នាយករដ្ឋមន្ត្រី៖ អ្នកកាសែតដែលគាបលុយពីពលរដ្ឋ ត្រូវអស់អាជ្ញាបណ្ណ និងចូលក្នុងបញ្ជីខ្មៅ
  • ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៤ ​​ ម៉ោង ១២:២៨ នាទី រសៀល
នាយករដ្ឋមន្ត្រី៖ អ្នកកាសែតដែលគាបលុយពីពលរដ្ឋ ត្រូវអស់អាជ្ញាបណ្ណ និងចូលក្នុងបញ្ជីខ្មៅ

​សម្តេច នាយករដ្ឋមន្ត្រី បានបញ្ជាឱ្យក្រសួងព័ត៌​មាន ដកអាជ្ញាបណ្ណ និងដាក់ក្នុងបញ្ជីខ្មៅ​ចំពោះសា្ថប័ន ឬបុគ្គលអ្នកសារព័ត៌មានណា ដែលប្រើប្រាស់តួនាទី ទៅគោះយកលុយពីពលរដ្ឋ។
TTN-Free-Banner-In-Article-PC
 

​ប្រតិកម្មបែបនេះ របស់សម្តេច ហ៊ុន ម៉ាណែត ធ្វើឡើងពីពិធីចុះបឋមសិលាសាងសង់សារមន្ទីរ​សម្តេចព្រះព្រហ្មរតនមុនី ពិន សែម នៅក្នុងវត្តរាជបូណ៌ ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៨ ខែកក្កដានេះ។
 
សម្តេច ហ៊ុន ម៉ាណែត បានបញ្ជាទៅលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានដូច្នេះថា៖«ដកអាជ្ញាបណ្ណ ហើយ ដាក់ក្នុងបញ្ជីខ្មៅ [blacklist] តែម្តង មិនបាច់ឱ្យធ្វើទៀតទេ!។ បើគាត់យកអាជ្ញាបណ្ណហ្នឹង យកទៅគាបគេ! ដកអាជ្ញាបណ្ណតែម្តង ឈប់ឱ្យធ្វើជាអ្នកកាសែតទៀតទៅ។ យកព័ត៌មាន មិនមែនទៅគាបគេស៊ីទេ»។  
 
ចំណាត់ការរបស់ប្រមុខរាជរដ្ឋាភិបាល គឺដើម្បីរក្សារនូវកិត្តិយស សេចក្តីថ្លៃថ្នូរ របស់អ្នកសារព័ត៌មានរាប់ម៉ឺននាក់ផ្សេងទៀត ដែលកំពុងបំពេញការងារ និងអនុវត្តន៍វិជ្ជាជីវៈបានយ៉ាងល្អ។
បើតាមសម្តេច ហ៊ុន ម៉ាណែត កន្លងមកមានករណី​អ្នកសារព័ត៌មានមួយចំនួន ដែលខិល​ខូច យកការចុះផ្សាយព័ត៌មានទៅគំរាម គាបលុយពីពលរដ្ឋ ហើយបែរជាមកសុំអន្តរាគមន៍ ចំពោះទង្វើបំពានក្រមសីលធម៌របស់ខ្លួនថែមទៀត​។ ទង្វើ​បែបនេះ ធ្វើឱ្យសម្តេច នាយករដ្ឋមន្ត្រី ឆួលចុងច្រមុះផង និងហួសចិត្តផង។ 
 
ក្រៅពីលើកករណីនេះ ប្រមុខរាជរដ្ឋាភិបាល ក៏លើកពីការបង្កើត និងផ្សព្វផ្សាយមិនពិតដែលនាំឱ្យសាធារណជនមានការភាន់ច្រឡំ នៅប៉ុន្មានថ្ងៃចុងក្រោយនេះដែរ នោះគឺរឿងទាក់ទងនឹងការហែទីងមោង នៅក្នុងខេត្តកណ្តាល និងរឿងទាក់ទងនឹងអាជ្ញាបណ្ណអាជីវកម្មយានយន្តអគ្គិសនី។ 
 
សម្រាប់ សម្តេច ហ៊ុន ម៉ាណែត ការផ្សាយព័ត៌មានក្លែងក្លាយបែបនេះ គឺជាទង្វើបំភ័យ និងបញ្ឆេះកំហឹងពលរដ្ឋ និងអាចមានបង្កប់នូវចេតនាកេងចំណេញនយោបាយថែមទៀតផង​។  ​
 
ដើម្បីបង្ការ និងចូលរួមទប់ស្កាត់នូវព័ត៌មានក្លែងក្លាយ ក្នុងសម័យឌីជីថល ដែលបញ្ញាសិប្បនិម្មិតកំពុងត្រូវបានប្រើប្រាស់យ៉ាងទូលាយនេះ សម្តេច នាយករដ្ឋម​ន្ត្រី បានអំពាវនាវឱ្យសាធារណជន ​ប្រើប្រាស់ និងការចែករំលែកព័ត៌មានបណ្តាញសង្គម ដោយមានការទទួលខុសត្រូវ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ ដែលវាអាចបង្កើតជាទៅបញ្ហាផ្សេងៗនៅក្នុងសង្គម។
 
ផ្ទុយទៅវិញ ប្រមុខរាជរដ្ឋាភិបាល លើកទឹកចិត្ត ឱ្យស្ថាប័នព័ត៌មាន និង​សាធារណជន ចូលរួមផ្សព្វផ្សាយ និងចែករំលែកព័ត៌មានពិត ទាំងព័ត៌មានវិជ្ជមាន និងភាពអសកម្មនៅក្នុងសង្គមឱ្យផុសផុល ដើម្បីឱ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការ ដោះស្រាយបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។ សម្តេច ហ៊ុន ម៉ាណែត បញ្ជាក់ដូច្នេះ៖ «ខ្ញុំចង់បានព័ត៌មានពិត! ល្អ មិនល្អ គឺមក ដើម្បីយើងរកវិធីដោះស្រាយ តែកុំបង្កើតបញ្ហា។ ការបញ្ចេញមតិដើម្បីដោះស្រាយបញ្ហា ខុសពីការប្រឌិត ដើម្បីរករឿង»៕ 

អ្នកសរសេរអត្ថបទ

កញ្ញា ខន ចំប៉ា ចូលរួមជាមួយ​សារព័ត៌មានឌីជីថលថ្មីៗ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៤។ កញ្ញាមានជំនាញសរសេរព័ត៌មាន​ផ្នែកសង្គម និងគ្រប់គ្រង​ផ្នែកពាណិជ្ជកម្ម។ បច្ចុប្បន្ន ចំប៉ា មាន​តួនាទីជានិពន្ធនាយកា៕

© រក្សាសិទ្ធិដោយ thmeythmey.com

ខន ចំប៉ា