ប្រធានាធិបតីវៀតណាម កាន់ការងារបក្សជំនួសអគ្គលេខាដែលមានបញ្ហាសុខភាព
- ថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង ៤:២៩ នាទី រសៀល

លោក ង្វៀន ហ្វ៊ូ ជុង (ឆ្វេង) និងលោក តូ ឡឹម ។ រូបភាព ៖ AP
ការិយាល័យបក្សកុម្មុយនិស្តវៀតណាមនៅថ្ងៃទី ១៨ ខែកក្កដា បានប្រកាសពីបញ្ហាសុខភាពរបស់អគ្គលេខាបក្ស ង្វៀន ភូជុង។ លោក តូ ឡឹម ដែលទើបជ្រើសជាប្រធានរដ្ឋវៀតណាមនាពេលថ្មីនេះ ត្រូវកាន់កិច្ចការប្រតិបត្តិបក្សជំនួស។

បញ្ហាសុខភាពរបស់លោក ង្វៀន ភូជុង ជាបញ្ហារសើបមួយនៅវៀតណាម ស្របដែលបញ្ហាផ្ទៃក្នុងបក្សនៅតែរង្គោះរង្គើ។ បើតាមប្រភពរបស់ BBC ជាភាសាវៀតណាម លោក ជុង បានដួលសន្លប់ខ្លាំងកាលពីរសៀលថ្ងៃទី១៧ ខែកក្កដា។
ជារឿងកម្រមួយ ការិយាល័យមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម បានប្រកាសពីភាពចាំបាច់ដែលលោក ជុង ត្រូវសម្រាកដើម្បីព្យាបាលជំងឺ តែមិនបានបញ្ជាក់ពីស្ថានភាពរបស់លោកឡើយ។ លោក ជុង បានអវត្តមានជិត១ខែមកហើយ។ លើកចុងក្រោយដែលលោកបង្ហាញខ្លួនជាសាធារណៈ គឺនៅថ្ងៃទី២០ ខែមិថុនា អំឡុងទទួលស្វាគមន៍ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ទៅកាន់ទីក្រុងហាណូយ។
សេចក្តីប្រកាសរបស់ការិយាល័យនយោបាយបក្សកុម្មុយនីស្តវៀតណាម នៅថ្ងៃទី១៨ ខែកក្កដា បានសម្រេចជ្រើសប្រធានរដ្ឋ លោក តូ ឡឹម ធ្វើជាប្រធានការងារនៃគណៈមជ្ឈិមបក្ស ការិយាល័យនយោបាយ និងលេខាធិការដ្ឋានជំនួសលោក ជុង ។ ចំណែកការគ្រប់គ្រងកិច្ចការរបស់បក្ស ជាសិទ្ធិអំណាចរបស់អគ្គលេខាធិការដដែល។
នៅក្នុងប្រព័ន្ធបក្សកុម្មុយនីស្តវៀតណាម អគ្គលេខាធិការ ជាប្រធានបក្ស ហើយលេខាធិការអចិន្ត្រៃយ៍នៃលេខាធិការដ្ឋានមានតួនាទី និងភារកិច្ចស្មើនឹងអគ្គលេខាធិការរង។ មានន័យថា នៅពេលអគ្គលេខាធិការបក្សមិនអាចដឹកនាំបក្សបាន លេខាធិការដ្ឋានអចិន្ត្រៃយ៍នឹងជំនួសជាបណ្ដោះអាសន្ន ហើយធ្វើជាអគ្គលេខាធិការស្តីទី។
យ៉ាងណាមិញ លោក តូ ឡឹម ដែលជាប្រមុខរដ្ឋ ត្រូវបានប្រគល់ភារកិច្ចប្រតិបត្តិការបក្ស នៅពេលសុខភាពលោក ជុង មិនអាចគ្រប់គ្រងជាបណ្តោះអាសន្នបាន។ នេះមានន័យថា លោក តូ ឡឹម មិនបានធ្វើជាអគ្គលេខាធិការបក្សបណ្តោះអាសន្ននោះទេ គ្រាន់តែជាប្រធានកិច្ចការប្រតិបត្តិការក្នុងបក្សតែប៉ុណ្ណោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: