Ronaldo និងកីឡាករល្បីៗផ្សេងទៀត ដើរកម្សាន្តលំហែកាយក្រោយចប់ Euro 2024
- ថ្ងៃចន្ទ ទី២២ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង ៩:៥៩ នាទី ព្រឹក

ព្រឹត្តិការណ៍ Euro 2024 ត្រូវបានបិទបញ្ចប់ តាំងពីថ្ងៃទី១៤ ខែកក្កដា ដោយអេស្ប៉ាញ ក្លាយជាក្រុមជើងឯក ជាមួយការឈ្នះ ១០០ភាគរយ ប្រចាំការប្រកួត។ តារាបាល់ទាត់ល្បីៗទ្វីបអឺរ៉ុបជាច្រើន រួមមាន Cristiano Ronaldo បានចំណាយពេលវេលាដែលនៅសល់តិចតួច មុនចូលរដូវកាលថ្មី ដើរលេងកម្សាន្តជាមួយគ្រួសារ ឬមិត្តស្រីរបស់ពួកគេ ក្រោយឆ្លងកាត់បេសកកម្មការប្រកួតជាច្រើនសប្តាហ៍ តាមលីគនីមួយៗ រួមទាំងព្រឹត្តិការណ៍ Euro 2024។

Cristiano Ronaldo ជាតារាបាល់ទាត់កំពូលមួយរូប បានធ្វើដំណើរកម្សាន្តលំហែកាយ ក្រោយពេលក្រុមព័រទុយហ្កាល់ បានធ្លាក់ចេញពីការប្រកួត Euro 2024 នៅត្រឹមវគ្គ ៨ក្រុម ចុងក្រោយ។ Alvaro Morata ប្រធានក្រុមអេស្ប៉ាញ ទើបឈ្នះជើងឯក Euro 2024 ក៏ដូចជា Antoine Griezmann, Nico Williams ព្រមទាំងកីឡាករផ្សេងទៀត បានធ្វើដំណើរទៅកាន់ទីកន្លែងកម្សាន្តរៀងៗខ្លួន ក្រោយបញ្ចប់ព្រឹត្តិការណ៍។

កីឡាករវ័យ ៣៩ឆ្នាំ Ronaldo បានធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាទីកន្លែងរូបគេបានប្រកបអាជីពបាល់ទាត់ និងបានសម្រាកលំហែកាយ នៅResort មាត់សមុទ្រមានឈ្មោះថា Red Sea ជាមួយមិត្តស្រី រួមទាំងកូនៗរបស់គេ មុនរដូវកាលថ្មីចូលមកដល់។ មិត្តរួមក្រុមជម្រើសជាតិព័រទុយហ្កាល់ Diogo Dalot ត្រូវបានគេឃើញដើរលេងកម្សាន្តជាមួយប្រពន្ធ និងកូន នៅក្នុងទីក្រុង Mallorca ប្រទេសអេស្ប៉ាញ។

កីឡាករខ្សែការពារ Virgil van Dijk និងប្រពន្ធរបស់គេ ធ្វើដំណើរទៅកម្សាន្ត នៅក្នុងប្រទេសហូឡង់ ខណៈមិត្តរួមក្រុមរបស់គេ រួមមានខ្សែប្រយុទ្ធ Memphis Depay និង Nathan Ake បានបង្ហោះរូបភាពដំណើរកម្សាន្តរដូវក្តៅ ក្រោយចប់ការប្រកួត Euro 2024 នៅតាមទីតាំងរៀងៗខ្លួន។

កីឡាករ Antoine Griezmann ត្រូវបានគេឃើញ ដើរកម្សាន្តជាមួយប្រពន្ធ និងកូនរបស់គេ នៅក្នុងប្រទេសអង់គ្លេស រួមជាមួយនឹងមិត្តរួមក្រុមអ្នកចាំទី Alphonse Areola និងប្រពន្ធរបស់គេ។ កីឡាករទាំងពីរនេះ បាននាំគ្រួសារទៅមើលការប្រកួតវាយកូនបាល់ ស្ថិតក្នុងកីឡដ្ឋាន Wimbledon កាលពីប៉ុន្មានថ្ងៃមុន ពេលដែលកីឡាករ Carlos Alcaraz ឈ្នះពាន Grand Slam លើកទី៤ ក្នុងអាជីពរបស់គេ។ ជម្រើសជាតិបារាំងបានធ្លាក់ចេញពីការប្រកួត Euro 2024 នៅត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្រោមថ្វីជើងអេស្ប៉ាញ លទ្ធផល ២-១។

ដោយឡែកកីឡាករក្រុមអេស្ប៉ាញ រួមមាន Alvaro Morata និង Nico Williams ក៏ត្រូវបានគេឃើញធ្វើដំណើរកម្សាន្តរៀងខ្លួនផងដែរ ក្រោយជួយក្រុមឈ្នះពាន ។
Morata បានបង្ហោះរូបភាពជិះនៅលើយន្តហោះឯកជន ជាមួយនឹងក្រុមគ្រួសាររបស់គេ ធ្វើដំណើរកម្សាន្តទៅកាន់ទៅក្រុង Milan ដែលជាទីកន្លែងរូបគេត្រូវប្រកបអាជីពបាល់ទាត់បន្តជាមួយនឹងក្រុម AC Milan។ ចំណែក Nico Williams រូបគេបានធ្វើដំណើរទៅកម្សាន្តនៅក្នុងប្រទេសអ៊ីតាលី ដូចគ្នាផងដែរ ស្ថិតក្នុងទីក្រុង Sardinia ដែលជាតំបន់មាត់សមុទ្រដ៏ស្រស់ស្អាតមួយ។

កីឡាករល្បីៗតំបន់អឺរ៉ុប ដែលកំពុងបន្តដើរលេងកម្សាន្ត សុទ្ធសឹងតែមានភារកិច្ចលេងឱ្យជម្រើសជាតិរៀងៗខ្លួន នៅក្នុងព្រឹត្តិការណ៍ Euro 2024។ កីឡាករជាច្រើនផ្សេងទៀត ដែលគ្មានភារកិច្ចប្រកួត Euro 2024 បានវិលត្រឡប់ចូលជំរំហ្វឹកហាត់របស់ក្លិបរៀងៗខ្លួន ដើម្បីត្រៀមសកម្មភាពប្រកួតប្រជែងសម្រាប់រដូវកាលថ្មី ២០២៤-២៥៕



អ្នកសរសេរអត្ថបទ
អ្នកយកព័ត៌មានកីឡា

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:
ព័ត៌មានពេញនិយម
-
៣ ថ្ងៃ