Pep ចេញមុខអះអាងថា De Bruyne មិនទៅណាពី Man City
- ថ្ងៃអង្គារ ទី២៣ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង ៥:៥៩ នាទី ល្ងាច

លោក Pep Guardiola អ្នកចាត់ការក្រុមការពារជើងឯកលីគកំពូលអង់គ្លេស Manchester City បានឆ្លើយតបទៅពាក្យចចាមអារ៉ាមទាក់ទងនឹង Kevin De Bruyne ទំនងនឹងផ្លាស់ទៅកាន់ក្លិបនៅទឹកដីប្រទេសអារ៉ាប៊ីសាអូឌីត ថាមិនពិត ខណៈដែលកីឡាករសញ្ជាតិបែលហ្ស៊ិក នៅតែជាកម្លាំងសំខាន់របស់ក្រុមនៅរដូវកាលថ្មី។

នាប៉ុន្មានថ្ងៃចុងក្រោយមកនេះ ស្របពេលដែលព្រឹត្តិការណ៍ពានរង្វាន់អន្តរជាតិតាមទ្វីបធំៗចំនួន ២ បានបិទបញ្ចប់ ការត្រៀមខ្លួនសម្រាប់រដូវកាលថ្មី របស់ក្លិបធំៗលើពិភពលោក ក៏កំពុងតែចាប់ផ្តើមមកវិញ។ ខ្សែបម្រើ De Bruyne បានជាប់ទាក់ទងនឹងពាក្យចចាមអារ៉ាម ថារូបគេនឹងអាចផ្លាស់ទៅកាន់ក្លិបស្ថិតនៅក្របខណ្ឌ Saudi Pro League ទោះកីឡាករអន្តរជាតិបែលហ្ស៊ិក នៅមានកិច្ចសន្យា ១ឆ្នាំ ជាមួយក្លិប Man City។
ពេលឮដំណឹងមិនពិតទាក់ទងនឹងកីឡាករសំខាន់ប្រចាំក្រុម លោក Guardiola អ្នកចាត់ការក្រុម ចេញមុខអះអាងថាខ្សែបម្រើវ័យ ៣៣ឆ្នាំ មិនចាកចេញពីក្លិបនោះទេ ទោះបីជាក្រុមត្រូវផ្លាស់ប្តូរសមាសភាពមួយចំនួន សម្រាប់រដូវកាលថ្មីក៏ដោយ។
អ្នកចាត់ការសញ្ជាតិអេស្ប៉ាញបានអះអាងដូច្នេះថា៖«De Bruyne នឹងមិនទៅណាទាំងអស់ ខ្ញុំរីករាយចំពោះស្ថានភាពក្រុមនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ។ ខ្ញុំមិនដឹងឡើយថា នឹងមានរឿងអ្វីកើតឡើងក្នុងទីផ្សារដោះដូរ ប្រសិនបើមាននរណាម្នាក់នឹងចាកចេញ យើងនឹងជជែកពីរឿងនេះ។ ប៉ុន្តែនេះ ៨០ ទៅ ៨៥ភាគរយទៅហើយ ដែលយើងនឹងរក្សាសមាសភាពក្រុមនៅដដែល […] ខ្ញុំមានទំនុកចិត្ត ព្រោះថាយើងកំពុងមានក្រុមកីឡាករដែលមានគុណភាព ដែលពិបាកក្នុងការផ្លាស់ប្តូរឡើងវិញ។»។
កាលពីពេលថ្មីនេះ ក្លិប Man City ទើបតែយកបានកីឡាករខ្សែប្រយុទ្ធស្លាប Savinho សញ្ជាតិប្រេស៊ីលវ័យ ២០ឆ្នាំ មកចូលរួមក្រុម ខណៈក្រុមបានផ្ទេរកីឡាករ Kevin Phillips ឱ្យក្លិប West Ham United ខ្ចីជើង។
ដោយឡែកសម្រាប់ការប្រកួតរបស់ក្រុមការពារជើងឯក Manchester City នៅក្នុងក្របខណ្ឌ Premier League នឹងចាប់ផ្តើមនៅថ្ងៃទី១៨ ខែសីហា ដែលជាជំនួបដំបូងក្របខណ្ឌលីគកំពូលអង់គ្លេស ទល់នឹងក្រុម Chelsea៕
អ្នកសរសេរអត្ថបទ
អ្នកយកព័ត៌មានកីឡា

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:
ព័ត៌មានពេញនិយម
-
៣ ថ្ងៃ