FIFA បើកការស៊ើបអង្កេត ជុំវិញចម្រៀងក្រុមអាហ្សង់ទីន ដែលទំនងបង្កប់ន័យរើសអើងបារាំង
  • ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៤ ​​ ម៉ោង ៩:២៩ នាទី យប់
FIFA បើកការស៊ើបអង្កេត ជុំវិញចម្រៀងក្រុមអាហ្សង់ទីន ដែលទំនងបង្កប់ន័យរើសអើងបារាំង

សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) បើកការស៊ើបអង្កេតទៅលើករណីវីដេអូបង្ហោះដោយកីឡាករ Anzo Fernandez របស់ក្រុមអាហ្សង់ទីន បង្ហាញពីមិត្តរួមក្រុមស្រែកច្រៀងចម្អក និងប្រើពាក្យរើសអើងលើកីឡាករបារាំង ក្រោយពេលពួកគេបានឈ្នះពានរង្វាន់ Copa America ឆ្នាំ ២០២៤។ សហព័ន្ធបាល់ទាត់បារាំង (FFF) បានចោទប្រកាន់ និងប្តឹងទៅកាន់ FIFA ថាជារឿងរើសអើង និងប្រកាន់ពូជសាសន៍។
TTN-Free-Banner-In-Article-PC


កាលថ្ងៃទី១៥ ខែកក្កដា ស្ថាប័ន FFF បានបញ្ជាក់ថាខ្លួននឹងដាក់ពាក្យប្តឹងទៅកាន់ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក ជុំវិញករណីវីដេអូដែលបានបង្ហោះនោះ ដែលរួមមានក្រុមកីឡាករអាហ្សង់ទីនកំពុងអបអរសាទរ ការឈ្នះពានរង្វាន់ Copa America ជាមួយគ្នានោះ។
 
បើតាមសម្តីអ្នកនាំពាក្យរបស់ FIFA ៖«FIFA ដឹងពីវីដេអូមួយដែលបានផ្សព្វផ្សាយលើបណ្តាញសង្គម និងកំពុងពិនិត្យមើលវិដេអូនោះ។ FIFA សូមថ្កោលទោលយ៉ាងខ្លាំងចំពោះការរើសអើងពូជសាសន៍រាល់គ្រប់រូបភាព ពីនរណាម្នាក់ មិនថាជាកីឡាករនោះឡើយ រួមទាំងអ្នកគាំទ្រ ឬក៏មន្ត្រីការប្រកួត។
 
ចំណែកក្លិប Chelsea ដែលកីឡាករ Enzo Fernandez កំពុងតែប្រកបអាជីព កាលថ្ងៃទី១៧ ខែកក្កដា ក៏បានចេញសេចក្តីថ្លែងការណ៍មួយ ថាក្លិបក៏នឹងចាត់វិធានការទៅលើកីឡាករខ្លួន ចំពោះបញ្ហារើសអើង ឬអាកប្បកិរិយាដែលមិនអាចនឹងទទួលយយកបាន។
 
រឿងហេតុដែលជាប់ទាក់ទងគ្នា រហូតមានការច្រៀងចម្អក ប្រើពាក្យរើសអើងនោះ ដោយសារតែកីឡាករ Enzo Fernandez បានបង្ហោះវីដេអូនៅលើបណ្តាញសង្គម Instagram បង្ហាញពីការអបអរជ័យជម្នះពានរង្វាន់ Copa America ក្រោយឈ្នះការប្រកួតលទ្ធផល ១-០ លើកូឡុំប៊ី ក្នុងវគ្គផ្តាច់ព្រ័ត្រ។ ការស្រែកច្រៀងនោះ បានសំដៅចំៗទៅកាន់កីឡាករខ្សែប្រយុទ្ធ Kylian Mbappe និងកីឡាករមានដើមកំណើតអាហ្រ្វិកដទៃផ្សេងទៀត ស្ថិតក្នុងក្រុមជម្រើសជាតិបារាំង ក៏ទទួលបានការរើសអើង។
 
កាលពីឆ្នាំ ២០២២​ ដែលព្រឹត្តិការណ៍ World Cup ធ្វើឡើងក្នុងប្រទេសកាតា អាហ្សង់ទីនបានក្លាយជាជើងឯកពិភពលោក ក្រោយយកឈ្នះបារាំងដោយបាល់កាត់សេចក្តី ១១ម៉ែត្រ៕

អ្នកសរសេរអត្ថបទ

អ្នក​យកព័ត៌មាន​កីឡា

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ជា យូគៀង