លោក ត្រាំ៖ ប្រជែងជាមួយលោកស្រី ហារីស ងាយជាងលោក បៃឌិន
- ថ្ងៃចន្ទ ទី២២ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង ២:៥៩ នាទី រសៀល

លោកស្រី កាម៉ាឡា ហារីស និងលោក ដូណាល់ត្រាំ ។ រូបភាព ៖ AFP
បេក្ខភាពប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ ជឿជាក់ថា ការប្រជែងតំណែងសេតវិមាន ជាមួយលោកស្រី កាម៉ាឡា ហារីស អនុប្រធានាធិបតី នឹងងាយស្រួលជាង ប្រសិនលោកស្រី ក្លាយជាបេក្ខជនរបស់បក្សប្រជាធិបតេយ្យ។

នៅក្នុងការហៅទូរស័ព្ទជាមួយទូរទស្សន៍ CNN ត្រឹមតែប៉ុន្មាននាទី បន្ទាប់ពីប្រធានាធិបតី ចូ បៃឌិន បានប្រកាសថា លាលែងពីបេក្ខជនប្រធានាធិបតីនៅថ្ងៃទី២១ ខែកក្កដា អតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ បានអះអាងថា លោក បៃឌិន នឹងមានឈ្មោះក្នុងប្រវត្តិសាស្ត្រជាប្រធានាធិបតីអាម៉េរិកដ៏អាក្រក់បំផុតរបស់ពិភពលោក។
ជុំវិញការគាំទ្ររបស់លោក បៃឌិន ចំពោះអនុប្រធានាធិបតី ហារីស ជាបេក្ខជនគណបក្សប្រជាធិបតេយ្យនៅក្នុងការប្រជែងតំណែងសេតវិមាននៅចុងឆ្នាំនេះ លោក ត្រាំ បានអះអាងថា អនុប្រធានាធិបតី ហារីស នឹងជាគូប្រជែងងាយស្រួលផ្តួលជាងលោក បៃឌិន។
«លោក ចូ បៃឌិន ជនមិនស្មោះត្រង់គ្មានកម្លាំងគ្រប់គ្រាន់ដើម្បីឈរឈ្មោះសម្រាប់តំណែងនេះទេ ហើយប្រាកដជាមិនអាចបម្រើប្រទេសបានទេ។ យើងបានទទួលរងនូវផលវិបាកជាច្រើនក្នុងអំឡុង ពេលអាណត្តិរបស់លោក ប៉ុន្តែយើងនឹងស្តារការខូចខាតទាំងអស់យ៉ាងឆាប់រហ័ស។ ធ្វើឱ្យអាម៉េរិក អស្ចារ្យម្តងទៀត»។ លោក ត្រាំ បានសរសេរនៅលើបណ្តាញសង្គម Truth Social បែបនេះ នៅថ្ងៃ ទី២១ ខែកក្កដា។
នៅក្នុងការបង្ហោះលើបណ្តាញសង្គម X ផ្ញើទៅសមាជិកគណបក្សប្រជាធិបតេយ្យចុងក្រោយ លោក បៃឌិន បានប្រកាសថានឹងគាំទ្រអនុប្រធានាធិបតី ហារីស ដែលមានអាយុ ៥៩ឆ្នាំ ជាបេក្ខជន តំណាងរបស់គណបក្សនៅក្នុងការប្រជែងតំណែងសេតវិមាននៅចុងឆ្នាំនេះ។
នេះជាលើកដំបូងនាប៉ុន្មានទសវត្សរ៍ចុងក្រោយ ដែលប្រធានាធិបតីអាម៉េរិក កំពុងកាន់តំណែង សេតវិមាន បានសម្រេចចិត្តមិនឈរឈ្មោះសម្រាប់ការបោះឆ្នោតឡើងវិញ។ ការសម្រេចចិត្ត បែបនេះចុងក្រោយគឺ អតីតប្រធានាធិបតី Lyndon Johnson ដែលបានដកខ្លួនចេញពីយុទ្ធនាការនៅឆ្នាំ ១៩៦៨។
ការសម្រេចចិត្តរបស់លោក បៃឌិន អាចមកពីបញ្ហាអាយុ ដែលភ្លេចភ្លាំងច្រើន, ការគាំទ្រនៅក្នុងបក្ស, មតិពីទីប្រឹក្សា និងការស្រង់មតិ។
គួរបញ្ជាក់ថា លោក បៃឌិន បានស្ថិតនៅក្រោមសម្ពាធយ៉ាងខ្លាំងពីក្នុងបក្សប្រជាធិបតេយ្យនៅមួយខែកន្លងមកនេះ បន្ទាប់ពីការជជែកដេញដោលដោយផ្ទាល់ជាលើកដំបូងជាមួយអតីតប្រធានាធិបតី ត្រាំ។ សមាជិកសភាប្រជាធិបតេយ្យចំនួន ៣៥នាក់បានស្នើសុំជាសាធារណៈឱ្យលោកដកខ្លួនចេញពីការប្រណាំងសម្រាប់សេតវិមានដើម្បីផ្តល់ឱកាសដល់អ្នកជំនាន់ក្រោយ៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: