ស្តេច​អង់គ្លេស​បង្ហាញ​ផែនការអាទិភាព“បម្រើរាស្ត្រ”​របស់​រដ្ឋាភិបាល​ថ្មី
  • ថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ២០២៤ ​​ ម៉ោង ៨:២៩ នាទី ព្រឹក
ស្តេច​អង់គ្លេស​បង្ហាញ​ផែនការអាទិភាព“បម្រើរាស្ត្រ”​របស់​រដ្ឋាភិបាល​ថ្មី
ស្តេច​អង់គ្លេស​បង្ហាញ​ផែនការអាទិភាព“​បម្រើរាស្ត្រ”​របស់​រដ្ឋាភិបាល​ថ្មី via REUTERS - Kirsty Wigglesworth

ដោយ៖អៀង សុខម៉ិញ(RFI ខេមរភាសា)
 
ព្រះមហាក្សត្រ​អង់គ្លេសឆាលទីបី (Charles III) បាន​ថ្លែង​សុន្ទរកថា នៅថ្ងៃ​ពុធ​ទី ១៧កក្កដា​២០២៤ បង្ហាញ​កម្មវិធី​នយោបាយ​របស់​រដ្ឋាភិបាល​ទើប​ជាប់​ឆ្នោត​ថ្មី ដែល​ដឹកនាំ​ដោយ​លោក​ គៀរ ស្តារមឺ ទៅ​កាន់​សភា។ ប្រសូត​ចេញ​ពី​បក្ស​ពលករ លោក​នាយករដ្ឋមន្ត្រី​អង់គ្លេស​ថ្មី បាន​សន្យា​ស្ថាបនា​ប្រទេស​ឡើង​វិញ តាម​រយៈ​ផែនការ​អាទិភាព “បម្រើរាស្ត្រ”។ តើ​កម្មវិធីនយោបាយ​រដ្ឋាភិបាល​បក្ស​ពលករ​មាន​ទម្រង់​យ៉ាងណា?
TTN-Free-Banner-In-Article-PC
 
យាង​តាម​រាជរថ​​មក​សភា​ ព្រះ​មហាក្សត្រ​អង់គ្លេសឆាល​ទីបី បាន​អាន​សុន្ទរកថាដែល​​តាក់តែង​ដោយ​រដ្ឋាភិបាល​ បញ្ជាក់​អំពី​អាទិភាព​នៃ​នយោបាយ​​ដឹក​នាំ​ប្រទេស​​អាណត្តិថ្មី។ ក្រោយ​ជោគជ័យ​យ៉ាង​ត្រចះ​ត្រចង់​​នៅក្នុង​សម័យ​បោះឆ្នោត​សភាអង់គ្លេស​ថ្ងៃទី ៤កក្កដា គណបក្ស​ពលករ​ដឹកនាំ​ដោយ​លោក គៀរ ស្តារមឺ បាន​ឱកាស​ត្រលប់​មក​កាន់​អំណាច​វិញ បន្ទាប់​ពី​អាក់​ខាន​អស់​រយៈ​ពេល​១៤​ឆ្នាំ ជា​មួយ​នឹង​កម្មវិធី​នយោបាយ​ “បម្រើរាស្ត្រៗ។នាយករដ្ឋមន្ត្រី​គៀរស្តារមឺ បាន​ធានា​អះអាង​ថា កម្មវិធី​នយោបាយ​របស់​រដ្ឋាភិបាល​​ផ្អែក​ទាំង​ស្រុង​លើ​គោលការណ៍​សន្តិសុខ សមធម៌ និង​ផ្តល់​ឱកាស​ដល់​ពលរដ្ឋ​គ្រប់​រូបរដ្ឋាភិបាល​ឆ្វេង​កណ្តាល​និយម ដែល​ធ្លាប់​សន្យា​ពេល​ឃោសនា​គិត​គូរ​បញ្ហា​ថវិកា​ឱ្យ​បាន​ហ្មត់ចត់ ផ្តល់​អាទិភាព​ដល់​​គម្រោង​ច្បាប់​ជាង​៣៥​ ផ្តោត​ជា​ពិសេស​លើ​កំណើន​សេដ្ឋកិច្ច បង្កើត​ទីផ្សារការងារ អន្តោប្រវេសន៍​ ទំនាក់ទំនង​ជាមួយ​អឺរ៉ុប ព្រម​ទាំង​ការ​គិត​សង់​លំនៅឋាន​ថ្មី និង​ហេដ្ឋារចនា​សម្ព័ន្ធ​ មធ្យោបាយ​ដឹកជញ្ជូន​ទៀត។
 
ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​អន្តោប្រវេសន៍​ខុស​ច្បាប់​ រដ្ឋាភិបាល​អង់គ្លេស​ថ្មី នឹង​បង្កើត​កង​កម្លាំង​រក្សា​សន្តិសុខថ្មី​​មាន​អំណាច​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវកម្ម ដើម្បី​ពង្រឹង​ការ​ទប់ស្កាត់​សកម្ម​របស់​មេខ្យល់​នាំ​មនុស្ស​ឆ្លង​ដែន។ ប្រឈម​​នឹ​ងកង្វះ​លំនៅឋាន រដ្ឋាភិបាល​ថ្មី​នឹង​អនុម័ត​ច្បាប់​ពន្លឿន​និង​សម្រួល​គម្រោង​សាង​សង់អាគារ​ស្នាក់​នៅ​​ធំៗ​។ ​រដ្ឋអង់គ្លេស​នឹង​វិល​មក​គ្រប់គ្រង​បណ្តាញមធ្យោបាយ​​ដឹកជញ្ជូន​ផ្លូវ​ដែក​​ដែលធ្លាក់​ក្នុង​ដៃ​ក្រុម​ហ៊ុន​ឯកជន​ក្នុង​ទសវត្សរ៍​ឆ្នាំ​៩០ ​វិញ​បន្តិច​ម្តងៗ ដើម្បី​អាច​បញ្ចុះ​តម្លៃ​ធ្វើ​ដំណើរ​ឱ្យ​បាន​សម​រម្យ​សម្រាប់​ពលរដ្ឋ។
 
រដ្ឋាភិបាលប្រសូត​ចេញ​ពី​​បក្ស​ពលករ​ រំពឹង​ពង្រឹង​តួនាទី​របស់​ភ្នាក់ងារ​ទទួល​បន្ទុក​ត្រួត​ពិនិត្យ​ចំណាយ​សាធារណៈ ឱ្យកាន់​តែ​​ឯករាជ្យ​ ​ឈាន​ឆ្ពោះ​ទៅ​រក​ស្ថិរភាព​សេដ្ឋកិច្ច មិន​សាបព្រោះ​ភាព​ឆោរឡោ​ដល់​ទីផ្សារ​ហិរញ្ញវត្ថុ​ដូច​សម័យអង់គ្លេស​មាន​នាយករដ្ឋមន្ត្រី​ជា​អ្នក​អភិរក្ស​និយម​ ក្នុង​​ឆ្នាំ​២០២២។ លើ​ផ្នែកការទូត​វិញ លោក គៀរ ស្តារមឺ មាន​ជំហរ​ចាប់ផ្តើម​សាជា​ថ្មី​ក្នុង​ទំនាក់ទំនង​អង់គ្លេស​ជាមួយ​សហភាពអឺរ៉ុប​ បន្ទាប់​ពី​បែក​បាក់​ដើរ​ចេញ​ពីសហភាព​អឺរ៉ុប​យ៉ាង​ចុក​ចាប់​មក។ លោក ស្តារមឺ នឹង​មាន​កិច្ច​សន្ទនា​ស៊ីជម្រៅ​លើក​ដំបូង​​ជាមួយ​ប្រធានាធិបតី​បារាំង នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១៨​កក្កដា​ ដើម្បីរក​ចំណុច​​ផ្តើម​ថ្មី​ជាមួយ​បារាំង។
 
វិធានការ​ជាអាទិភាព​មួយ​ទៀត គឺ​កា​រធ្វើ​ទំនើប​កម្ម​រដ្ឋធម្មនុញ្ញ​ ដោយ​គ្រោង​ធ្វើ​កំណែទម្រង់​សភា​ជាន់​ខ្ពស់​អង់គ្លេស​។ រដ្ឋាភិបាល​អង់គ្លេស​ថ្មី របស់​លោក គៀរ ស្តារមឺ ប្រកាស​នៅ​ថ្ងៃ​ពុធ​ទី​១៧​កក្កដា​នេះ បិទ​បញ្ចប់​តួនាទី​សមាជិក​សភា​ជាន់ខ្ពស់​៩២​រូប​ ក្នុង​ចំណោម​សមាជិក​សភា​ជាន់​ខ្ពស់​សរុប​៨០០​នាក់ ដែល​ភាគ​ច្រើន​បានទទួល​ការ​តែងតាំង​អស់​មួយ​ជីវិត៕

© រក្សាសិទ្ធិដោយ thmeythmey.com

Other