JICA ផ្ដល់ថវិកាជិត៦០លានដុល្លារ ដើម្បីសាងសង់កំណាត់ផ្លូវជាតិលេខ៥ និងអភិវឌ្ឍន៍ធនធានមនុស្សកម្ពុជា
- ថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង ៩:២៩ នាទី យប់

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការកម្ពុជា-ជប៉ុន។ រូបភាពពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ភ្នំពេញ៖ JICA និងរដ្ឋាភិបាលកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទាន សហប្រតិបត្តិការចំនួន ២ ដែលមានទឹកប្រាក់ចំនួន ៥៧,៥ លានដុល្លារអាម៉េរិក។ បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច កិច្ចព្រមព្រៀងហិរញ្ញប្បទាននេះ ផ្ដោតលើគម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស និងគម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ៥(ធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ-ប៉ោយប៉ែត)។

កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង ចំនួន ១ និងកិច្ចព្រមព្រៀងឥណទានសម្បទាន ចំនួន ១ ត្រូវបានចុះហត្ថលេខារវាងភាគីកម្ពុជា ដែលមានលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងភាគីជប៉ុន លោក Sanui Kazumasa ប្រធានJICA ប្រចាំកម្ពុជា។
កិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការទាំង២នេះ មានទំហំទឹកប្រាក់ចំនួន ៥៧,៥ លានដុល្លារ សម្រាប់គម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស មានទំហំទឹកប្រាក់២,៥លានដុល្លារ។ រីឯកិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ៥(ធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ-ប៉ោយប៉ែត) ដែលជាឥណទានដំណាក់កាលទី៣ មានទំហំទឹកប្រាក់ ៥៥លានដុល្លារ។

លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ រូបភាពពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
បើតាមសេចក្ដីជូនដំណឹងខាងលើ គម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស (JDS) ផ្តល់ឱកាសដល់មន្ត្រីរាជការ ជាពិសេសដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរ តាមរយៈការសកម្មភាពសិក្សា និងបទពិសោធនៅប្រទេសជប៉ុន។ ចាប់ពីឆ្នាំ ២០០០ មក មានមន្ត្រីរាជការ ៥៣០រូប បានទទួលអាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិតក្នុងក្របខណ្ឌកម្មវិធីJDS។
ដោយឡែក គម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ៥(ធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ-ប៉ោយប៉ែត)ដែលជាឥណទានដំណាក់កាលទី៣ ផ្ដល់សម្រាប់បំពេញបន្ថែមឱ្យការងារសាងសង។ កំណាត់ផ្លូវនេះ មានប្រវែងសរុប ១៤៦,០៤ គ.ម ក្នុងនោះពីធ្លាម្អម ខេត្តពោធិ៍សាត់ ទៅក្រុងបាត់ដំបង មានប្រវែង ៩៩,២១ គ.ម ជាផ្លូវ ៤គន្លង។
គួរជម្រាបជូនថា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) តែងតែផ្តល់នូវកិច្ចសហប្រតិបត្តិការ និងបានចូលរួមគាំទ្រដល់កិច្ចអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈការបន្តផ្តល់ហិរញ្ញប្បទាន សម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការ។ ជាមួយគ្នានេះ រដ្ឋាភិបាលជប៉ុនតាមរយៈ JICA បានប្តេជ្ញាចិត្តធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងភាពជាដៃគូយុទ្ធសាស្ត្ររយៈពេលវែង សម្រាប់គាំទ្របន្ថែមទៀត ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា៕

លោក Sanui Kazumasa ប្រធានJICA ប្រចាំកម្ពុជា។ រូបភាពពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
អ្នកសរសេរអត្ថបទ
ញឹក ស្រីល័ក្ខ (Nhek Sreyleak) ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០១៦ ដោយចាប់ការងារជាអ្នកហាត់ការ។ បច្ចុប្បន្ន ស្រីល័ក្ខ ជានិពន្ធនាយិការង ដែលទទួលបន្ទុកផ្នែកព័ត៌មានសង្គម។ ស្រីល័ក្ខ ស្រឡាញ់អាជីពអ្នកសារព័ត៌មានតាំងពីកុមារភាព។ ក្រោយប្រឡូកក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ស្រីល័ក្ខ ទទួលបានរហស្សនាមថា «នាងថ្មីៗ»។ ស្រីល័ក្ខ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មាន និងគមនាគមន៍នៅសាកលវិទ្យាល័យកម្ពុជា។ បច្ចុប្បន្ន ស្រីល័ក្ខ កំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច៕

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: