លោកស្រីហារីស ប្តេជ្ញាយកជ័យជម្នះលើលោក ត្រាំ ក្រោយពាក្យសម្តីឌឺដង
  • ថ្ងៃអង្គារ ទី២៣ ខែកក្កដា ឆ្នាំ២០២៤ ​​ ម៉ោង ១០:០៩ នាទី ព្រឹក
លោកស្រីហារីស ប្តេជ្ញាយកជ័យជម្នះលើលោក ត្រាំ ក្រោយពាក្យសម្តីឌឺដង
លោកស្រី កាម៉ាឡា ហារីស អនុប្រធានាធិបតីអាម៉េរិក។ រូបភាព AFP

លោកស្រី កាម៉ាឡា ហារីស ដែលបានក្លាយជាបុគ្គលដ៏សំខាន់នៅក្នុងបក្សប្រជាធិបតេយ្យ នៅថ្ងៃទី២២ ខែកក្កដា បានចោទ លោក ដូណាល់ ត្រាំ បេក្ខជនប្រធានាធិបតីរបស់បក្សសាធារណរដ្ឋ ជាបុគ្គលបោកប្រាស់ ប្រើវិធីសាស្រ្តដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន។ អនុប្រធានាធិបតីអាម៉េរិករូបនេះ បានប្តេជ្ញាយកជ័យជម្នះលើលោក ត្រាំ ដែលទើបប្រើពាក្យសម្តីឌឺដងដាក់លោកស្រី។
TTN-Free-Banner-In-Article-PC


ក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ CNN នៅថ្ងៃទី២១ ខែកក្កដា លោកដូណាល់ ត្រាំ បេក្ខជនប្រធានាធិបតីរបស់បក្សសាធារណរដ្ឋ បានឌឺដងថា លោកងាយស្រួលយកឈ្នះលើ លោកស្រី កាម៉ាឡា ហារីស អនុប្រធានាធិបតី ជាងលោក ចូ បៃឌិន ប្រធានាធិបតីអាម៉េរិក ដែលបានដកខ្លួនចេញពីការបោះឆ្នោតប្រធានាធិបតីនៅអាណត្តិទី២។ ក្រោយការលើកឡើងបែបនេះ លោកស្រីហារីស បានចាត់ទុកលោកត្រាំ ជាជនល្មើស និងជាជនបោកប្រាស់។ 
 
«ខ្ញុំទទួលបន្ទុកលើជនល្មើសគ្រប់ប្រភេទ»។ លោកស្រី ហារីស បានសង្កត់ធ្ងន់បែបនេះ ទៅកាន់បុគ្គលិកយុទ្ធនាការឃោសនាបោះឆ្នោត នៅថ្ងៃទី២២ ខែកក្កដា ដោយចោទលោកត្រាំ ជាបុគ្គលបំពានស្រ្តី និងបោកប្រាស់អតិថិជនរបស់ខ្លួន ដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន។ ត្រង់ចំណុចនេះ លោកស្រីហារីស បានប្តេជ្ញា យកឈ្នះលើលោក ត្រាំ ដែលកំពុងរងបទចោទជាច្រើន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
 
លោកស្រីហារីស ធ្លាប់បំពេញការងារជារដ្ឋអាជ្ញា ហើយបានធ្វើការងារនេះច្រើនជាងតួនាទីសមាជិកព្រឹទ្ធសភា និងអនុប្រធានាធិបតីនៅពេលកន្លងមក។ ក្នុងការបោះឆ្នោតនេះ មនុស្សមួយចំនួន​ បានប្រៀបធៀនជាការប្រជែងគ្នារវាង រដ្ឋអាជ្ញា និងជនជាប់ចោទថែមទៀត។ 

ក្រោយបញ្ចប់តំណែងប្រធានាធិបតីនៅក្នុងឆ្នាំ ២០២១ លោក ត្រាំ បានរងបទចោទដូចជា ពាក់ព័ន្ធនឹងការបង់ប្រាក់ទៅតារាអាសអាភាស ដើម្បីលាក់បាំងរឿងអាស្រូវរបស់លោកជាមួយតារាអាសអាភាសនោះ និងការប៉ុនប៉ងផ្លាស់ប្តូរលទ្ធផលបោះឆ្នោតជាដើម។ 
 
លោកស្រី កាម៉េឡា ហារីស អនុប្រធានាធិបតី នៅក្នុងរដ្ឋ Delaware នៅថ្ងៃទី២២ ខែកក្កដា។ រូបភាព AFP
 
ក្រោយលោក បៃឌិន ដកខ្លួនចេញពីការបោះឆ្នោត លោកស្រី ហារីស បានក្លាយជាបេក្ខជនដ៏សំខាន់មួយរូប ដែលអាចក្លាយជាអ្នកជំនួសតំណែងបេក្ខជនប្រធានាធិបតីរបស់បក្សប្រជាធិបតេយ្យ។ ក្នុងវ័យ ៥៩ឆ្នាំ លោកស្រីអនុប្រធានាធិបតី បានសន្យាចុះហត្ថលេខាលើច្បាប់ការពារសិទ្ធិរំលូតកូន, ហាមឃាត់កាំភ្លើងប្រភេទ Rifle និងជួយប្រជាជនឋានៈកណ្តាល ប្រសិនបើជាប់ឆ្នោត។ 
 
ពេលនេះ លោកស្រី ហារីស បានទទួលការគាំទ្រយ៉ាងខ្លាំង នៅក្នុងបក្សប្រជាធិបតេយ្យ ក្នុងចំណោមបេក្ខជនផ្សេង។ សូម្បី លោកស្រី ណាន់ស៊ី ផេឡូស៊ី អតីតប្រធានរដ្ឋសភា និងជាបុគ្គលមានឥទ្ធិពលមួយនៅក្នុងបក្ស បានប្រកាសគាំទ្រ លោកស្រី ហារីស ដោយចំហ។ 
 
«ខ្ញុំមានទំនុកចិត្តថា លោកស្រីហារីស នឹងឈ្នះការបោះឆ្នោតនៅក្នុងខែវិច្ឆិកា»។ លោកស្រី ផេឡូស៊ី បានបញ្ជាក់បែបនេះ នៅលើបណ្តាញសង្គម X នៅថ្ងៃទី ២៣ ខែកក្កដា ដោយបន្ថែមថា លោកស្រីឃើញពីថាមពលរបស់លោកស្រីហារីស និងការការពារសិទ្ធិរបស់ស្រ្តី។ បក្សប្រជាធិបតេយ្យ នឹងបើកសមាជបក្សរើសបេក្ខជនប្រធានាធិបតី និងអនុប្រធានាធិបតី​ នៅខែសីហាខាងមុខ សម្រាប់ការបោះឆ្នោតប្រធានាធិបតី នៅថ្ងៃទី៥ ខែវិច្ឆិកា។ 
 
ក្រៅពីនេះ បេក្ខជនដែលត្រូវបានមើលឃើញជាដៃគូប្រជែងដ៏សំខាន់នៅក្នុងបក្សសម្រាប់កៅអីបេក្ខជនប្រធានាធិបតី ដូចជា អភិបាលរដ្ឋ Michigan លោកស្រី Gretchen Whitmer, អភិបាលរដ្ឋកាលីហ្វ័រញ៉ា លោក Gavin Newsom និងអភិបាលរដ្ឋ Kentucky លោក Andy Beshear ក៏ប្រកាសគាំទ្រលោកស្រីអនុប្រធានាធិបតីឱ្យតំណាងបក្សផងដែរ។ 
 
ត្រឹមរយៈពេល ២៤ម៉ោង ក្រោយលោកបៃឌិនដកខ្លួនចេញ យុទ្ធនាការការបោះឆ្នោតរបស់ លោកស្រី ហារីស បានកៀរគរប្រាក់ដល់ ៨១លានដុល្លារឯណោះ។ 
 
តាមការចុះផ្សាយរបស់សារព័ត៌មាន CNN លោកស្រី ហារីស បានទទួលសំឡេងគាំទ្រគ្រប់គ្រាន់ហើយពីតំណាងបក្សប្រជាធិបតេយ្យ ដើម្បីឈរជាបេក្ខជនរបស់បក្ស។ ដើម្បីអាចក្លាយជាបេក្ខជនប្រធានាធិបតីរបស់បក្សប្រជាធិបតេយ្យ លោកស្រីហារីស ត្រូវការសំឡេងគាំទ្រពីតំណាងបក្សយ៉ាងហោចណាស់១៩៧៦ ក្នុងចំណោមអ្នកតំណាងសរុបជិត ៤ពាន់៕ 

អ្នកសរសេរអត្ថបទ

​ធៀន ភា​រិន្ទ បានចាប់ផ្តើម​ការងារ​ជា​អ្នកសារព័ត៌មាន​នៅ សារព័ត៌មាន​ថ្មីៗ នៅក្នុង​ឆ្នាំ​២០១៩​។ បច្ចុប្បន្ននេះ ភា​រិន្ទ​កំពុង​សិក្សា​ផ្នែក​ច្បាប់ នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច និង​នៅ​ដេ​ប៉ា​តេ​ម៉​ង់​សិក្សា​អន្តរជាតិ នៃ​វិទ្យាស្ថាន​ការបរទេស សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។ ភា​រិន្ទ ជា​អ្នកតាមដាន​ព័ត៌មាន​អន្តរជាតិ ជាពិសេស នយោបាយ សេដ្ឋកិច្ច និង​ទំនាក់ទំនង​ការបរទេស​។​...

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ធៀន ភា​រិន្ទ