លោក សុខ ចិន្តាសោភា នឹងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៧ នៅ​ឡាវ
  • ថ្ងៃចន្ទ ទី២២ ខែកក្កដា ឆ្នាំ២០២៤ ​​ ម៉ោង ៦:៥៩ នាទី ល្ងាច
លោក សុខ ចិន្តាសោភា នឹងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៧ នៅ​ឡាវ
លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

ប្រទេសឡាវ នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៧ និងកិច្ចប្រ​ជុំ​ពាក់ព័ន្ធ ក្រោមមូលបទ«អាស៊ាន៖ ការពង្រឹងការតភ្ជាប់ និងភាពធន់»។ កិច្ចប្រជុំ នឹងប្រព្រឹត្តទៅពី​ថ្ងៃទី២៤-២៧ ខែ កក្កដា នៅទីក្រុង​វៀងចន្ទន៍។
TTN-Free-Banner-In-Article-PC
 
លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ នឹងដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំនេះ ​តបតាមការអញ្ជើញរបស់សមភាគី លោក សាលើមសៃ គុំម៉ាស៊ីដ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស​ឡាវ។ នេះបើ​យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ចុះថ្ងៃទី២២ ខែកក្កដា​។
 
ក្រសួងការបរទេសកម្ពុជា បញ្ជាក់ថា៖ «កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៧ និងកិច្ចប្រជុំពាក់ព័ន្ធ ​​គឺជា​ឱកាសនៃការពិភាក្សាការងារ កសាងសហគមន៍អាស៊ាន រួមទាំងវិធីសាស្ត្រប្រកបដោយនវានុវត្តន៍ ​ក្នុង​ការលើកកម្ពស់កិច្ចសហប្រតិបត្តិការអាស៊ានបន្ថែមទៀត ដើម្បីសម្រេចបាននូវតំបន់មួយ​ដែលកាន់តែមានភាពតភ្ជាប់ និងភាពធន់ជាងមុន សម្រាប់វិបុលភាពរួម។»។
 
លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី ក៏នឹងអញ្ជើញចូលរួមកិច្ចប្រជុំដាច់ដោយឡែក ក្រប​ខណ្ឌ នៃកិច្ចសហប្រតិបត្តិការមេគង្គ ជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ​កូរ៉េខាងត្បូង និង​សហរដ្ឋអាម៉េរិក។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដដែល។ 
 
​ក្នុងពេលស្នាក់នៅទីក្រុងវៀងចន្ទន៍ ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា និងរដ្ឋ​មន្ត្រីការបរទេសអាស៊ាន និងអគ្គលេខាធិការអាស៊ាន ក៏នឹង​​ចូល​ជួបសម្តែង​ការ​គួរសម ជាមួយ លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋ​មន្ត្រីឡាវផងដែរ​។ 
 
រដ្ឋមន្ត្រីការបរទេសកម្ពុជា ក៏រំពឹងថា នឹងមានជំនួប​ទ្វេភាគី ជាមួយសមភាគីបរទេស​មួយចំនួន ដើម្បីពិភាក្សាពីកិច្ចសហប្រតិ​បត្តិការដែលមានផលប្រយោជន៍ទៅវិញ​ទៅមក ​ទាំងក្នុង​ក្របខណ្ឌទ្វេភាគី និងពហុភាគី។ ក្រសួងការបរទេសកម្ពុជា បន្ថែមដូច្នេះនៅក្នុងសេចក្តីប្រកាសព័ត៌មាន៕

អ្នកសរសេរអត្ថបទ

កញ្ញា ខន ចំប៉ា ចូលរួមជាមួយ​សារព័ត៌មានឌីជីថលថ្មីៗ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៤។ កញ្ញាមានជំនាញសរសេរព័ត៌មាន​ផ្នែកសង្គម និងគ្រប់គ្រង​ផ្នែកពាណិជ្ជកម្ម។ បច្ចុប្បន្ន ចំប៉ា មាន​តួនាទីជានិពន្ធនាយកា៕

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ខន ចំប៉ា