ថ្នាក់ដឹកនាំចិនសន្យាលុបបំបាត់ហានិយភ័យសេដ្ឋកិច្ច បណ្តាលមកពីបំណុលសាធារណៈ
- ថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង ១:៥៩ នាទី រសៀល

ប្រមុខរដ្ឋចិនកំពុងថ្លែងសារ ត្រូវចាក់បញ្ចាំងតាមផ្លូវសាធារណៈ។ REUTERS - Tingshu Wang
ដោយ៖ ហេង ឧត្តម (RFI ខេមរភាសា)
នៅប្រទេសចិន ស្ថាប័នអាជ្ញាធរថ្នាក់ខេត្តនិងតំបន់បានជំពាក់បំណុលសាធារណៈស្ទើរតែរើខ្លួនឯងលែងរួច។ នេះក៏ព្រោះតែវិបត្តិសេដ្ឋកិច្ចផ្ទួនៗគ្នា ដរចេញពីជំងឺកូវីដ១៩ ហើយនិងវិបត្តិអចលនាទ្រព្យនៅជាប់ទ្រឹង។ ជាថ្មីម្តងទៀត នៅថ្ងៃព្រហស្បតិ៍ ទី១៨ កក្កដា ថ្នាក់ដឹកនាំកំពូលចិនបានទទួលស្គាល់ការពិតនៃបញ្ហា ហើយសន្យាលុបបំបាត់ហានិយភ័យសេដ្ឋកិច្ច ដែលបណ្តាលមកពីបំណុលសាធារណៈរបស់អាជ្ញាធរថ្នាក់ក្រោម។ ការប្តេជ្ញាចិត្តដូច្នេះ ធ្វើឡើងនាឱកាសសមាជពេញអង្គ នៃ គណបក្សកុម្មុយនិស្តចិន ក្នុងរដ្ឋធានីប៉េកាំង។

អាជ្ញាធរចិន ស្ថាប័នថ្នាក់ខេត្តនិងថ្នាក់តំបន់ បានជំពាក់បំណុលច្រើនខ្លាំងសន្ធឹកសន្ធាប់ ក៏ព្រោះតែខ្ចីលុយដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធ។ គម្រោងការនានាត្រូវធ្លាក់លង់រងគ្រោះព្រោះតែជំងឺកូវីដ១៩។ ហើយក្រោយរដូវកាលកូវីដ អាជ្ញាធរចិន ក៏ខំសម្រុកសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន អគារ និងទីលានសួនកម្សាន្ត ក៏ប៉ុន្តែ គម្រោងទាំងនោះ ក៏ជាប់គាំងថែមទៀត ព្រោះតែវិបត្តិអចលនទ្រព្យ។
គ្រានេះ កម្ចីបំណុលរបស់អាជ្ញាធរថ្នាក់ខេត្តនិងថ្នាក់តំបន់ បានកើនឡើងខ្លាំង ច្រើនជាង ៩២ ០០០ ពាន់លានយ័ន ឬ ១២ ៦០០ ពាន់លានដុល្លារ។ នេះបើតាមការវាយតម្លៃព្យាករណ៍របស់មូលនិធិរូបិយវត្ថុអន្តរជាតិ FMI។ FMI គូសបង្ហាញទៀតថា ពីពេលនេះដល់ឆ្នាំ២០២៧ បំណុលរបស់ស្ថាប័នថ្នាក់ខេត្តនិងថ្នាក់តំបន់ ច្បាស់ជានឹងឡើងកើនហួស ១០០% នៃផលិតផលក្នុងស្រុកសរុប។
ថ្នាក់ដឹកនាំខេត្តត្រូវជ្រើសតាំងដោយអំណាចមជ្ឈិម។ ហេតុដូច្នេះហើយ អំណាចមជ្ឈិមគណបក្សកុម្មុយនិស្តចិន បានទទួលស្គាល់បញ្ហា និងសន្យាធ្វើអ្វីៗគ្រប់យ៉ាងដើម្បីបញ្ជៀស និងលុបបំបាត់ហានិយភ័យផ្សេងៗ ពាក់ព័ន្ធនឹងបញ្ហាបំណុលសាធារណៈរបស់អាជ្ញាធរថ្នាក់ខេត្តនិងថ្នាក់តំបន់ ព្រមទាំងបញ្ហាឥទ្ធិពលអាក្រក់ផ្សេងទៀត ដែលដចេញពីវិបត្តិអចលនទ្រព្យ។ នេះបើតាមខ្លឹមសារនៃកិច្ចប្រជុំសមាជពេញអង្គ នៃ គណបក្សកុម្មុយនិស្តចិន ផ្សាយចេញដោយកាសែតរដ្ឋចិន ស៊ីនហួរ។
ក្រៅពីបំណុលនិងវិបត្តិអចលនទ្រព្យ ចិនត្រូវប្រឈមនឹងបញ្ហាយុវជនអត់ការងារធ្វើ។ និស្សិតកាន់តែច្រើនលាននាក់កំពុងអត់ការធ្វើ ក្រោយពីរៀនចប់។ មួយទៀត ជម្លោះពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ក៏នៅតែបន្តជះឥទ្ធិពលដល់ការបញ្ជាទិញទំនិញចិន និងបានធ្វើឲ្យកំណើនសេដ្ឋកិច្ចចិន ជួបវឌ្ឍនភាពយឺត។
នយោបាយវិទូ Hoo Tian Boon នៃសកលវិទ្យាល័យបច្ចេកវិទ្យា Nanyang នៅបុរីរដ្ឋសិង្ហបុរី ប្រមើលមើលឃើញថា ថ្នាក់ដឹកនាំរដ្ឋអំណាចចិនបានស្គាល់ទទួលបញ្ហាមែន តែវាមិនទាន់គ្រាប់គ្រាន់ទេ ដ្បិតថា រដ្ឋអំណាចចិនមិនទាន់ដឹងច្រកផ្លូវដោះស្រាយ និងគ្មានវិធានការដ៏ប្រសិទ្ធភាព ដើម្បីដោះស្រាយវិបត្តិនៅឡើយទេ។
ស្រដៀងគ្នានេះដែរ សេដ្ឋវិទូ Gary Ng ប្រធានការិយាល័យអាស៊ីប៉ាស៊ីហ្វិករបស់ធានាគារនិងក្រុមហ៊ុនធានារ៉ាប់រងNatixis មូលដ្ឋាននៅកាណាដា កត់សម្គាល់ថា សម្តីរបស់ថ្នាក់ដឹកនាំចិននៅពេលនេះ គ្មានបង្ហាញសាច់ការអ្វីថ្មីសោះ ក្រៅតែពីនិយាយលើកឡើងដដែលៗចំពោះចំណាត់ការចាស់ដដែលៗ។ ទន្ទឹមនឹងគ្នានេះ លោក Julian Evans-Pritchard នៃការិយាល័យ Capital Economics នៅបុរីរដ្ឋសិង្ហបុរី ក៏មើលឃើញដូចគ្នាដែរ ថាសមាជពេញអង្គនៅប៉េកាំងលើកនេះ ដាក់ចេញចំណាត់ការនយោបាយដ៏តិចតួចណាស់។
យ៉ាងណាក៏ដោយចុះ ប្រសិននិយាយតែពីបញ្ហាបំណុលនៃស្ថាប័នថ្នាក់ខេត្តនិងតំបន់ ពុំអាចនឹងធ្វើឲ្យជះឥទ្ធិពលប៉ះពាល់ធ្ងន់ធ្ងរដល់ប្រព័ន្ធសេដ្ឋកិច្ចប្រទេសចិនទាំងមូលទេ ឬដែលធ្វើឲ្យផ្លាស់ប្តូរគ្រោះថ្នាក់ធំ នោះឡើយ។ នេះបើតាមលោកស្រី Mary-Françoise Renard សាស្ត្រាចារ្យនៅសកលវិទ្យា Clermont-Auvergne និង ជាអ្នកនិពន្ធសៀវភៅ ចិនក្នុងសេដ្ឋកិច្ចពិភពលោក (Presses universitaires Blaise Pascal, 2021)។ សាស្ត្រាចារ្យសេដ្ឋកិច្ចបារាំង អះអាងដូច្នេះ ព្រោះបំណុលនេះ មានមួយផ្នែកតូចប៉ុណ្ណោះ ដែលមានម្ចាស់បំណុលបរទេស៕

© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានពេញនិយម
-
៣ ថ្ងៃ