Messi ដើរកម្សាន្តក្រោយឈ្នះ Copa America ទាំងរបួសកជើង
- ថ្ងៃអង្គារ ទី២៣ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង ២:៥៩ នាទី រសៀល

តារាបាល់ទាត់ Lionel Messi បានប្រើប្រាស់ស្បែកជើងការពារកជើង នៅលើកជើងស្តាំ ដែលបានរងរបួសធ្ងន់ធ្ងរ កាលពីប្រកួតវគ្គផ្តាច់ព្រ័ត្រ Copa America អំឡុងពេលធ្វើដំណើរកម្សាន្តលំហែកាយជាមួយភរិយា រួមទាំងមិត្តរួមក្លិប Inter Maimi កីឡាករ Luis Suarez។

ដំណើរកម្សាន្តរបស់ Messi ជាមួយនឹងប្រពន្ធរបស់គេ Antonela Roccuzzo រួមទាំងមិត្តរួមក្រុមដ៏ជិតស្និទ្ធិបំផុត Luis Suarez គឺក្រោយពេលដែលតារាបាល់ទាត់វ័យ ៣៧ឆ្នាំ បានរួមចំណែកជួយអាហ្សង់ទីន ការពារតំណែងជើងឯក Copa America 2024 បានសម្រេច។ ប៉ុន្តែនៅក្នុងដំណើរកម្សាន្តនោះ Messi បានប្រើប្រាស់ស្បែកជើងការពារ ត្រង់កជើងដែលបានរងរបួស។
ការប្រើប្រាស់ស្បែកជើងការពារនេះ Messi ធ្លាប់បានប្រើប្រាស់នៅពេលបង្ហាញខ្លួនក្នុងពិធីអបអរជ័យជម្នះពានរង្វាន់លើកទី ៤៥ ក្នុងអាជីព ពេលដែលក្លិប Inter Miami រៀបចំជាពិសេសសម្រាប់រូបគេកាលពីថ្ងៃទី២០ ខែកក្កដា។

បើតាមរូបភាព ដែលបង្ហោះដោយ ប្រពន្ធរបស់ Messi លើបណ្តាញសង្គម Instagram ខ្សែប្រយុទ្ធក្រុម Inter Miami បានប្រើប្រាស់ស្បែកជើងការពារ បញ្ហារបួសកជើង ដើម្បីពន្លឿនការព្យាបាលដាច់សរសៃកជើង ដែលរូបគេបានជួបប្រទះពេលប្រកួតវគ្គផ្តាច់ព្រ័ត្រ Copa America ទល់ក្រុមកូឡុំប៊ី។ ប្តីប្រពន្ធទាំងពីរ មិនបានធ្វើដំណើរកម្សាន្តតែឯងឡើយ ដោយមិត្តរួមក្រុម Luis Suarez ជាមិត្តដ៏ជិតស្និទ្ធធ្លាប់លេងជាមួយគ្នានៅក្លិប Barca ក៏មានវត្តមានដែរ។
កាលពីប្រកួតវគ្គព្រ័ត្រពានរង្វាន់ Copa America វគ្គផ្តាច់ព្រ័ត្រថ្ងៃទី១៥ ខែកក្កដា Messi បានរងរបួសកជើងធ្ងន់ធ្ងរ អំឡុងដេញតាមប្រជែងបាល់ទល់នឹងកីឡាករកូឡុំប៊ី ហើយត្រូវបានបង្ខំចិត្តប្តូរចេញនៅត្រឹមនាទី ៦៦ ទោះជារូបគេជម្នះចង់បន្តនៅលេងក៏ដោយ។ អាហ្សង់ទីន បញ្ចប់ការប្រកួតរយៈពេល ៩០នាទី បានត្រឹមលទ្ធផល ០-០ ទល់នឹងកូឡុំប៊ី ប៉ុន្តែការស៊ុត ១គ្រាប់របស់ Lautaro Martinez ក្នុងម៉ោងបន្ថែម ១៥នាទី ២ដង ជួយដល់អាហ្សង់ទីន និង Messi ការពារតំណែងជើងឯកបានសម្រេចម្តងទៀត។
ពេលវិលត្រឡប់មកក្លិប Inter Miami ខ្សែប្រយុទ្ធវ័យ ៣៧ឆ្នាំ ដែលឈ្នះ World Cup 2022 ទទួលបានការត្រួតពិនិត្យបញ្ហារបួស។ ក្រោយការពិនិត្យ ក្រុមគ្រូពេទ្យ និងក្លិប បានបញ្ជាក់ថា មិនទាន់ដឹងពីពេលវេលាច្បាស់ ចំពោះការវិលត្រឡប់ចូលទីលានវិញ របស់កីឡាកររូបនេះឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: