សម្តេចប៉ាប រំពឹងអូឡាំពិកប៉ារីស ជាឱកាសសម្រាប់បទឈប់ចាញ់ក្នុងសង្គ្រាម និងជម្លោះពិភពលោក
- ថ្ងៃចន្ទ ទី២២ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង ៤:០០ នាទី រសៀល

សម្តេចប៉ាបហ្រ្វង់ស៊ីស មានជំនឿចិត្ត ចំពោះការប្រកួតព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ ទីក្រុងប៉ារីស នឹងក្លាយជាឱកាសមួយអាចឱ្យមានបទឈប់ចាញ់សម្រាប់ជម្លោះលើពិភពលោក និងសង្គ្រាមដែលកំពុងកើតមាន។ សម្តេចប៉ាប ថែមទាំងទាមទារឱ្យអត្តពលិកនាំគ្នា អំពាវនាវស្វែងរកសន្តិភាព និងធ្វើជាគំរូ សម្រាប់ក្មេងជំនាន់ក្រោយ។

សម្តេចប៉ាបហ្រ្វង់ស៊ីស គឺជាប្រធានព្រះវិហាររូមុាំកាទូលិក នៃសាសនាគ្រិស្ត (Roman Catholic Church) និងជាសម្តេចប៉ាបដំបូងគេបង្អស់ដែលមកពីទ្វីបអាម៉េរិក ហើយជាអធិបតេយ្យភាពនៃរដ្ឋ និងវិមានវ៉ាទីកង់។
អំឡុងពេលដែលលោកបានបង្ហាញវត្តមានចំពោះមុខសាធារណៈជន នៅក្នុងបរិវេណទីលាន St Peter’s ប្រទេសអ៊ីតាលី សម្តេចប៉ាបហ្រ្វង់ស៊ីស បានលើកឡើងដូច្នេះថា៖«បើយោងតាមវប្បធម៍ដ៏មានវ័យចំណាស់របស់បុព្វបុរស ព្រឹត្តិការណ៍អូឡាំពិកនឹងក្លាយជាឱកាសក្នុងការបញ្ចប់ជម្លោះនៃសង្គ្រាម ដោយបង្ហាញពីគោលបំណងរួម ឬក្តីប្រាថ្នាមួយក្នុងការស្វែងរកដំណោះស្រាយសម្រាប់សន្តិភាព។»។
ក្រៅពីនេះសម្តេចប៉ាប ក៏បានលើកឡើងពីបញ្ហាជម្លោះនៅក្នុងប្រទេសអ៊ុយក្រែន, តំបន់កាហ្សា និងមីយ៉ាន់ម៉ា ក៏ដូចជាប្រទេសដទៃផ្សេងទៀតលើពិភពលោក និងផ្តាំទៅកាន់ប្រទេសទាំងនោះ ថាសង្គ្រាមគឺបង្កឱ្យមានបរាជ័យ។
កាលពីខែមិថុនា កន្លងទៅ នៅក្នុងសេចក្តីថ្លែងការណ៍ចុងក្រោយ របស់កិច្ចប្រជុំក្រុមប្រទេសធំទាំង ៧ (G7) ដែលធ្វើឡើងក្នុងប្រទេសអ៊ីតាលី ក្នុងនោះក៏រួមមានការស្នើសុំឱ្យមានបទឈប់បាញ់ទៅលើបញ្ហាជម្លោះពិភពលោក អំឡុងពេលព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសដូចគ្នានេះដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: