រសិនបើវិធានការនេះ​ ហុចផលល្អ នោះសាលាក្រុងសេអ៊ូល អាចនឹងពង្រីក​វិសាលភាព អនុវត្តវានៅតាមសង្កាត់​ទេសចរណ៍​ផ្សេងទៀត​។
 
គួរកត់សំគាល់ថា មិនមានតែ​កូរ៉េខាងត្បូងទេ ដែល​រងគ្រោះ​ដោយសារតែភាពល្បីល្បាញរបស់ខ្លួនឯង។ នៅជប៉ុន​ ចំនួន​ទេសចរ​ច្រើនជ្រុលហួសហេតុ នៅតាមទី​តាំងខ្លះ ក៏បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ និង​អាជ្ញាធរព្រួយបារម្ភដែរ​ ព្រោះវាមិនត្រឹមតែរំខានការរស់នៅស្ងប់ស្ងាត់ប៉ុណ្ណោះទេ តែវាអាចជះផល​អវិជ្ជមាន​ ដល់ការអភិរក្ស​​រមណីយដ្ឋាន​ធម្មជាតិ ឲ្យស្ថិតនៅគង់វង់​។ ជាក់ស្តែង កាលពីដើមខែ​កក្កដា​កន្លងទៅថ្មីៗនេះ អាជ្ញាធរជប៉ុន​បាន​ចេញវិធានការថ្មី តម្រូវឲ្យ​ភ្ញៀវទេសចរដែលចង់ធ្វើដំណើរឡើងទៅលើ​ភ្នំ​Fuji តាមផ្លូវឈ្មោះថា Yoshida គឺត្រូវតែ​បង់ប្រាក់ចំនួន​២០០០​យេន​។ បន្ថែមពីនេះ​ គេបានកំណត់កូតា ក្នុងមួយថ្ងៃលក់សំបុត្រ​ឲ្យ​មនុស្ស​ ចំនួន​តែ​៤០០០នាក់​ប៉ុណ្ណោះ​៕

© រក្សាសិទ្ធិដោយ thmeythmey.com

Other