ក្រុមហ៊ុនឡានអគ្គិសនីកាន់តែច្រើន ចូលទីផ្សារកម្ពុជា
- ថ្ងៃសៅរ៍ ទី២០ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង ៣:៣៩ នាទី រសៀល

ភ្នំពេញ៖ បន្ទាប់ពីក្រុមហ៊ុនយានយន្តអគ្គិសនីចិន BYD និងឡានអគ្គិសនីTESLA របស់អាម៉េរិក នៅលើទីផ្សារកម្ពុជាបច្ចុប្បន្ន ក៏មានលេចឡើងនូវឡានអគ្គិសនី ZEEKR របស់ក្រុមហ៊ុនចិន Oneroad Group ផងដែរ។ ក្រុមហ៊ុនចិនមួយនេះ បានសម្ពោធទីតាំងលក់រថយន្តរបស់ខ្លួន(Showroom)នៅលើមហាវិថីមុន្នីវង្ស នាព្រឹកថ្ងៃទី២០ ខែកក្កដា។

វត្តមានឡានចិន ZEEKR នេះ បានបង្ហាញឱ្យឃើញពីតម្រូវការឡានអគ្គិសនីកាន់តែច្រើន និងសម្បូរបែបនៅលើទីផ្សារកម្ពុជា។ លោក ជែវ ជៀនហ្វុង (Jiao Jinfeng) នាយករងក្រុមហ៊ុន Oneroad Group បានលើកឡើងថា ក្រោមកិច្ចសហប្រតិបត្តិការអាជីវកម្មនៅក្នុងស្រុក ឡានអគ្គិសនីនេះនឹងជួយជំរុញយ៉ាងសកម្មនូវការអភិវឌ្ឍន៍ឡានអគ្គិសនីលើទីផ្សារកម្ពុជា។ លោកបញ្ជាក់ថា៖ « យើងនឹងចូលរួមការអភិវឌ្ឍឧស្សាហកម្មរថយន្តអគ្គីសនីនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង»។

លោក ជែវ ជៀនហ្វុង (Jiao Jinfeng) នាយករងក្រុមហ៊ុន One Road Group
បើតាមលោកនាយករងក្រុមហ៊ុន Oneroad Group ការចាប់យកទីផ្សារកម្ពុជាសម្រាប់ឡានអគ្គិសនី ZEEKR នេះ គឺបានដើរស្របទៅនឹងទិសដៅ«ខ្សែវាត់ និងផ្លូវ» របស់ប្រធានាធិបតីចិន ស៊ី ជីនពីង ដែលក្រុមហ៊ុន បានផ្តើមចេញពីទីផ្សារនៅមជ្ឈឹមបូព៌ារហូតដល់តំបន់អាស៊ាន។ « អាជីវកម្មរបស់យើង គឺផ្តោតលើទីផ្សារមជ្ឈឹមបូព៌ា ហើយបន្តិចម្តងៗយើងបានពង្រីកខ្លួនមកដល់តំបន់អាស៊ីអាគ្នេយ៍ អាស៊ីខាងត្បូង អាហ្វ្រិកខាងកើត អាហ្វ្រិកខាងជើង អឺរ៉ុបខាងត្បូង និងតំបន់ផ្សេងៗទៀតនៅតាមបណ្តាលប្រទេសក្រោមគោលនយោបាយខ្សែក្រវាត់ និងផ្លូវ»។ លោក Jiao Jinfeng បានរៀបរាប់បែបនេះនៅក្នុងពិធីទីតាំងលក់រថយន្តអគ្គិសនី ZEEKR នាព្រឹកថ្ងៃទី២០ ខែកក្កដា។
Oneroad Group ជាក្រុមហ៊ុនចិនចម្រុះជាតិសាសន៍ ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១២ នៅទីក្រុងឌូបៃ ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងហិរញ្ញវត្ថុដ៏ធំមួយនៅលើពិភពលោក។ បច្ចុប្បន្ន ឡានអគ្គិសនីរបស់ក្រុមហ៊ុននេះ មានគ្របដណ្តប់លើទីផ្សារចំនួន២០ប្រទេស-តំបន់។ នៅក្នុងតំបន់អាស៊ាន ក្រៅពីកម្ពុជា, ទីតាំងលក់ឡានអគ្គិសនី ZEEKR របស់ក្រុមហ៊ុនចិនមួយនេះ ក៏មាននៅប្រទេសថៃ សិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងប្រទេសវៀតណាម ផងដែរ។

លោកស្រី Chen Lingjun ប្រធានផ្នែកគ្រប់គ្រងឡានអគ្គិសនី ZEEKR ប្រចាំតំបន់អាស៊ាន
បើតាមលោកស្រី Chen Lingjun ប្រធានផ្នែកគ្រប់គ្រងឡានអគ្គិសនី ZEEKR ប្រចាំតំបន់អាស៊ាន មកទល់បច្ចុប្បន្ន ZEEKR ត្រូវបានចែកចាយទូទាំងពិភពលោកក្នុងចំនួន២៨ម៉ឺនគ្រឿង។ លោកស្រី បានបញ្ជាក់ថា ចំនួននេះបានបង្កើតកំណត់ត្រាសម្រាប់ការលក់ដ៏លឿនបំផុតនៃម៉ាករថយន្តអគ្គិសនីរបស់ចិន។ ZEEKR គឺជាម៉ាករថយន្តអគ្គិសនីថ្មី ដែលក្រុមហ៊ុន Oneroad Group ទើបបង្កើតឡើងនាអំឡុងឆ្នាំ២០២១ ប៉ុណ្ណោះ។

ជាមួយនឹងការរីកចម្រើនឥតឈប់ឈរនៃបច្ចេកវិទ្យាសកល, ឧស្សាហកម្មរថយន្តក៏កំពុងមានការផ្លាស់ជាបន្តបន្ទាប់ ជាពិសេសរថយន្តដែលប្រើបច្ចេកវិទ្យាឆ្លាតវៃ និងប្រើប្រាស់ថាមពលថ្មី(ថាមពលអគ្គិសនី) កំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកប្រើប្រាស់ជាទូទៅជុំវិញពិភពលោក រួមទាំងកម្ពុជា ផងដែរ។ សម្រាប់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ការមកដល់របស់ ZEEKR នឹងធ្វើឱ្យទីផ្សាររថយន្តថ្មីនៅកម្ពុជាកាន់តែមានភាពសម្បូរបែប។ ជាពិសេស វានឹងចូលរួមជំរុញការអភិវឌ្ឍវិស័យរថយន្តថាមពលថ្មីឱ្យកាន់តែរីកចម្រើនខ្លាំងឡើង រួមទាំងផ្តល់នូវជម្រើសថ្មីៗប្រកបដោយភាពទំនើបក្នុងការធ្វើដំណើររបស់ពលរដ្ឋកម្ពុជា។

លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន
« ការធ្វើដំណើរបែបផែនបៃតង ការអភិរក្សថាមពល និងការការពារបរិស្ថាន គឺជាការខិតខំប្រឹងប្រែងរួមគ្នារបស់យើងទាំងអស់គ្នា»។ នេះជាការលើកឡើងរបស់លោក នេត្រ ភក្ត្រា ដោយមើលឃើញពីវត្តមានរថយន្តនេះ មិនត្រឹមតែអាចកាត់បន្ថយការប្រើប្រាស់លើឥន្ធនៈហ្វូស៊ីល និងកាត់បន្ថយការបំភាយឧស្ម័នកាបូនប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺវានឹងរួមចំណែកក្នុងការពង្រីកមធ្យោបាយធ្វើដំណើរបៃតងនៅកម្ពុជា និងពិភពលោកផងដែរ។
វត្តមាននៃក្រុមហ៊ុននេះ បានចូលរួមជាមួយរដ្ឋាភិបាល ក្នុងការការពារបរិស្ថានតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើបដើម្បីផលិតផលិតផលមានគុណភាពខ្ពស់ ផ្តល់ឱ្យប្រជាជននូវជម្រើសមធ្យោបាយធ្វើដំណើរប្រកបដោយភាពឆ្លាតវៃ និងបែបផែនបៃតង។ ការណ៍នេះ បានឆ្លើយតបនឹងគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍន៍យានយន្តអគ្គិសនី២០២៤-២០៣០ ក្នុងការគាំទ្រការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីនៅកម្ពុជា និងការប្រើប្រាស់រថយន្តអគ្គីសនី ព្រមទាំងទាក់ទាញវិនិយោគិនឱ្យមកបណ្តាក់ទុនក្នុងវិស័យនេះ។

ចំនួននៃការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា បានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ បើតាមរបាយការពីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងឆមាសទី១ ឆ្នាំ២០២៤ មានយានយន្តអគ្គិសនីចំនួន ២ ៩៦៨ គ្រឿង ត្រូវបានចុះបញ្ជី។ ក្នុងនោះ មានម៉ូតូអគ្គិសនី៩១៤គ្រឿង ត្រីចក្រយាន(កង់) ចំនួន ៤៤០គ្រឿង និងរថយន្តចំនួន ១៦១៤គ្រឿង។ របាយការណ៍ដដែលបានបង្ហាញថា ក្នុងចំណោមរថយន្តអគ្គិសនីទាំងអស់ ដែលបានចុះបញ្ជីនៅក្រសួងសាធារណការ មាន៦៥៨គ្រឿង ជាប្រទេសរថយន្តរបស់ក្រុមហ៊ុនចិន BYD និងមាន២៦១គ្រឿងពីក្រុមហ៊ុនជប៉ុន Toyota ខណៈ១៨៦គ្រឿងជារថយន្តអគ្គិសនីTESLA របស់អាម៉េរិក៕
Relate
អ្នកសរសេរអត្ថបទ
កញ្ញា អ៊ូ សុខមាន (OU Sokmean) បានចូលធ្វើការងារនៅស្ថាប័នសារព័ត៌មានឌីជីថលថ្មីៗ នៅឆ្នាំ២០១៨។ កញ្ញាមានជំនាញផ្នែកព័ត៌មានសេដ្ឋកិច្ច កសិកម្ម និងផលិតវីដេអូតាមទូរសព្ទដៃ (MOJO)។ បច្ចុប្បន្ន សុខមាន មានតួនាទីជានិពន្ធនាយិការង៕

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: