ក្រសួងយុត្តិធម៌ប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh​ ដើម្បីពន្លឿនប្រសិទ្ធភាពការងារ
  • ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៤ ​​ ម៉ោង ៩:២៩ នាទី ព្រឹក
ក្រសួងយុត្តិធម៌ប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh​  ដើម្បីពន្លឿនប្រសិទ្ធភាពការងារ
លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ រូបថត៖ ក្រសួងយុត្តិធម៌។

ភ្នំពេញ៖ ដើម្បីពន្លឿនប្រសិទ្ធភាពការងារ ក្រសួងយុត្តិធម៌សម្រេចប្រើប្រាស់ថ្នាល​ផ្ទៀងផ្ទាត់ឯកសារ verify.gov.kh តាមរយៈ QR Code លើព្រឹត្តិបត្រថ្កោលទោសលេខ៣ ចាប់ពីថ្ងៃទី១៧ ខែកក្កដា តទៅ។ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ គឺជាអ្នករៀបចំ ដំណើរបច្ចេកទេសនៃប្រើប្រាស់ថ្នាលនេះ។
TTN-Free-Banner-In-Article-PC
 
កិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរនេះ គឺជាការធ្វើបរិវត្តកម្មឌីជីថល ដើម្បីបង្កើនប្រសិទ្ធភាព និងទំនុកចិត្តលើការផ្តល់សេវាសាធារណៈរបស់ក្រសួងយុត្តិធម៌។ ការណ៍នេះ គឺធ្វើឡើងស្របតាមក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ជាពិសេស គឺជាការ ចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរួមក្រសួងប្រៃសណីយ៍ និងក្រសួងយុត្តិធម៌ នាថ្ងៃទី១៧ ខែកក្កដា។ 
 
សេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ថា៖« « ការដាក់ឱ្យដំណើរការនូវថ្នាលនេះដែលអាចផ្ទៀងផ្ទាត់តាមរយៈ QR Code លើព្រឹត្តិបត្រថ្កោលទោសលេខ៣របស់ក្រសួងយុត្តិធម៌ នឹងផ្តល់ភាពងាយស្រួលក្នុងការផ្ទៀងផ្ទាត់ និងភាពត្រឹមត្រូវរបស់ព្រឹត្តិបត្រថ្កោលទោសនោះដោយគ្រាន់តែប្រើម៉ាស៊ីនថតរបស់ឧបករណ៍ឆ្លាតវៃក្នុងការស្កេន QR Code តែប៉ុណ្ណោះ»។
 
verify.gov.kh គឺជាថ្នាលបច្ចេកវិទ្យាឌីជីថលរបស់រាជរដ្ឋាភិបាល ដែលអភិវឌ្ឍដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ ថ្នាលផ្ទៀងផ្ទាត់ឯកសារនេះ ត្រូវបានដាក់ឱ្យប្រើក្នុងគោលបំណង លុបបំបាត់ការក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ផ្តល់ទំនុកចិត្ត ចំណេញពេលវេលា និងកាត់បន្ថយចំណាយនានា ព្រមទាំងជំរុញការធ្វើបរិវត្តកម្មឌីជីថលស្របតាម ឧត្តមានុវត្តជាអន្តរជាតិ។ 
 
ការផ្ទៀងផ្ទាត់ឯកសារនៅលើថ្នាលនេះ ត្រូវធ្វើឡើងតាមរយៈការដាក់បញ្ចូល QR Code ស្តង់ដា ដោយប្រើបច្ចេកវិទ្យាប្លុកឆេន (Blockchain) ដែលមានសុវត្ថិភាពខ្ពស់នៅលើសន្លឹកនៃឯកសារនីមួយៗ។​ បើតាមក្រសួងប្រៃសណីយ៍ បច្ចុប្បន្នមានក្រសួង-ស្ថាប័នសាធារណៈប្រមាណ៤០ហើយ​ដែលបានប្រើប្រាស់ថ្នាលនេះ ដើម្បីពន្លឿនប្រសិទ្ធភាពការងារ៕ 
 

អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

សារព័ត៌មានថ្មីៗ