ឆមាសទី១ កម្ពុជានាំចេញជ័រកៅស៊ូបានជាង១៤ម៉ឺនតោន ​
  • ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៤ ​​ ម៉ោង ៩:៥៩ នាទី យប់
ឆមាសទី១ កម្ពុជានាំចេញជ័រកៅស៊ូបានជាង១៤ម៉ឺនតោន ​
រូបភាព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ដោយ៖ ញ៉ សុខហឿន 
 
ភ្នំពេញ៖ កម្ពុជាបាននាំចេញ ផលិតផលជ័រកៅស៊ូ បានប្រមាណ១៤ ម៉ឺនតោន ក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ។ តួលេខនេះ កើនឡើងប្រមាណ១៩ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ ក្រៅពីជ័រកៅស៊ូវ កម្ពុជា ក៏បាននាំចេញឈើកៅស៊ូប្រមាណ ៨,៣៤៨  ម៉ែត្រគូបផងដែរ។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ។
TTN-Free-Banner-In-Article-PC
 
យ៉ាងណាក៏ដោយ អគ្គនាយកដ្ឋានកៅស៊ូ មិនបានបញ្ជាក់ពីទំហំទឹកប្រាក់ដែលទទួលបានពីការ​នាំចេញផលជ័រកៅស៊ូ នៅឆមាសទី១ ឆ្នាំ២០២៤នេះទេ។
បច្ចុប្បន្ន  ​ជ័រកៅស៊ូ មានតម្លៃមធ្យមចន្លោះពី ២,៦០០រៀល ទៅ ៦,០០០រៀល ក្នុងមួយគីឡូ​ក្រាម ដែលតម្លៃនេះខុសគ្នាពីតំបន់មួយ ទៅតំបន់មួយ​។ ខេត្តដែលមានការដាំដុះដំណាំ​កៅស៊ូ ​​មានខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ចាម ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រះវិហារ បាត់ដំបង ប៉ៃលិន ឧត្តរមានជ័យ និងកំពត។ នេះបើតាមទិន្នន័យ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
 
សូមជម្រាបថា នៅរយៈពេល​៥ខែដំបូង កម្ពុជាបាននាំចេញផលកៅស៊ូ ចំនួន ១១០ ​៧៧១តោន និងឈើកៅស៊ូ​ចំនួន ៥ ៨៥៨ ម៉ែត្រគូប​ គិតជាទឹកប្រាក់ស្មើនឹងជាង ១៦៥.៥៤លានដុល្លារ។
គិតត្រឹមឆ្នាំ២០២២ កម្ពុជាមាន​ផ្ទៃដីដាំដំណាំនៅទូទាំង ​ជាង ៧,២លានហិកតា ក្នុងនោះដំណាំកៅស៊ូមានជាង​៦០​ម៉ឺនហិកតា៕

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

Other