តុលាការបង់ក្លាដែសបន្ថយគម្រោងកូតាមន្ត្រី ខណៈមនុស្សជាង១០០នាក់ស្លាប់ក្នុងកុបកម្ម
  • ថ្ងៃចន្ទ ទី២២ ខែកក្កដា ឆ្នាំ២០២៤ ​​ ម៉ោង ១១:០៩ នាទី ព្រឹក
តុលាការបង់ក្លាដែសបន្ថយគម្រោងកូតាមន្ត្រី ខណៈមនុស្សជាង១០០នាក់ស្លាប់ក្នុងកុបកម្ម
ក្រុមបាតុករបង់ក្លាដែសនាថ្ងៃទី១៨ ខែកក្កដា ។ រូបភាព ៖ AFP

តុលាការកំពូលបង់ក្លាដែស នៅថ្ងៃទី២១ ខែកក្កដា បានប្រកាសលុបចោលកូតាកាត់បន្ថយមន្ត្រីរដ្ឋភាគច្រើន ដោយសារការតវ៉ាពីក្រុមបាតុករធ្វើឱ្យមនុស្សយ៉ាងហោចណាស់ ១១៥នាក់ស្លាប់នៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ។
TTN-Free-Banner-In-Article-PC
 
តុលាការកំពូលបង់ក្លាដែសបានសម្រេចកាត់បន្ថយកូតាការងាររបស់ក្រុមអតីតយុទ្ធជនមកត្រឹម ៥ភាគរយ ខណៈការងារ ៩៣ភាគរយ នឹងត្រូវបានបែងចែកដោយផ្អែកលើគុណសម្បត្តិ។ នៅសល់ ២ភាគរយ នឹងត្រូវបានបម្រុងទុកសម្រាប់ជនជាតិដើមភាគតិច ក្រុមអ្នកកែភេទ និងជនមានពិការភាព។ សេចក្តីសម្រេចនេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា ​ជ័យ​ជម្នះ​មួយ​ផ្នែក របស់​ក្រុម​បាតុករ​និស្សិតទូទាំង​ប្រទេស​។ 
 
សាក្សីម្នាក់បានប្រាប់សារព័ត៌មាន Reuters ថា ផ្លូវនៅជិតតុលាការកំពូលបង់ក្លាដែសបានស្ងប់ស្ងាត់ភ្លាមៗ បន្ទាប់ពីសេចក្តីសម្រេចនេះ ត្រូវបានប្រកាស។ បច្ចុប្បន្ន កងទ័ពបង់ក្លាដែសបន្តដាក់ពង្រាយទូទាំងរដ្ឋធានីដាហ្កា។
 
សេចក្តីសម្រេចរបស់តុលាការកំពូល ធ្វើឡើងក្នុងបិរបទការតវ៉ារបស់ក្រុមនិស្សិតនៅតាមសាកលវិទ្យាល័យនានាទូទាំងប្រទេស​ ចាប់ពីដើមខែកក្កដា។ 
 
ក្រុមអ្នកតវ៉ាបានអះអាងថា ប្រព័ន្ធកូតាកម្រិតបុគ្គលិកជាទម្រង់នៃការរើសអើងស្របពេលប្រទេសកំពុងមានវិបត្តិសេដ្ឋកិច្ច ហើយផ្តល់ផលប្រយោជន៍ដល់សមាជិកបក្ស Awami League ដែលកំពុងកាន់អំណាចប៉ុណ្ណោះ។ 
 
ការ​ប៉ះ​ទង្គិច​គ្នា​រវាង​ប៉ូលិស និង​បាតុករ​បាន​បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​ហោច​ណាស់ ១១៥ នាក់​ស្លាប់ និង​ប្រហែល ៧០នាក់​ត្រូវ​បាន​ឃុំ​ខ្លួន​។ នេះ​បើ​តាម​កាសែត The Guardian ។ 
 
កាសែត Times of India ដែលដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបង់ក្លាដែសលោក Asaduzzaman Khan រដ្ឋាភិបាលនឹងបន្ធូរបន្ថយបម្រាមគោចរជាបណ្ដោះអាសន្នចាប់ពីម៉ោង ៣រសៀលដល់ម៉ោងល្ងាច (ម៉ោងក្នុងតំបន់) ដើម្បីអនុញ្ញាតឱ្យប្រជាជនទទួលបានតម្រូវការចាំបាច់នានា។
 
គួរបញ្ជាក់ថា ការតវ៉ានៅបង់ក្លាដែសបានចាប់ផ្តើមកាលពីដើមខែកក្កដា ដោយក្រុមនិស្សិតមិនពេញចិត្តជាមួយរដ្ឋាភិបាលជុំវិញគម្រោងកាត់បន្ថយមន្រ្តីរដ្ឋ។ ក្រុមបាតុករបានដុតស្ថានីយទូរទស្សន៍ជាតិ ថែមទាំងប៉ះទង្គិចជាមួយកងកម្លាំងបង់ក្លាដែសយ៉ាងធ្ងន់ធ្ងរ។ 
 
ចាប់តាំងពីលោកស្រី Sheikh Hasina បានបន្តកាន់តំណែងជានាយករដ្ឋមន្រ្តីបង់ក្លាដែសជាថ្មីកាលពីខែមករា អត្រាគ្មានការងារធ្វើនៅក្នុងប្រទេសនេះបានកើនឡើងខ្ពស់ ជាពិសេសក្នុងចំណោមយុវជន។ អត្រាជិត ១ភាគ៥ នៃប្រជាជនបង់ក្លាដែស ១៧០លាននាក់គ្មានការងារធ្វើ ឬមិនបានសិក្សា៕ 
 

អ្នកសរសេរអត្ថបទ

ធន់ សេងហុង បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០២២។ បច្ចុប្បន្ននេះ សេងហុងកំពុងសិក្សាផ្នែកសេដ្ឋកិច្ចនយោបាយ នៅសកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ ប្រទេសវៀតណាម។ សេងហុង ជាអ្នកតាមដានព័ត៌មានជាតិ និងអន្តរជាតិ ផ្តោតសំខាន់លើផ្នែកសេដ្ឋកិច្ច ។ Thun Senghong is a freelancer national and international news reporter at Thmey Thmey. He is currently studying at UEH University in Vietnam. He aims to cover current issues in economy.

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ធន់ សេងហុង (THUN Senghong)