ម៉ាឡេស៊ី៖ ​មហាក្សត្រថ្មី ឡើង​សោយ​​រាជ​សម្បត្តិ​ ជាផ្លូវការ
  • ថ្ងៃអាទិត្យ ទី២១ ខែកក្កដា ឆ្នាំ២០២៤ ​​ ម៉ោង ៩:៥៩ នាទី យប់
ម៉ាឡេស៊ី៖ ​មហាក្សត្រថ្មី ឡើង​សោយ​​រាជ​សម្បត្តិ​ ជាផ្លូវការ
នៅថ្ងៃទី២០កក្កដា ព្រះករុណា អ៊ីប្រាហ៊ីម អ៊ីស្កន់ដារ ទ្រង់បានទទួលព្រះរាជពិធីអភិសេកគ្រងរាជសម្បត្តិ ជាផ្លូវការ។ AP - Hasnoor Hussain

ដោយ៖ហេង ឧត្តម(RFI ខេមរភាសា) 

ព្រះករុណា​​ អ៊ីប្រាហ៊ីម អ៊ីស្កន់ដារ ទ្រង់​បានទទួលព្រះ​រាជ​​ពិធីអភិសេក​​គ្រង​រាជ​សម្បត្តិ​ ជាផ្លូវការ ក្រោយពី​ត្រូវ​ ក្រុមប្រឹក្សា​រាជបល្ល័ង្គម៉ាឡេស៊ី សម្រេច​ជ្រើស​តាំង​ជា ​ព្រះមហាក្សត្រ កាលពី​ខែមករា ដើមឆ្នាំនេះ។​ ក្នុង​ពិធី​គ្រងរាជ​ ព្រះចៅ​​ប្រុយណេ និង​​មហាក្សត្រ​បារែន ស្តេច​យាង​មក​ចូលរួម​អបអរ​ដោយ​ផ្ទាល់​ព្រះអង្គ​។ មហាក្សត្រម៉ាឡេស៊ីថ្មីអង្គនេះ សច្ចាប្រណិធាន​ថា គោរព​ធម្មនុញ្ញ គង់នៅ​ជាម្លប់​កៀកក្បែរ​ប្រជានុរាស្ត្រ​  និង​រក្សា​សន្តិភាព​។​
TTN-Free-Banner-In-Article-PC
 
រាជាណាចក្រ​សហព័ន្ធម៉ាឡេស៊ី មានស្ថាប័ន​ព្រះមហាក្សត្រ​១ ដ៏​ចម្លែក​ប្លែក​ពីគេ​លើកលោក ដ្បិត​ថា ត្រូវ​ផ្លាស់ប្តូរ​ព្រះមហាក្សត្រ​ រៀង​រាល់​ ៥ ឆ្នាំម្តង។ ក្រុមប្រឹក្សា​រាជបល្ល័ង្គ គឺក្រុម​គ្រួសារ​​​ព្រះ​រាជវង្សម៉ាឡេស៊ី​ ជា​អ្នក​ជ្រើសតាំង​ព្រះមហាក្សត្រថ្មី។​ ព្រះករុណា​​ អ៊ីប្រាហ៊ីម អ៊ីស្កន់ដារ ដែល​គ្រង​រាជសម្បត្តិ​ជាផ្លូវ​ការ​គ្រានេះ ទ្រង់​បាន​ទទួល​ការ​ជ្រើសតាំង​ តាំងតែ​ពី​ដើម​ឆ្នាំមកម្ល៉េះ ដើម្បី​បន្ត​រាជ្យ​ពី​ព្រះ​ករុណា Abdullah Shah។
 
រាជវង្សអ៊ីប្រាហ៊ីម ធ្លាប់​បាន​សោយរាជ្យ​ម្តងហើយ តាមរយៈព្រះបិតា​របស់​ព្រះករុណា​​ អ៊ីប្រាហ៊ីម អ៊ីស្កន់ដារ កាលពី​៤០ឆ្នាំមុន។ រាជវង្សនេះ មាន​ទ្រព្យសម្បត្តិ​និង​អំណាចខ្លាំង នៅ​រដ្ឋ​ Jonor ក្បែរ​នឹងបុរីរដ្ឋ​​សិង្ហបុរី។​
 
ក្នុង​ព្រះជន្ម ៦៥ ព្រះវស្សា​ ព្រះមហាក្សត្រថ្មី​ ​អ៊ីប្រាហ៊ីម អ៊ីស្កន់ដារ បាន​ឡើង​គ្រង​រាជបល្លង្គ​ ជាផ្លូវការ និង​ជា​សញ្ញា​បញ្ជាក់​ពី​ការ​បើកសម្ពោធ​រជ្ជកាល ទី​១៧ នៃ​រាជវង្សម៉ាឡេស៊ី ក្រោយ​សម័យ​ឯករាជ្យ។ ព្រះរាជថ្មី​អង្គនេះ មាន​ព្រះរាជបន្ទូល​សន្យាគោរព​ក្រមធម្មនុញ្ញ ធានា​រក្សា​សន្តិភាព និងប្តេជ្ញាការពារ​សាសនាអ៊ីស្លាម។​
 
គួរជ្រាបថា ក្នុង​ប្រវត្តិសាស្ត្រ មុន​នឹង​ប្រកាន់​សាសនាអ៊ីស្លាម​ដូច​សព្វថ្ងៃ​ ម៉ាឡេស៊ី ក៏​ធ្លាប់​ជា​ប្រទេស​កាន់​ជំនឿ​សាសនា​ពុទ្ធសាសនា​​និងរង​ឥទ្ធិពល​ឥណ្ឌូ​និយម​ ស្រដៀង​​នឹង​​ប្រទេស​ផ្សេងៗ​នៅអាស៊ីអាគ្នេយ៍ ដូច​ជា​នគរខ្មែរ​និង​ចាម​ ជាដើម។  នៅអំលុង​សត​វត្សរ៍​ទី​១៦ ម៉ាឡេស៊ី ទទួល​រង​នឹម​អាណានិមត្រួត​ត្រា​របស់​ពួក​អឺរ៉ុប ​ជាបន្ត​បន្ទាប់ ផ្តើម​ចេញ​ពី​ពួក​ព័រទុយហ្កាល់ ចូល​ដល់​ហូឡង់ និង​បញ្ចប់​ត្រឹមនឹមត្រួតត្រារបស់​ចក្រភព អង់គ្លេស។ សហព័ន្ធ​ម៉ាឡេស៊ី បានទទួល​ងារ​ ជារដ្ឋ​ឯករាជ្យពេញទី​ នៅ​ឆ្នាំ១៩៥៧​។
 
​​​ក្នុង​ព្រះ​រាជ​​ពិធីអភិសេក​​គ្រង​រាជ​សម្បត្តិ ​នៅថ្ងៃទី​២០កក្កដា គេ​ឃើញ​វត្តមានព្រះញាតិវង្ស ព្រះរាជវង្សានុវង្ស​ នាយករដ្ឋមន្ត្រី​​ Anwar Ibrahim និង​អ្នកមុខអ្នក​ការមហាមន្ត្រី។​ ព្រះមហាក្សត្រ Hassanal Bolkiah ព្រះ​ចៅប្រុយណេ  និងព្រះ​មហាក្សត្របារែន ព្រះបាទ​ Hamad bin Isa Al Khalifa ស្តេចទាំងទ្វេ ក៏​ទ្រង់​យាងមកចូលរួមអបអរក្សត្រ​ម៉ាឡេស៊ី ដោយផ្ទាល់ព្រះអង្គដែរ​។
 
នាប៉ុន្មាន​​ឆ្នាំ​ចុងក្រោយ​នេះ តួនាទី​អង្គព្រះមហាក្សត្រម៉ាឡេស៊ី បានលេចព្រះភក្ត្រ​ក្នុងឆាក​នយោបាយ​ជាតិ​ ខ្លាំងសម្បើម​ណាស់ ព្រោះអង្គ​​ក្សត្រ​ចាស់​បានធ្វើ​​ព្រះរាជអន្តរាគមន៍ក្នុង​វិបត្តិ​នយោបាយ​ និង​តែងតាំង​នាយករដ្ឋមន្ត្រី ដល់​ទៅ​ ៣ នាក់​ឯណោះ ក្នុង​១អាណត្តិ​រាជសម្បត្តិ​របស់ទ្រង់។ ក្រៅពី​តួនាទី​អន្តរាគមន៍នយោបាយ​កំពូល​របស់ជាតិ ក្សត្រ​ម៉ាឡេ​ស៊ី ក៏​មានរាជសិទ្ធិ​​ប្រោសព្រះរាជទានទោស និងជា​អគ្គ​រាជអ៊ីស្លាមសាសនូបត្ថម្ភ​ ព្រ​មទាំងមាន​ងារកិត្តិយស ​ជា អគ្គមេបញ្ជាការ​កងទ័ព​ជាតិ។
 
តាមកាសែត​ Bloomberg, គ្រួសាររបស់ទ្រង់​ ​​អ៊ីប្រាហ៊ីម អ៊ីស្កន់ដារ មាន​សម្បត្តិ​ឯកជន ប្រមាណ​​ ៥,៧ ពាន់លានដុល្លារ ហើយ​មាន​កងកម្លាំង​​​យោធា​ផ្ទាល់ខ្លួន​ទៀត។ កាសែត​ The Star ព័ណ៌នាថា​ ទ្រង់​ស្តេច​ថ្មី​នេះ មាន​បុគ្គលិក​លក្ខខណៈ​រហ័សរហួត​រវៀសរវៃ ដ្បិតអី ទ្រង់​ធ្លាប់បាន​ហ្វឹកហាត់​ទាហាន នៅសហរដ្ឋអាមេរិក​៕
 

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

Other