JICA ផ្ដល់​ថវិកា​ជិត​៦០លានដុល្លារ ដើម្បី​សាងសង់​កំណាត់ផ្លូវជាតិលេខ៥ និង​​អភិវឌ្ឍន៍ធនធានមនុស្សកម្ពុជា
  • ថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ២០២៤ ​​ ម៉ោង ៩:២៩ នាទី យប់
JICA ផ្ដល់​ថវិកា​ជិត​៦០លានដុល្លារ ដើម្បី​សាងសង់​កំណាត់ផ្លូវជាតិលេខ៥ និង​​អភិវឌ្ឍន៍ធនធានមនុស្សកម្ពុជា
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការកម្ពុជា-ជប៉ុន។ រូបភាពពី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ។

ភ្នំពេញ៖ JICA និង​រដ្ឋាភិបាល​កម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទាន សហប្រតិបត្តិការចំនួន ២ ដែលមានទឹកប្រាក់ចំនួន ៥៧,៥ លានដុល្លារអាម៉េរិក។ បើតាម​សេចក្ដី​ជូន​ដំណឹង​​របស់​ក្រសួង​សេដ្ឋកិច្ច​ កិច្ចព្រមព្រៀងហិរញ្ញប្បទាននេះ ផ្ដោត​​លើ​គម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស និង​គម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ៥(ធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ-ប៉ោយប៉ែត)។
TTN-Free-Banner-In-Article-PC


កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង ចំនួន ១ និងកិច្ចព្រមព្រៀងឥណទានសម្បទាន ចំនួន ១ ត្រូវ​បាន​ចុះហត្ថលេខា​រវាង​ភាគី​កម្ពុជា ដែល​មា​ន​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងភាគីជប៉ុន ​លោក Sanui Kazumasa ប្រធានJICA ប្រចាំកម្ពុជា​។ 
 
កិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការទាំង​២នេះ មាន​ទំហំ​ទឹក​ប្រាក់ចំនួន ៥៧,៥ លានដុល្លារ សម្រាប់គម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស មាន​ទំហំទឹក​ប្រាក់​២,៥លាន​ដុល្លារ។ រីឯ​កិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ៥(ធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ-ប៉ោយប៉ែត) ដែល​ជា​ឥណទានដំណាក់កាលទី៣ មាន​ទំហំ​ទឹក​ប្រាក់ ៥៥លាន​ដុល្លារ។ 
  
លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ រូបភាពពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។



​បើតាម​សេចក្ដី​ជូនដំណឹងខាង​លើ គម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស (JDS) ផ្តល់ឱកាសដល់មន្ត្រីរាជការ ជាពិសេសដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរ តាមរយៈការសកម្មភាពសិក្សា និងបទពិសោធនៅប្រទេសជប៉ុន។ ចាប់ពីឆ្នាំ ២០០០ មក មាន​មន្ត្រីរាជការ ៥៣០រូប បានទទួលអាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិតក្នុងក្របខណ្ឌកម្មវិធីJDS។
 
ដោយ​ឡែក ​គម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ៥(ធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ-ប៉ោយប៉ែត)ដែលជា​ឥណទានដំណាក់កាលទី៣ ផ្ដល់​សម្រាប់បំពេញបន្ថែមឱ្យការងារសាងសង។ កំណាត់ផ្លូវនេះ មានប្រវែងសរុប ១៤៦,០៤ គ.ម ក្នុងនោះពីធ្លាម្អម ខេត្តពោធិ៍សាត់ ទៅក្រុងបាត់ដំបង មានប្រវែង ៩៩,២១ គ.ម ជាផ្លូវ ៤គន្លង។
 
គួរ​ជម្រាប​ជូនថា​ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) តែងតែផ្តល់នូវកិច្ចសហប្រតិបត្តិការ និងបានចូលរួមគាំទ្រដល់កិច្ចអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈ​ការ​បន្តផ្តល់ហិរញ្ញប្បទាន សម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការ។ ជាមួយគ្នានេះ រដ្ឋាភិបាលជប៉ុនតាមរយៈ JICA បានប្តេជ្ញាចិត្តធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងភាពជាដៃគូយុទ្ធសាស្ត្ររយៈពេលវែង សម្រាប់គាំទ្របន្ថែមទៀត ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា៕ 
 
លោក Sanui Kazumasa ប្រធានJICA ប្រចាំកម្ពុជា។ រូបភាពពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

អ្នកសរសេរអត្ថបទ

ញឹក ស្រីល័ក្ខ (Nhek Sreyleak) ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០១៦ ដោយចាប់ការងារជាអ្នកហាត់ការ។ បច្ចុប្បន្ន ស្រីល័ក្ខ ជានិពន្ធនាយិការង ដែលទទួលបន្ទុកផ្នែកព័ត៌មានសង្គម។ ស្រីល័ក្ខ ស្រឡាញ់អាជីពអ្នកសារព័ត៌មានតាំងពីកុមារភាព។ ក្រោយប្រឡូកក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ស្រីល័ក្ខ ទទួលបានរហស្សនាមថា «នាងថ្មីៗ»។ ស្រីល័ក្ខ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មាន និងគមនាគមន៍នៅសាកលវិទ្យាល័យកម្ពុជា។ បច្ចុប្បន្ន ស្រីល័ក្ខ កំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច៕

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ញឹក ស្រីល័ក្ខ