ចំនួនច្រើនមិនធ្លាប់​មានជាង​២០ឆ្នាំ! កម្ពុជារកឃើញក្រពើភ្នំ​៥សំបុកនៅឧទ្យានជាតិជួរភ្នំក្រវាញ
  • ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៤ ​​ ម៉ោង ៦:៥៩ នាទី ល្ងាច
ចំនួនច្រើនមិនធ្លាប់​មានជាង​២០ឆ្នាំ! កម្ពុជារកឃើញក្រពើភ្នំ​៥សំបុកនៅឧទ្យានជាតិជួរភ្នំក្រវាញ

ដោយ៖​ ​ញ៉ សុខហឿន​
 
សំបុកក្រពើ​ភ្នំ​សរុបចំនួន​៥សំបុក ត្រូវបាន​ប្រទះឃើញ​នៅឧទ្យា​នជាតិជួរភ្នំក្រវាញ កាលពី​ពាក់កណ្តាល​ខែឧសភា​ កន្លងមក។ បើតាម​សេចក្តីប្រកាសព័ត៌មាន​រួម​របស់​ក្រសួងបរិស្ថាន រដ្ឋបាលព្រៃឈើនៃក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គការសត្វព្រៃ និងរុក្ខជាតិ និងសហគមន៍មូលដ្ឋាន នេះជា​ចំនួន​សំបុក​ពង​កូន​ច្រើន​បំផុត​ដែលមាន​ធ្លាប់មាន​ក្នុងរយៈពេល​ជាង២០​ឆ្នាំ។
TTN-Free-Banner-In-Article-PC
 
សំបុកទាំង៥នោះ មានពងសរុបចំនួន ១០៦គ្រាប់ ក្នុងនោះពងដែលមានលទ្ធភាពបង្កកំណើតមាន ចំនួន៦៦គ្រាប់។ សេចក្តីប្រកាសព័ត៌មានរួម បាន​បញ្ជាក់ថា មន្ត្រីឧទ្យាននុរក្ស និងសហគមន៍មូលដ្ឋាន បាន​ការពារ​សំបុកយ៉ាងម៉ត់ចត់ រហូត​ដល់កូន​ក្រពើភ្នំសរុប ៦០ក្បាល បានញាស់ចេញពីសំបុកដោយជោគជ័យក្នុង ចន្លោះថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។
 
សត្វក្រពើភ្នំ គឺជាប្រភេទសត្វជិតផុតពូជបំផុតនៅក្នុងធម្មជាតិ ហើយមានចំនួន ប្រមាណជាង ១០០០ក្បាលប៉ុណ្ណោះនៅលើពិភពលោក ក្នុងនោះកម្ពុជាដែលត្រូវចាត់ទុកថាមានវត្តមាន សត្វក្រពើភ្នំច្រើនជាងលើលើពិភពលោកប្រមាណជាង ៣០០ក្បាល។
 
 រូបភាព៖ ក្រសួងបរិស្ថាន 

លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ​បញ្ជាក់​ថា ក្រសួង​របស់​លោកបាននិងកំពុងធ្វើការអភិរក្សនិងស្តារទីជម្រករបស់ក្រពើភ្នំដែលជាប្រភេទជិតផុតពូជបំផុតក្នុងធម្មជាតិ ដោយ​ក្រពើភ្នំដើរតួយ៉ាងសំខាន់ក្នុង ប្រព័ន្ធអេកូឡូស៊ី។
 
ដូចគ្នា​ផងដែរ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកឡើងថា នេះជា ជោគជ័យមួយថ្មីទៀតយ៉ាងសំខាន់នៃកម្មវិធីគាំពារសត្វកម្រជិតផុតពូជ ក្រោម​កិច្ចសហការជាមួយដៃគូ អង្គការក្រៅរដ្ឋាភិបាល ក្រសួងបរិស្ថាន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការជំរុញកំណើនសត្វកម្រដូចជា ក្រពើភ្នំ ផ្សោត និងសត្វអណ្តើកហ្លួងជាដើម។
 
 រូបភាព៖ ក្រសួងបរិស្ថាន 

ចំពោះសត្វក្រពើភ្នំនេះ រដ្ឋបាលព្រៃឈើ សហការជាមួយអង្គការសត្វព្រៃនិងរុក្ខជាតិកម្ពុជា លើការជ្រើសរើសពូជក្រពើភ្នំសុទ្ធមកបង្កាត់ហើយដាក់ចូកទៅក្នុងជម្រកធម្មជាតិវិញក្នុងដែនអភិរក្សបរិស្ថាន ដោយអាចឱ្យវាបន្តពូជដោយខ្លួនឯង ហើយបង្កើតជាសំបុក និង កូនជំនាន់ថ្មីក្នុងធម្មជាតិ។
 
«ការងាររបស់យើងនេះមិនត្រឹមតែទាក់ទងនឹងការបង្កាត់ពូជក្រពើភ្នំសុទ្ធប៉ុណ្ណោះទេ ប៉ុន្តែយើង ធ្វើការដើម្បីធានាឱ្យបានថាពួកវាមានទីជម្រកសមរម្យដែលត្រូវលែងទៅក្នុងធម្មជាតិវិញ»។ លោក Pablo Sinovas នាយកប្រចាំប្រទេសនៃអង្គការសត្វព្រៃនិងរុក្ខជាតិកម្ពុជា បាន​បញ្ជាក់យ៉ាងដូច្នេះ ដោយរំលឹក​ពីការ​ប្រឹងប្រែងរួមគ្នា​ជាងមួយទសវត្សរ៍ក្នុងបេសកកម្មក្នុងការជំរុញការកើនឡើងនៃចំនួនសត្វក្រពើភ្នំ នៅតំបន់ជួរភ្នំក្រវាញ។
 
លោក ថយ ឈាន អ្នកល្បាតក្រពើភ្នំ រំពឹងថា ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងអភិរក្ស ជាបន្តបន្ទាប់ ចំនួន​ក្រពើភ្នំនៅកម្ពុជា នឹង​បន្ត​កើនឡើងនាពេលអនាគត៕

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

Other