សម្ដេច ហ៊ុន ម៉ាណែត ផ្តល់ថវិកា៥០០ដុល្លារក្នុង១នាក់ ដល់ប្រតិភូកីឡា១៥រូបទៅអូឡាំពិកប៉ារីស
  • ថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ២០២៤ ​​ ម៉ោង ៥:៥៩ នាទី ល្ងាច
សម្ដេច ហ៊ុន ម៉ាណែត ផ្តល់ថវិកា៥០០ដុល្លារក្នុង១នាក់ ដល់ប្រតិភូកីឡា១៥រូបទៅអូឡាំពិកប៉ារីស
អត្ដពលិក៣រូប ទៅប្រកួតកីឡាអូឡាំពិកលើកទី៣

សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា ផ្តល់ថវិកាលើកទឹកចិត្ត ក្នុង១នាក់ ៥០០ដុល្លារ សម្រាប់ប្រតិភូកីឡាកម្ពុជាទាំង១៥នាក់ ដែលទៅចូលរួមក្នុងព្រឹត្តិការណ៍អូឡាំពិកហ្គេម លើកទី៣៣ នៅទីក្រុងប៉ារីស។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) សង្ឃឹមថា អត្ដពលិកកម្ពុជា ដែលចូលរួមប្រកួត នឹងទទួលបានបទពិសោធន៍ថ្មី ក្នុងការប្រកួតប្រជែងជាមួយអត្តពលិកកម្រិតពិភពលោក និងកម្រិតអូឡាំពិក។
TTN-Free-Banner-In-Article-PC


កម្ពុជា មិនមានអត្តពលិកណា បានជាប់វគ្គជម្រុះនៃការប្រកួតព្រឹត្តិការណ៍នានា ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍អូឡាំពិក លើកទី៣៣ ឡើយ។ ប៉ុន្ដែ កម្ពុជា មានអត្ដពលិក៣រូប ត្រូវទៅចូលរួមប្រកួតព្រឹត្តិការណ៍នេះ គឺដោយសារតែទទួលបានសិទ្ធិអនុគ្រោះ ក្នុងនាមជាប្រទេស១ នៃចលនាអូឡាំពិក ក្នុងចំណោមប្រទេសទាំង២០៦ ដែលជាសមាជិកចលានអូឡាំពិក។ 
 
ក្នុងការចូលរួមព្រឹត្តិការណ៍នេះ កម្ពុជា នឹងបញ្ជូនប្រតិភូកីឡាសរុប១៥នាក់ ក្នុងនោះ ប្រតិភូដឹកនាំ គ្រូបង្វឹក មន្ដ្រីបច្ចេកទេស ១២នាក់ និងអត្ដពលិក៣នាក់។ អត្តពលិក៣នាក់នោះ ប្រកួតលើ២ប្រភេទកីឡា គឺកីឡាករអត្ដពលកម្ម ឈុន ប៊ុនថន, កីឡាករហែលទឹក កូសុង ដឺ ឡាប៉ារ៉ង អង់ត្វ័ន ម៉ាតាំងក្លូឌ និងកីឡាការិនីហែលទឹក សាក់ប៊ុន អប្សរា កាតារីណា។
  
ប្រតិភូកីឡាត្រៀមទៅអូឡាំពិក លើកទី៣៣ នៅទីក្រុងប៉ារីស រូបពី NOCC

ដោយឡែក ការផ្ដល់សិទ្ធិអនុគ្រោះឲ្យចូលរួមក្នុងការប្រកួតនេះលើកីឡាហែលទឹក និងអត្ដពលកម្ម លោក វ៉ាត់ ចំរើន បញ្ជាក់ថាគឺមានខុសប្លែកពីអូឡាំពិកមុនៗ ដោយត្រូវការសម្រិតសម្រាំងទាំងលក្ខណៈសម្បត្តិ និងកម្រិតបច្ចេកទេសកីឡាករ-កីឡាការិនី។ អគ្គលេខាធិការ NOCC បន្តថាសហព័ន្ធកីឡាអន្ដរជាតិ និងគណៈកម្មាធិការរៀបចំការប្រកួតនេះ ធ្វើដូច្នេះ គឺដើម្បីឲ្យអត្ដពលិក ដែលទទួលសិទ្ធិចូលរួមនោះ មានលក្ខណៈប្រកួតប្រជែងឲ្យល្អមើល។
 
«ការប្រកួតអូឡាំពិកនេះ គឺមានលក្ខណៈខុសប្លែកពីអូឡាំពិកមុនៗ ឲ្យតែសហព័ន្ធជាតិររបស់យើង ដាក់បេក្ខភាពទៅសុំសិទ្ធិពិសេស គឺគេតែងតែគោរពតាមម្ចាស់ផ្ទះ ប៉ុន្ដែឆ្នាំនេះអត់ទេ គឺគេសម្រិតសម្រាង ពិនិត្យទៅលើលក្ខណៈសម្បត្តិ និងពិនិត្យកម្រិតបច្ចេកទេស។»។  នេះជាការអះអាងរបស់លោក វ៉ាត់ ចំរើន ក្នុងកិច្ចសំណេះសំណាលជាមួយប្រតិភូកីឡា នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្នាក់ការ NOCC។
 
លោក វ៉ាត់ ចំរើន ក៏សង្ឃឹមថាកីឡាករ-កីឡាការិនីកម្ពុជា នឹងធ្វើបានល្អ និងទទួលបានបទពិសោធន៍ថ្មីពីការប្រកួតជាមួយអត្ដពលិកកម្រិតអូឡាំពិក និងកម្រិតពិភពលោក។ សម្ដេច ហ៊ុន ម៉ាណែត បានផ្ដល់ទឹកប្រាក់លើកទឹកចិត្តប្រតិភូកីឡាទាំងនោះ ក្នុង១នាក់ ៥០០ដុល្លារ។ នេះ បើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន។
 
គួរបញ្ជាក់ផងដែរថា ប្រតិភូកីឡាកម្ពុជា នឹងចេញដំណើរនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ ទៅប្រទេសបារាំង។ ដោយឡែក ព្រឹត្តិការណ៍ប្រកួតនេះ នឹងចាប់ផ្ដើមពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីសប្រទេសបារាំង៕

អ្នកសរសេរអត្ថបទ
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

គឹម មករា