ហេតុអ្វីលោក បៃឌិន បោះបង់ការប្រជែងតំណែងប្រធានាធិបតីនៅអាណត្តិទី២?
- ថ្ងៃចន្ទ ទី២២ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង ១១:៥៩ នាទី ព្រឹក

លោកដូណាល់ ត្រាំ បេក្ខជនប្រធានាធិបតីរបស់បក្សសាធារណរដ្ឋ(ឆ្វេង) និងលោក ចូ បៃឌិន ប្រធានាធិបតីអាម៉េរិក។ រូបភាព AFP
បន្ទាប់ពីការកើនឡើងនៃសម្ពាធពីសមាជិកបក្សប្រជាធិបតេយ្យជាបន្តបន្ទាប់ លោក ចូ បៃឌិន ប្រធានាធិបតីអាម៉េរិក នៅថ្ងៃទី២១ ខែកក្កដា បានប្រកាសជាផ្លូវការដើរចេញពីបេក្ខជនប្រធានាធិបតីរបស់បក្ស។ នេះជារឿងឱ្យភ្ញាក់ផ្អើលមួយនៅក្នុងព្រឹត្តិការណ៍ការបោះឆ្នោតអាម៉េរិក ខណៈពេលកន្លងមក លោកបៃឌិន បានប្តេជ្ញាមិនបញ្ចប់ត្រឹមពាក់កណ្តាលទីឡើយ។ ពេលនេះ លោកស្រី កាម៉ាឡា ហារីស ជាបេក្ខជនមានប្រជាប្រិយភាពមួយរបស់បក្សប្រជាធិបតេយ្យ ដែលអាចប្រជែងជាមួយលោកដូណាល់ ត្រាំ។

មួយខែមុនបក្សប្រជាធិបតេយ្យបើកកិច្ចប្រជុំដើម្បីរើសបេក្ខជនប្រធានាធិបតី និងអនុប្រធានាធិបតីជាផ្លូវការ សម្រាប់ការបោះឆ្នោតនៅថ្ងៃទី៥ ខែវិច្ឆិកា ខាងមុខ លោក ចូ បៃឌិន ប្រធានាធិបតីអាម៉េរិក បានប្រកាសបោះបង់ការឈរឈ្មោះបោះឆ្នោតនៅអាណត្តិទី២។ កន្លងមក លោកបៃឌិន បានរងសម្ពាធពីសមាជិកបក្សប្រជាធិបតេយ្យឱ្យបោះបង់ការប្រជែងតំណែងនៅសេតវិមាន ដោយសារតែវ័យចាស់ ភ្លេចភ្លាំងច្រើន ហើយការជជែកដេញដោលមិនបានល្អ។
«ខ្ញុំជឿថា វាជារឿងដ៏ល្អសម្រាប់បក្ស និងប្រទេស។ ខ្ញុំដើរចេញពីការបោះឆ្នោត ហើយផ្តោតលើតួនាទីជាប្រធានាធិបតីសម្រាប់រយៈពេលដែលនៅសល់»។ លោក បៃឌិន ដែលមានវ័យ៨១ឆ្នាំ ទៅហើយនោះ បានសង្កត់ធ្ងន់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយបង្ហោះលើបណ្តាញសង្គម X ចេញនៅថ្ងៃទី២២ ខែកក្កដា។ យ៉ាងណាមិញ លោក បៃឌិន មិនបានបញ្ជាក់ពីហេតុផលច្បាស់លាស់ឡើយ នៅក្នុងសេចក្តីថ្លែងការណ៍នោះ។
ការប្រកាសដកខ្លួនចេញពីការបោះឆ្នោត កើតមានស្របពេលលោក បៃឌិន កំពុងមានជំងឺកូវីដ-១៩ ដោយយុទ្ធនាការបោះឆ្នោតផ្សេងៗ ត្រូវផ្អាកបណ្តោះអាសន្ន។
ហេតុផលដកខ្លួនពីការបោះឆ្នោតរបស់លោក បៃឌិន
វាអាចមានមូលហេតុចំនួន៣សំខាន់ៗ ដែលជំរុញឱ្យលោកបៃឌិន ដកខ្លួន ក្នុងនោះមិនដូចជា មតិរបស់មនុស្សជំនិត, វ័យចាស់ភ្លេចភ្លាំងច្រើន និងការថយចុះការគាំទ្រ។
នៅថ្ងៃទី២០ និងថ្ងៃទី២១ ខែកក្កដា លោកបៃឌិន បានជួបជាមួយទីប្រឹក្សារបស់ខ្លួនចំនួន ២រូប នៅផ្ទះ ក្នុងរដ្ឋ Delaware ផ្ទាល់តែម្តង។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Politico។ លោក បៃឌិន កំពុងស្នាក់នៅទីនោះបណ្តោះអាសន្ន ដើម្បីព្យាបាលជំងឺកូវីដ-១៩។

ប្រជាជនអាម៉េរិក គាំទ្រការសម្រេចចិត្តរបស់លោក ចូ បៃឌិន ក្នុងការដកខ្លួនចេញពីការបោះឆ្នោត។ រូបភាព AFP
តាមប្រភពជិតស្និទ្ធចំនួន ៥នាក់ លោក Steve Ricchetti និង លោក Mike Donilon ទីប្រឹក្សាប្រធានាធិបតីអាម៉េរិក បៃឌិន មិនត្រឹមតែបានបង្ហាញពីការថយចុះការគាំទ្រនៃសមាជិកបក្សប្រជាធិបតេយ្យ និងម្ចាស់ជំនួយប៉ុណ្ណោះលើលោក បៃឌិន ទេ ប៉ុន្តែមនុស្សជំនិតលោកប្រធានាធិបតីទាំង២រូប បានបង្ហាញពីការស្រង់មតិរបស់ប្រជាជនអាម៉េរិកប្រាប់លោកបៃឌិន ពាក់ព័ន្ធនឹងការបោះឆ្នោតខាងមុខ មិនអាចទទួលបានលទ្ធផលឈ្នះលោក ត្រាំ ផងដែរ។
ហេតុផលមួយទៀត គឺលោក បៃឌិន មានវ័យកាន់តែចាស់ ឈឺ និងភ្លេចភ្លាំងច្រើន។ មកទល់ពេលនេះ លោកបៃឌិន មានវ័យ ៨១ឆ្នាំហើយ ដែលជាប្រធានាធិបតីចាស់ជាងគេបំផុត ក្នុងប្រវត្តិសាស្រ្តអាម៉េរិក និងឈឺច្រើនថែមទៀត។ តាមការចុះផ្សាយរបស់សារព័ត៌មាន The Hill មកទល់ពេលនេះ លោកបៃឌិន មានជំងឺកូវីដ-១៩ ចំនួន៣លើកហើយ ដោយលើកចុងក្រោយ បានធ្វើឱ្យលោក បៃឌិន ផ្អាកយុទ្ធនាការរកសំឡេងគាំទ្រថែមទៀត។
លើសពីនេះ នៅក្នុងកិច្ចប្រជុំណាតូលើទឹកដីវ៉ាស៊ីនតោនកន្លងមក លោក បៃឌិន ភាន់ភាំងហៅប្រធានាធិបតីអ៊ុយក្រែន ជាលោកវ្ល៉ាឌីមៀពូទីន និងហៅលោកស្រីហារីស ជាអនុប្រធានាធិបតីរបស់លោក ត្រាំថែមទៀត។ មិនតែប៉ុណ្ណោះ ការជជែកដេញដោលនៅចុងខែមិថុនាក ជាមួយលោក ត្រាំ កន្លងទៅ លោក បៃឌិន ធ្វើមិនបានល្អឡើយ។
ហេតុផលសំខាន់មួយទៀត គឺការធ្លាក់ចុះសំឡេងគាំទ្រនៅក្នុងបក្ស និងការស្រង់មតិតទល់លោក ត្រាំ។ សមាជិកបក្សប្រជាធិបតេយ្យកាន់តែច្រើនឡើង បានបង្ហាញក្តីបារម្ភលើលោកបៃឌិន ពាក់ព័ន្ធនឹងអាយុរបស់លោក រួមទាំងមិនអាចយកឈ្នះលើលោក ត្រាំ នៅអាណត្តិថ្មី។ គិតត្រឹមថ្ងៃទី១៩ ខែកក្កដា សមាជិកសភាបក្សប្រជាធិបតេយ្យរហូតដល់ ៣៥នាក់ឯណោះបានជំរុញឱ្យប្រធានាធិបតីវ័យ ៨១ឆ្នាំ ដកខ្លួនចេញពីការបោះឆ្នោត។
លើសពីនេះ លោក Hakeem Jeffries មេដឹកនាំសមាជិកសំឡេងភាគតិចនៅក្នុងរដ្ឋសភា និងលោក Chuck Schumer មេដឹកនាំសំឡេងភាគច្រើននៅក្នុងព្រឹទ្ធសភា នៃបក្សប្រជាធិបតេយ្យ បានធ្លាប់ប្រាប់អ្នកសារព័ត៌មាន ពីក្តីបារម្ភលើលោកបៃឌិន តំណាងឱ្យបក្សប្រជាធិបតេយ្យដែរ។ ចំណែកលោកស្រី ណាន់ស៊ី ផេឡូស៊ី អតីតប្រធានរដ្ឋសភាអាម៉េរិក បានជួបជាមួយលោកបៃឌិន ដោយប្រាប់ថា លោកមិនអាចយកឈ្នះលោក ត្រាំបានឡើយ។
តាមការចុះផ្សាយរបស់សារព័ត៌មាន The Hill ចុះផ្សាយនៅថ្ងៃទី១៦ ខែកក្កដា ពាក់ព័ន្ធនឹងការស្រង់មតិ លោក ត្រាំ បាននាំមុខ លោកបៃឌិន នៅក្នុងរដ្ឋប្រទាញប្រទង់ចំនួន ៧ ឯណោះ ដោយក្នុងនោះមានដូចជា រដ្ឋ Arizona, រដ្ឋ Georgia, រដ្ឋ Michigan, រដ្ឋ Nevada, រដ្ឋ North Carolina, រដ្ឋ Pennsylvania និងរដ្ឋ Wisconsin។
តើបុគ្គលរូបណា នឹងក្លាយជាបេក្ខជនប្រធានាធិបតីបន្ទាប់របស់បក្សប្រជាធិបតេយ្យ?
បក្សប្រជាធិបតេយ្យ នៅសល់ពេលមិនច្រើនឡើយ មុនដល់ថ្ងៃតែងតាំងបេក្ខជនរបស់បក្សជាផ្លូវការ។ ពេលនេះ បក្សប្រជាធិបតេយ្យ មានមនុស្សសំខាន់ចំនួន ៣រូប ដោយក្នុងនោះមានលោកស្រី កាម៉ាឡា ហារីស អនុប្រធានាធិបតីអាម៉េរិកផងដែរ។

លោក លោកស្រី កាម៉ាឡា ហារីស អនុប្រធានាធិបតីអាម៉េរិក។ រូបភាព AFP
បេក្ខជនទាំង ៣នាក់មានដូចជា លោកស្រី ហារីស, លោក Gavin Newsom អភិបាលរដ្ឋកាលីហ្វ័រញ៉ា និងលោកស្រី Gretchen Whitmer អភិបាលរដ្ឋ Michigan។ កន្លងមក ម្ចាស់ជំនួយបក្សប្រជាធិបតេយ្យមួយចំនួន បានបង្ហាញការពេញចិត្តលើលោកស្រី ហារីស ដើម្បីប្រជែងជាមួយលោកត្រាំ។
តាមការបញ្ជាក់របសលោកស្រីហារីស លោកស្រីពេញចិត្ត ក្នុងទទួលបានការគាំទ្រជាបេក្ខជនជំនួសលោកបៃឌិន ដើម្បីយកឈ្នះលោក ត្រាំ។
ប្រសិនបើលោកស្រី ហារីស ត្រូវបានតែងតាំងជាបេក្ខជនរបស់បក្សប្រជាធិបតេយ្យមែន លោកស្រីនឹងក្លាយជាស្រ្តីមានស្បែកខ្មៅដំបូងនៅក្នុងប្រវត្តិសាស្រ្តអាម៉េរិក ដើម្បីប្រជែងយកតំណែងប្រធានាធិបតី។ ទោះជាមានការគាំទ្រពីលោកបៃឌិន អ្នកបោះឆ្នោតនៅអាម៉េរិក បានបង្ហាញពីក្តីបារម្ភថា លោកស្រី ហារីស ទំនងបំពេញការងារមិនបានល្អនៅថ្នាក់ជាតិ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The New York Times។
ចំណែកលោក ដូណាល់ ត្រាំ នៅក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន CNN បានបញ្ជាក់ផងដែរថា លោក អាចយកឈ្នះ លោកស្រី ហារីស យ៉ាងងាយស្រួល ក្នុងការនៅក្នុងការបោះឆ្នោតខាងមុខ។
«លោកស្រី ហារីស គឺស្រួលយកឈ្នះជាងលោកបៃឌិន»។ បេក្ខជនប្រធានាធិបតីបក្សសាធារណរដ្ឋ បានសង្កត់ធ្ងន់បែបនេះ នៅថ្ងៃទី២១ ខែកក្កដា។
សូមបញ្ជាក់ថា នៅសមាជរបស់បក្សកន្លងមក បក្សសាធារណរដ្ឋ បានតែងតាំង លោក ដូណាល់ ត្រាំ និងលោក J. D. Vance ជាបេក្ខជនប្រធានាធិបតី និងអនុប្រធានាធិបតី ជាផ្លូវការ សម្រាប់ការបោះឆ្នោតនៅក្នុងថ្ងៃទី៥ ខែវិច្ឆិកាខាងមុខ៕
អ្នកសរសេរអត្ថបទ
ធៀន ភារិន្ទ បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ នៅក្នុងឆ្នាំ២០១៩។ បច្ចុប្បន្ននេះ ភារិន្ទកំពុងសិក្សាផ្នែកច្បាប់ នៅសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងនៅដេប៉ាតេម៉ង់សិក្សាអន្តរជាតិ នៃវិទ្យាស្ថានការបរទេស សកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ភារិន្ទ ជាអ្នកតាមដានព័ត៌មានអន្តរជាតិ ជាពិសេស នយោបាយ សេដ្ឋកិច្ច និងទំនាក់ទំនងការបរទេស។...

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:
ព័ត៌មានពេញនិយម
-
៤ ថ្ងៃ