ASIAN U19៖ តើក្រុមកម្ពុជា អាចយកឈ្នះម្ចាស់ផ្ទះឥណ្ឌូណេស៊ី ទេ?
- ថ្ងៃសៅរ៍ ទី២០ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង ៥:០៩ នាទី ល្ងាច

រូបភាពពីសហព័ន្ធបាល់ទាត់កម្ពុជា
ក្រុមបាល់ទាត់អាយុក្រោម ១៩ឆ្នាំ កម្ពុជា នឹងត្រូវបន្តបេសកកម្មប្រកួតប្រជែងពានរង្វាន់អាស៊ីអាគ្នេយ៍ U19 AFF Championship ឆ្នាំ ២០២៤ ដោយជួបក្រុមម្ចាស់ផ្ទះឥណ្ឌូណេស៊ី ស្ថិតក្នុងជំនួបពូល A នៅកីឡដ្ឋាន Gelora Bung Tomo វេលាម៉ោង ៧:៣០នាទី ថ្ងៃទី២០ ខែកក្កដា។ ការជួបគ្នារវាង U19 កម្ពុជា ជាមួយនឹងក្រុម U19 ឥណ្ឌណេស៊ី និងក្លាយជាការប៉ះគ្នាលើកដំបូងរយៈពេល ៨ឆ្នាំ គិតចាប់តាំងពីឆ្នាំ ២០១៦ មក។

ស្ថិតក្នុងការប្រកួតពូល A នៃពានរង្វាន់ U19 AFF Championship កម្ពុជាមានភារកិច្ចជួបក្រុមម្ចាស់ផ្ទះឥណ្ឌូណេស៊ី ។ កាលពីថ្ងៃទី១៧ ខែកក្កដា ជំនួបបើកឆាក ក្រុម U19 កម្ពុជា បានភ្លាត់ស្នៀតចាញ់ក្រោមថ្វីជើងក្រុម U19 ទីម័រខាងកើត លទ្ធផល ៣-២ បង្កឱ្យក្រុមកម្ពុជារងសម្ពាធធ្ងន់ធ្ងរ ក្នុងការស្វែងរកពិន្ទុ ប្រកួតប្រជែងកៅអីវគ្គបន្ត។
U19 ឥណ្ឌូណេស៊ី ជំនួបបើកឆាកក្នុងពូលរបស់ពួកគេ ធ្វើបានល្អខ្លាំង ដោយលត់ក្រុម U19 ហ្វីលីពីន លទ្ធផល ៦-០ ដើម្បីកាន់កាប់ដំណែងលេខ ១ ក្នុងតារាងពូល A បណ្តោះអាសន្ន។ ស្ថិតក្នុងការប្រកួតព្រឹត្តិការណ៍ ASIAN U19 នេះកន្លងមក កម្ពុជាខកខានជួប ឥណ្ឌូណេស៊ី រយៈពេល ៨ រួចមកហើយ។

រូបភាពពីសហព័ន្ធបាល់ទាត់កម្ពុជា
កំណត់ត្រាជួបគ្នាកន្លងមក កាលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០១៦ U19 កម្ពុជា មានប្រវត្តិសាស្ត្ររងបរាជ័យក្រោមថ្វីជើងក្រុម U19 ឥណ្ឌូណេស៊ី នៅការប្រកួត ASIAN U19 នេះ លទ្ធផល ៤-៣។
បើប្រៀបទៅលើស្ថិតិការប្រកួតក្នុងពានរង្វាន់ ASIAN U19 ក្រុមម្ចាស់ផ្ទះឥណ្ឌូណេស៊ី ជាក្រុមធ្វើបានល្អខ្លាំងជាង ដោយចំណោមការប្រកួត ៥លើក ចុងក្រោយរបស់ពួកគេ គឺមិនដែលចាញ់ម្តងឡើយ ពោលឈ្នះ ៤ និងស្មើមួយប្រកួត។ ចំណែកក្រុមកម្ពុជាវិញ យកឈ្នះការប្រកួតបានត្រឹមតែ ១លើក ប៉ុណ្ណោះពីការប្រកួតចំនួន ៥លើក និងក្រៅពីនោះជាលទ្ធផលចាញ់។
ក្រុម U19 កម្ពុជា ដែលដឹកនាំដោយគ្រូបង្វឹក ភា សុភ័ក្រ្តា មានសមាសភាពដូចជា៖ កីឡាករ អ៊ាវ សុវណ្ណារ៉ា, រឿន សុខកុសល់, ឯម ឈុំស៊ីដេត, អ៊ីត សូនី, រុង ចុងមីង, ទាំ មករា, អ៊ុក ដេវីន, រ៉ាវ ដេវីត, សុន ចាវិស៊ីវ, ស៊ូ មេងហុង, ឈិន វិននីន, បុង សាំយូអ៊ែល, លឹម វិសាល, សោម បូរិន្ទ, ម៉ាត់ ឡានី, សារ យូសុះ, លាង ពិសី, ស្រេង សុខគា, ជៃ ឆៃយ៉ា, ឈាង គឹមសុង, ភឿក ថាតថៃ, សឹង្ហ សំបូរិទ្ធី, លឹម លោកាថុង។

រូបភាពពីសហព័ន្ធបាល់ទាត់កម្ពុជា
គួររំលឹកថា ព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់យុវជនអាយុក្រោម១៩ឆ្នាំអាស៊ាន មាន១២ប្រទេសចូលរួម ដូចជា៖អូស្ដ្រាលី, ព្រុយណេ, កម្ពុជា, ឡាវ, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, ហ្វីលីពីន, សិង្ហបុរី, ថៃ, ទីម័រខាងកើត, វៀតណាម និងម្ចាស់ផ្ទះ ឥណ្ឌូណេស៊ី។ ការប្រកួតត្រូវចែកចេញជា ៣ពូល ក្នុង១ពូលមាន៤ប្រទេស។ ពូល A មាន៖ ឥណ្ឌូណេស៊ី កម្ពុជា ហ្វីលីពីន និងទីម័រ។ ចំណែក ពូល B មាន ឡាវ វៀតណាម មីយ៉ាន់ម៉ា និងអូស្ដ្រាលី ខណៈ ពូល C មាន ម៉ាឡេស៊ី ថៃ សិង្ហបុរី និងព្រុយណេ៕
អ្នកសរសេរអត្ថបទ
អ្នកយកព័ត៌មានកីឡា

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:
ព័ត៌មានពេញនិយម
-
៣ ថ្ងៃ