កីឡាករកំពូលៗចូលនិវត្តន៍ពីជម្រើសជាតិ ក្រោយចប់ ​UEFA Euro និង Copa America
  • ថ្ងៃអង្គារ ទី២៣ ខែកក្កដា ឆ្នាំ២០២៤ ​​ ម៉ោង ៨:២៩ នាទី យប់
កីឡាករកំពូលៗចូលនិវត្តន៍ពីជម្រើសជាតិ ក្រោយចប់ ​UEFA Euro និង Copa America

ការប្រកួតព្រឹត្តិការណ៍ពានរង្វាន់នៅតាមទ្វីបធំៗ ដូចជាពាន ​UEFA Euro 2024 និង ​Copa America 2024 ទើបតែបានបញ្ចប់ទៅកាលពីសប្តាហ៍មុន ដោយរកឃើញជើងឯកតាមតំបន់រួមមាន អេស្ប៉ាញជើងឯកទ្វីបអឺរ៉ុប និង អាហ្សង់ទីនជើងឯកទ្វីបអាម៉េរិក។ ក្រោយបញ្ចប់ព្រឹត្តិការណ៍ប្រចាំទ្វីបទាំងពីរ មានកីឡាករល្បីៗមួយចំនួនបានសម្រេចចូលនិវត្តន៍ពីជម្រើសជាតិផងដែរ។
TTN-Free-Banner-In-Article-PC


ការប្រកួត ប្រចាំទ្វីបអឺរ៉ុប និងទ្វីបអាម៉េរិក ឆ្នាំ ២០២៤ បានបញ្ចប់ទៅដោយការចងចាំជាច្រើន ពីភាពអស្ចារ្យនៃការប្រកួតប្រជែង និងរឿងរ៉ាវ ក៏ដូចជាកំណត់ត្រាជាច្រើនបានកើតឡើងទន្ទឹមគ្នា។ ប៉ុន្តែនៅរាល់ការផ្លុំកញ្ជែបញ្ចប់ការប្រកួតនីមួយៗ ក៏តែងតែមានការសោកស្តាយ សម្រាប់អាជីពចុងក្រោយរបស់កីឡាករមួយចំនួន ដែលត្រូវបញ្ចប់អាជីពក្រោយពេលក្រុមអស់បេសកកម្ម នៅក្នុងការប្រកួតទាំងនោះ។
 
ម្ចាស់ជើងឯក Euro 2024 បានទៅលើក្រុមជម្រើសជាតិអេស្ប៉ាញ បន្ទាប់ពីប្រកួតឈ្នះវគ្គផ្តាច់ព្រ័ត្រលទ្ធផល ២-១ ទល់ក្រុមអង់គ្លេស ជាមួយកំណត់ត្រាឈ្នះ ១០០ភាគរយ តាំងពីវគ្គចែកពូល។ ចំណែកអាហ្សង់ទីន ក្លាយជាក្រុមការពារជើងឯក Copa America បានសម្រេច ក្រោយប្រកួតយកឈ្នះលើក្រុមកូឡុំប៊ី លទ្ធផល ១-០ និងជាការគ្រងតំណែងជើងឯកប្រចាំទ្វីបលើកទី១៦។
 
ព្រឹត្តិការណ៍ UEFA Euro និង Copa America ក្នុងឆ្នាំ ២០២៤​ ក៏បាននាំឱ្យកីឡាករល្បីៗមួយចំនួន ធ្លាប់បានបង្កភាពភ្ញាក់ផ្អើល នៅក្នុងពិភពបាល់ទាត់ ឈានជើងដល់ទីបញ្ចប់នៃអាជីពលេងឱ្យក្រុមជម្រើសជាតិរបស់ពួកគេរៀងៗខ្លួនផងដែរ។
 
ខាងក្រោមនេះជាកីឡាករល្បីៗកំពូលៗ ដែលបានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិ៖
 
១. Tony Kroos ចូលនិវត្តន៍ពីជម្រើសជាតិអាល្លឺម៉ង់ វ័យ ៣៤ឆ្នាំ ក្រោយពេលក្រុមធ្លាក់ចេញពីការប្រកួតនៅវគ្គ ៨ក្រុមចុងក្រោយ។ Kroos លេងឱ្យជម្រើសជាតិអាល្លឺម៉ង់ ១១៤លើក និងរកបានគ្រាប់បាល់ចំនួន ១៧ ជួយក្រុមឈ្នះពាន World Cup នៅឆ្នាំ ២០១៤ ពីការបង្ហាញខ្លួន ៣លើក នៅព្រឹត្តិការណ៍ឆ្នាំ ២០១០, ២០១៤ និង ២០១៨ និងពានអឹរ៉ុប ក្នុងឆ្នាំ ២០១២, ២០១៦, ២០២១ និង ២០២៤។



២.  Thomas Muller ចូលនិវត្តន៍ពីជម្រើសជាតិអាល្លឺម៉ង់ វ័យ ៣៤ឆ្នាំ ក្រោយក្រុមធ្លាក់ត្រឹមវគ្គ ៨ក្រុម ចុងក្រោយ នៅ Euro 2024 រកបានគ្រាប់បាល់ ៤៥លើក ពីការបង្ហាញខ្លួន ១៣១ប្រកួត ឱ្យជម្រើសជាតិ និងជួយក្រុមឈ្នះ World Cup ឆ្នាំ ២០១៤។



៣. Olivier Giroud ចូលនិវត្តន៍ពីជម្រើសជាតិបារាំង ក្នុងវ័យ ៣៧ឆ្នាំ ក្រោយក្រុមធ្លាក់ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Euro 2024។ ​Giroud ជួយក្រុមឈ្នះពាន World Cup 2018 និង ​UEFA Nations League 2021 ដោយរកបានគ្រាប់បាល់ចំនួន ៥៧គ្រាប់ ពីការបង្ហាញខ្លួន ១៣៧លើក ជាមួយជម្រើសជាតិ។



៤. Xherdan Shaqiri ចូលនិវត្តន៍ពីក្រុមជម្រើសជាតិស្វ៊ីស ក្រោយក្រុមធ្លាក់ចេញត្រឹមវគ្គ ៨ក្រុម ចុងក្រោយ ព្រឹត្តិការណ៍ Euro 2024។ កីឡាករវ័យ ៣២ឆ្នាំ លេងឱ្យជម្រើសជាតិបានចំនួន ១២៥លើក និងរកបានគ្រាប់បាល់៣២គ្រាប់ ចាប់តាំងពីរូបគេបង្ហាញខ្លួនលើកដំបូងនៅឆ្នាំ ២០១០។



៥. Jesus Navas ចូលនិវត្តន៍ពីក្រុមជម្រើសជាតិអេស្ប៉ាញ ក្រោយពេលបានរួមចំណែកជួយអេស្ប៉ាញឈ្នះពាន Euro 2024។ កីឡាករវ័យ ៣៨ឆ្នាំ បានវិលត្រឡប់ចូលជម្រើសជាតិអេស្ប៉ាញវិញ ក្រោយខកខានជាច្រើនឆ្នាំ ប៉ុន្តែការវិលត្រឡប់មកវិញនេះ កីឡាករជើងចាស់ធ្លាប់ឈ្នះពាន World Cup 2010 និងពានរង្វាន់ Euro 2012 និងចុងក្រោយ Euro 2024 បន្ទាប់ពីជួយក្រុមឈ្នះពាន UEFA Nations League កាលឆ្នាំ ២០២៣ មួយបន្ថែមទៀត។ កីឡាកររូបនេះលេងឱ្យជម្រើសជាតិអេស្ប៉ាញបានត្រឹម ៥៦លើក និងរកបានគ្រាប់បាល់ ៥គ្រាប់ ប៉ុណ្ណោះ។



៦. Angel Di Maria ចូលនិវត្តន៍ពីជម្រើសជាតិអាហ្សង់ទីន ត្រឹមវ័យ ៣៦ឆ្នាំ ក្រោយជួយក្រុមឈ្នះពានរង្វាន់ Copa America ឆ្នាំ ២០២៤។ Di Maria បានរួមចំណែកខ្លាំងសម្រាប់អាហ្សង់ទីន ដោយរយៈកាលចុងក្រោយ រូបគេបានលេងរហូតអាចឈ្នះពាន World Cup 2022 ជាមួយនឹងក្រុម ក៏ដូចជាពានរង្វាន់ Copa America ២លើក ជាប់គ្នា ក្នុងឆ្នាំ ២០២១ និង ២០២៤៕
 


អ្នកសរសេរអត្ថបទ

អ្នក​យកព័ត៌មាន​កីឡា

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ជា យូគៀង