អាម៉េរិកបញ្ជូនរដ្ឋមន្ត្រីការបរទេស ទៅចូលរួមបុណ្យសពអគ្គលេខាបក្សកុម្មុយនីស្តវៀតណាម
  • ថ្ងៃអង្គារ ទី២៣ ខែកក្កដា ឆ្នាំ២០២៤ ​​ ម៉ោង ១១:៣២ នាទី ព្រឹក
អាម៉េរិកបញ្ជូនរដ្ឋមន្ត្រីការបរទេស ទៅចូលរួមបុណ្យសពអគ្គលេខាបក្សកុម្មុយនីស្តវៀតណាម
រដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក អាន់តូនី ប្លីងខិន ។ រូបភាព ៖ AFP

តាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសអាមេរិកនាថ្ងៃទី ២២ ខែកក្កដា រដ្ឋមន្ត្រីការបរទេសលោក អាន់តូនី ប្លីងខិន នឹងទៅវៀតណាមដើម្បីចូលរួមពិធីបុណ្យសពរបស់អគ្គលេខាបក្សលោក ង្វៀន ភូជុង ។ នេះបើតាមសារព័ត៌មាន VOV។
TTN-Free-Banner-In-Article-PC
 
នៅក្នុងសេចក្តីប្រកាសរបស់ក្រសួងការបរទេសអាម៉េរិក លោក ប្លីងខិន នឹងចូលរួមពិធីបុណ្យសពរបស់ប្រមុខបក្សកុម្មុយនីស្តវៀតណាម នៅទីក្រុងហាណូយ និងផ្ញើរសាររំលែកទុក្ខដល់ប្រជាជនវៀតណាម។ ក្នុងដំណើរទស្សនកិច្ចនេះ រដ្ឋមន្រ្តីការបរទេសអាម៉េរិករូបនេះ នឹងបន្តសង្កត់ធ្ងន់លើភាពរឹងមាំនៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យជាមួយវៀតណាម។
 
មុននោះ នាថ្ងៃទី ២០ ខែកក្កដា ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន បានផ្ញើសាររំលែកទុក្ខយ៉ាងជ្រាលជ្រៅចំពោះប្រជាជនវៀតណាម និងក្រុមគ្រួសាររបស់អគ្គលេខាបក្ស ង្វៀន ភូជុង ។ សាររបស់ប្រធានាធិបតីអាមេរិកបានសង្កត់ធ្ងន់ថា លោកអគ្គលេខាបក្ស ង្វៀន ភូជុង ជាអ្នកដឹកនាំក្នុងការកសាងទំនាក់ទំនងយ៉ាងស៊ីជម្រៅរវាងប្រជាជនវៀតណាម និងអាម៉េរិក។ អរគុណចំពោះការដឹកនាំរបស់អគ្គលេខាបក្ស ង្វៀន ​ភូ ជុង​ វៀតណាម និងអាម៉េរិកបានរីករាយនឹងទំនាក់ទំនងមិត្តភាព និងភាពជាដៃគូដល់សព្វថ្ងៃនេះ។
 
ប្រធានាធិបតីអាម៉េរិករូបនេះក៏បានអះអាងថា អាម៉េរិក និងលោកប្រធានាធិបតី បៃឌិន ផ្ទាល់នឹងចងចាំជានិច្ច និងដឹងគុណចំពោះការប្តេជ្ញាចិត្តរបស់អគ្គលេខាបក្ស ង្វៀន ភូ ជុង ក្នុងការកសាងអនាគតសម្រាប់សន្តិភាព ស្ថិរភាព និងវិបុលភាពនៃតំបន់ និងពិភពលោក។ 
 
គួរបញ្ជាក់ថា លោក ង្វៀន ភូ ជុង ដែលមានអាយុ ៨០ឆ្នាំ បានកាន់តំណែងជាអគ្គលេខាបក្សតាំងពីឆ្នាំ២០១១ បានទទួលមរណភាពនាថ្ងៃទី ១៩ខែកក្កដា ដោយសារជំងឺប្រចាំកាយ។ វៀតណាមនឹងធ្វើពិធីបុណ្យកាន់ទុក្ខថ្នាក់ជាតិ នៅថ្ងៃទី២៦ ខែកកក្កដា៕ 

អ្នកសរសេរអត្ថបទ

ធន់ សេងហុង (THUN Senghong) បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០២២។ បច្ចុប្បន្ននេះ សេងហុងកំពុងសិក្សាផ្នែកសេដ្ឋកិច្ចនយោបាយ នៅសកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ ប្រទេសវៀតណាម។ សេងហុង ជាអ្នកតាមដានព័ត៌មានជាតិ និងអន្តរជាតិ ផ្តោតសំខាន់លើផ្នែកសេដ្ឋកិច្ច ។ Thun Senghong is a freelancer national and international news reporter at Thmey Thmey. He is currently studying at UEH University in Vietnam. He aims to cover current issues in economy.

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ធន់ សេងហុង