ក្រសួង​សុខាភិបាល ប្រាប់ឱ្យ​​​ប្រយ័ត្នចំពោះការ​បរិភោគផ្សិត ក្រោយ​មនុស្ស​១៧នាក់ពុល​
  • ថ្ងៃពុធ ទី២៤ ខែកក្កដា ឆ្នាំ២០២៤ ​​ ម៉ោង ៩:០៩ នាទី ព្រឹក
ក្រសួង​សុខាភិបាល ប្រាប់ឱ្យ​​​ប្រយ័ត្នចំពោះការ​បរិភោគផ្សិត ក្រោយ​មនុស្ស​១៧នាក់ពុល​
ផ្សិតដែលពលរដ្ឋដកយកទៅបរិភោគបណ្ដាលឱ្យពុល។ រូបពី មន្ទីរព័ត៌មានរតនគិរី

ក្រសួង​សុខាភិបាល បាន​ក្រើន​រំឭក​ដល់ប្រជាពលរដ្ឋទាំងអស់ឱ្យ​ប្រុង​ប្រយ័ត្នចំពោះការ​បរិភោគផ្សិត ​បន្ទាប់​ពី​មាន​ករណី​ពុល​ផ្សិត​លើ​​មនុស្ស​១៧នាក់ នៅខេត្ត​រតនគិរី។ ក្រសួង​ បញ្ជាក់ថា ក្នុងចំណោមផ្សិតរាប់ពាន់ប្រភេទ មានផ្សិតប្រហែល ១០០ប្រភេទ ដែលភាគច្រើនបណ្តាលឱ្យពុលនៅពេលបរិភោគ។ នេះ​បើតាម​​សេចក្តីប្រកាសព័ត៌មាន ចុះ​ថ្ងៃទី​២៣ កក្កដា។
TTN-Free-Banner-In-Article-PC

 
កាលពី​​ថ្ងៃទី២១ ខែកក្កដា មានករណីពុលផ្សិតលើ​មនុស្ស ១៧នាក់ នៅភូមិឡុំ ឃុំប៉ក់ញែ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ ក្រោយ​បរិភោគ​ផ្សិត ជន​រង​គ្រោះ​ទាំង​នោះ មានរោគសញ្ញា ចុកពោះ រាក ក្អួត និង​ត្រូវបានគ្រូពេទ្យនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យជួយសង្គ្រោះទាន់ពេល​វេលា។  
 
ជុំវិញ​ករណី​ពុល​ផ្សិតនេះ ក្រុមឆ្លើយតបបន្ទាន់របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានចុះ​អង្កេតស្រាវជ្រាវ​ករណីពុលនេះ និងធ្វើយុទ្ធនាការអប់រំសុខភាពប្រជាពលរដ្ឋនៅក្នុងភូមិដែលកើតហេតុខាងលើ។ បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល ក្នុងចំណោមផ្សិតរាប់ពាន់ប្រភេទ មានផ្សិតប្រហែល ១០០ប្រភេទ ដែលភាគច្រើនបណ្តាលឱ្យពុលនៅពេលបរិភោគ។  
 
ដើម្បី​ទប់​ស្កាត់​ករណី​ពុលផ្សិត ដែល​អាច​បណ្ដាល​ឱ្យ​បាត់​បង់ជីវិត ក្រសួង​សុខាភិបាល អំពាវនាវដល់ប្រជាពលរដ្ឋ​គ្រប់រូប ត្រូវ​ស្គាល់​ឱ្យ​ច្បាស់​ពី​ប្រភេទ​ផ្សិត មុន​នឹង​យក​មក​ចម្អិត​ជា​ម្ហូប​អាហារ។ លើសពីនេះ ត្រូវ​ចម្អិនផ្សិតដែលមិនពុលឱ្យបានត្រឹមត្រូវ និងឆ្អិនល្អមុនបរិភោគ។  


 អាជ្ញាធរចុះពិនិត្យមើលផ្សិត ដែលពលរដ្ឋដកយកទៅបរិភោគបណ្ដាលឱ្យពុល។ រូបពីមន្ទីរព័ត៌មានរតនគិរី
 
ចំពោះ​រោគសញ្ញានៃការពុលផ្សិតវិញ​ ក្រសួង​សុខាភិបាល អះអាងថា​ អាចកើតក្រោយការ​បរិភោគរយៈពេល ២ ទៅ ៦ម៉ោង ឬច្រើនថ្ងៃ ដូចជា ចុកពោះ រាក ក្អួត បែកញើសរីកប្រស្រីភ្នែក ដង្ហើមញាប់ជាដើម។ទន្ទឹម​នឹងនេះ ការ​បរិភោគ​ផ្សិត​ពុលអាចបណ្ដាល​ឱ្យ​ស្លាប់ក្នុងរយៈពេលណាមួយ ទៅតាមប្រភេទផ្សិតពុលដែលមានកម្រិតជាតិពុលខុសៗគ្នា។ 
 
«ជាតិពុលខ្លះ ប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទ តម្រងនោម ឬថ្លើម ជួនកាលច្រើនថ្ងៃ ឬច្រើនសប្តាហ៍បន្ទាប់ពីបរិភោគ»។ នេះ​បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល ដែល​បន្ត​ជំរុញឱ្យ​អ្នកពុលប្រញាប់ស្វែងរកការជួយសង្គ្រោះបន្ទាន់៕​
 
 

អ្នកសរសេរអត្ថបទ

ញឹក ស្រីល័ក្ខ (Nhek Sreyleak) ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០១៦ ដោយចាប់ការងារជាអ្នកហាត់ការ។ បច្ចុប្បន្ន ស្រីល័ក្ខ ជានិពន្ធនាយិការង ដែលទទួលបន្ទុកផ្នែកព័ត៌មានសង្គម។ ស្រីល័ក្ខ ស្រឡាញ់អាជីពអ្នកសារព័ត៌មានតាំងពីកុមារភាព។ ក្រោយប្រឡូកក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ស្រីល័ក្ខ ទទួលបានរហស្សនាមថា នាងថ្មីៗ ។ ស្រីល័ក្ខ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មាន និងគមនាគមន៍នៅសាកលវិទ្យាល័យកម្ពុជា។ បច្ចុប្បន្ន ស្រីល័ក្ខ កំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច៕

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ញឹក ស្រីល័ក្ខ