ប្រធានាធិបតីវៀតណាម កាន់ការងារបក្សជំនួសអគ្គលេខាដែលមានបញ្ហាសុខភាព​
  • ថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ២០២៤ ​​ ម៉ោង ៤:២៩ នាទី រសៀល
ប្រធានាធិបតីវៀតណាម កាន់ការងារបក្សជំនួសអគ្គលេខាដែលមានបញ្ហាសុខភាព​
លោក ង្វៀន ហ្វ៊ូ ជុង (ឆ្វេង) និងលោក តូ ឡឹម ។ រូបភាព ៖ AP

ការិយាល័យបក្សកុម្មុយនិស្តវៀតណាមនៅថ្ងៃទី ១៨ ខែកក្កដា បានប្រកាសពីបញ្ហាសុខភាពរបស់អគ្គលេខាបក្ស ង្វៀន ភូជុង។  លោក តូ ឡឹម ដែលទើបជ្រើសជាប្រធានរដ្ឋវៀតណាមនាពេលថ្មីនេះ ត្រូវកាន់កិច្ចការប្រតិបត្តិបក្សជំនួស។
TTN-Free-Banner-In-Article-PC
 
បញ្ហាសុខភាពរបស់លោក ង្វៀន ភូជុង ជាបញ្ហារសើបមួយនៅវៀតណាម ស្របដែលបញ្ហាផ្ទៃក្នុងបក្សនៅតែរង្គោះរង្គើ។ បើតាមប្រភពរបស់ BBC ជាភាសាវៀតណាម លោក ជុង បានដួលសន្លប់ខ្លាំងកាលពីរសៀលថ្ងៃទី១៧ ខែកក្កដា។ 
 
ជារឿងកម្រមួយ ការិយាល័យមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម បានប្រកាសពីភាពចាំបាច់ដែលលោក ជុង ត្រូវសម្រាកដើម្បីព្យាបាលជំងឺ តែមិនបានបញ្ជាក់ពីស្ថានភាពរបស់លោកឡើយ។ លោក ជុង បានអវត្តមានជិត១ខែមកហើយ។ លើកចុងក្រោយដែលលោកបង្ហាញខ្លួនជាសាធារណៈ គឺនៅថ្ងៃទី២០ ខែមិថុនា អំឡុងទទួលស្វាគមន៍ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ទៅកាន់ទីក្រុងហាណូយ។ 
 
សេចក្តីប្រកាសរបស់ការិយាល័យនយោបាយបក្សកុម្មុយនីស្តវៀតណាម នៅថ្ងៃទី១៨ ខែកក្កដា បានសម្រេចជ្រើសប្រធានរដ្ឋ លោក តូ ឡឹម ធ្វើជាប្រធានការងារនៃគណៈមជ្ឈិមបក្ស ការិយាល័យនយោបាយ និងលេខាធិការដ្ឋានជំនួសលោក ជុង ។ ចំណែកការគ្រប់គ្រងកិច្ចការរបស់បក្ស ជាសិទ្ធិអំណាចរបស់អគ្គលេខាធិការដដែល។
 
នៅក្នុងប្រព័ន្ធបក្សកុម្មុយនីស្តវៀតណាម អគ្គលេខាធិការ ជាប្រធានបក្ស ហើយលេខាធិការអចិន្ត្រៃយ៍នៃលេខាធិការដ្ឋានមានតួនាទី និងភារកិច្ចស្មើនឹងអគ្គលេខាធិការរង។ មាន​ន័យ​ថា នៅ​ពេល​អគ្គលេខា​ធិការ​បក្ស​មិន​អាច​ដឹកនាំ​បក្ស​បាន លេខាធិការដ្ឋាន​អចិន្ត្រៃយ៍​នឹង​ជំនួស​ជា​បណ្ដោះអាសន្ន ហើយ​ធ្វើ​ជា​អគ្គលេខាធិការ​ស្តីទី។
 
យ៉ាងណាមិញ លោក តូ ឡឹម ដែលជាប្រមុខរដ្ឋ ត្រូវបានប្រគល់ភារកិច្ចប្រតិបត្តិការបក្ស នៅពេលសុខភាពលោក ជុង មិនអាចគ្រប់គ្រងជាបណ្តោះអាសន្នបាន។ នេះមានន័យថា លោក តូ ឡឹម មិនបានធ្វើជាអគ្គលេខាធិការបក្សបណ្តោះអាសន្ននោះទេ គ្រាន់តែជាប្រធានកិច្ចការប្រតិបត្តិការក្នុងបក្សតែប៉ុណ្ណោះ៕ 

អ្នកសរសេរអត្ថបទ

ធន់ សេងហុង (THUN Senghong) បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០២២។ បច្ចុប្បន្ននេះ សេងហុងកំពុងសិក្សាផ្នែកសេដ្ឋកិច្ចនយោបាយ នៅសកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ ប្រទេសវៀតណាម។ សេងហុង ជាអ្នកតាមដានព័ត៌មានជាតិ និងអន្តរជាតិ ផ្តោតសំខាន់លើផ្នែកសេដ្ឋកិច្ច ។ Thun Senghong is a freelancer national and international news reporter at Thmey Thmey. He is currently studying at UEH University in Vietnam. He aims to cover current issues in economy.

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ធន់ សេងហុង