ក្រោយលោកបៃឌិនដកខ្លួន កូរ៉េខាងត្បូង ប្តេជ្ញាបន្តគាំទ្រសម្ព័ន្ធភាពទ្វេភាគី
- ថ្ងៃចន្ទ ទី២២ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង ៧:២៩ នាទី ល្ងាច

លោក ចូ បៃឌិន ប្រធានាធិបតីអាម៉េរិក (ឆ្វេង) និងលោកយូន សុកយ៉ល ប្រធានាធិបតីកូរ៉េខាងត្បូង។ រូបភាព AFP
កូរ៉េខាងត្បូង នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយអាម៉េរិក ដោយមិនគិតពីលទ្ធផលបោះឆ្នោត។ ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បានបញ្ជាក់បែបនេះ នៅថ្ងៃទី២២ ខែកក្កដា ពោលគឺ បន្ទាប់ពីលោក ចូ បៃឌិន ប្រធានាធិបតី ប្រកាសមិនចូលរួមក្នុងការបោះឆ្នោតនៅអាណត្តិទីពីរ។

ជារបត់នយោបាយដ៏ធំមួយនៅក្នុងការបោះឆ្នោតអាម៉េរិក ក្រោយពីលោក ចូ បៃឌិន ប្រធានាធិបតីអាម៉េរិកវ័យ ៨១ឆ្នាំ បានប្រកាសដកខ្លួនចេញពីបេក្ខជនប្រធានាធិបតីរបស់បក្សប្រជាធិបតេយ្យ។ ទាក់ទិននឹងបញ្ហានេះ ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បានប្តេជ្ញាបន្តធ្វើការជាមួយសម្ព័ន្ធមិត្ត ដោយមិនគិតថា បក្សមួយណាឈ្នះការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី៥ ខែវិច្ឆិកាខាងមុខនោះទេ។
«ការគាំទ្រសម្រាប់សម្ព័ន្ធមិត្តអាម៉េរិក និងកូរ៉េខាងត្បូង ចេញពីបក្សទាំងពីររបស់អាម៉េរិក ហើយរដ្ឋាភិបាលរបស់យើង នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយអាម៉េរិក ដើម្បីអភិវឌ្ឍសម្ព័ន្ធមិត្តជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយជាសកល»។ មន្រ្តីជាន់ខ្ពស់នៃការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បានបញ្ជាក់បែបនេះ នៅថ្ងៃទី២២ ខែកក្កដា។
យ៉ាងណាមិញ មន្រ្តីកូរ៉េខាងត្បូងរូបនេះ បានបដិសេធមិនបញ្ជាក់ឱ្យច្បាស់លើករណីការដកខ្លួនរបស់លោកបៃឌិនឡើយ ក្រោមហេតុផលវាជាកិច្ចការក្នុងស្រុកអាម៉េរិក។
ដោយឡែក នាយករដ្ឋមន្រ្តីជប៉ុន លោក គីស៊ីដា ហ្វូមីអូ ក្នុងថ្ងៃទី២២ ខែកក្កដា បានយល់ថា ការសម្រេចចិត្តរបស់លោក បៃឌិន ទំនងផ្អែកលើការវាយតម្លៃផ្នែកនយោបាយ។ បើតាមប្រមុខរដ្ឋាភិបាលរូបនេះ លោកនឹងបន្តឃ្លាំមើលការវិវឌ្ឍនៅក្នុងនយោបាយអាម៉េរិក។
ក្រោយការដកខ្លួនរបស់លោកបៃឌិន បក្សប្រជាធិបតេយ្យ ត្រូវរកបេក្ខជនផ្សេង។ ពេលនេះ លោកស្រី កាម៉ាឡា ហារីស អនុប្រធានាធិបតីអាម៉េរិក ត្រូវបានមើលឃើញថា ជាបេក្ខជនសំខាន់មួយរូប ក្នុងចំណោមបេក្ខជនផ្សេងទៀត។ សមាជជាតិរបស់បក្សប្រជាធិបតេយ្យ នឹងធ្វើឡើងនៅថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែសីហាខាងមុខ ដើម្បីរកបេក្ខជនប្រធានាធិបតីតំណាងបក្ស។
កន្លងមក លោកបៃឌិន បានរងសម្ពាធពីសមាជិកបក្សប្រជាធិបតេយ្យឱ្យបោះបង់ការប្រជែងតំណែងនៅសេតវិមាន ដោយសារតែវ័យចាស់ ភ្លេចភ្លាំងច្រើន ហើយការជជែកដេញដោលមិនបានល្អ៕
© រក្សាសិទ្ធិដោយ thmeythmey.com